កាលពីថ្ងៃពុធ ទី ១៨ ឧសភា ប្រមុខនីតិប្រតិបត្តិសហភាពអឺរ៉ុប បានប្រកាសផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយប្លុក ២៧ ប្រទេសនេះ ក្នុងការបោះបង់ការប្រើប្រាស់ប្រភពថាមពលនាំចូលពីរុស្ស៊ី ដោយស្នើកញ្ចប់ថវិកាចំនួន ៣០០ ពាន់លានអឺរ៉ូ (ប្រមាណ $៣១៥ ពាន់លាន) ដើម្បីវិនិយោគលើគម្រោងជាច្រើនដែលរួមមានមធ្យោបាយប្រើប្រាស់ឥន្ធនៈមានទិន្នផលខ្ពស់ជាងមុន និងបច្ចេកវិទ្យាថាមពលកកើតវិញ។
គំនិតផ្ដួចផ្ដើមវិនិយោគ REPowerEU របស់គណៈកម្មការអឺរ៉ុប មានបំណងដើម្បីពង្រឹងគោលនយោបាយអាកាសធាតុអឺរ៉ុប និងដកហូតប្រាក់ចំណូលរាប់សិបពាន់លានពីរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មចម្បងរបស់សហភាពអឺរ៉ុប។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌែរ ឡេយែន បានប្រាប់ថា៖ «យើងកំពុងយកមហិច្ឆតារបស់យើងទៅកម្រិតមួយទៀត ដើម្បីប្រាកដថា យើងឯករាជ្យពីឥន្ធនៈផូស៊ីលរបស់រុស្ស៊ីឱ្យលឿន តាមដែលអាចធ្វើទៅបាន»។
ដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហាក់ដូចជាគ្មានទីបញ្ចប់ និងភាពរង្គោះរង្គើសន្តិសុខថាមពលនៅទ្វីបអឺរ៉ុប សហភាពអឺរ៉ុបបានប្រញាប់ប្រញាល់តម្រឹមគោលនយោបាយភូមិសាស្ត្រនយោបាយរបស់ខ្លួន ជាមួយគោលនយោបាយអាកាសធាតុ សម្រាប់ទសវត្សរ៍ខាងមុខនេះ។
សហភាពអឺរ៉ុបគ្រោងអនុវត្តការហាមឃាត់ការចូលធ្យូងថ្មពីរុស្ស៊ីនៅខែសីហានេះ ហើយបានប្ដេជ្ញាកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិចំនួន ២/៣ ត្រឹមចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះសំណើហាមឃាត់ការនាំចូលប្រេងរុស្ស៊ី ត្រូវបានរារាំងដោយប្រទេសហុងគ្រី និងប្រទេសគ្មានផ្លូវទឹកដទៃទៀត ដែលព្រួយបារម្ភថា ពួកគេមិនអាចរកប្រភពផ្សេងមកជំនួសបាន។
ក្នុងការព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងនេះឱ្យគាំទ្រ ចំពោះការហាមឃាត់ប្រេងរុស្ស៊ី REPowerEU ក៏រួមមានកញ្ចប់ថវិកា ២ ពាន់លានអឺរ៉ូ សម្រាប់ជួយប្រទេស ដែលរំពឹងយ៉ាងខ្លាំងលើការនាំចូលប្រេងពីរុស្ស៊ី ហើយប្រឈមនឹងការលំបាក ក្នុងការស្វែងរកប្រភពមកជំនួស៕
វីដេអូ៖