
អគ្គលេខាធិការអង្គការណាតូលោក Stoltenberg បង្ហាញឯកសារស្នើសុំដោយឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែត ប្រចាំអង្គការណាតូ កាលពីថ្ងៃទី ១៨ ខែឧសភា។
ដោយគិតពីអទិភាពនៃផលប្រយោជន៍ជាតិផ្ទាល់ខ្លួន មេដឹកនាំនៃប្រទេសចំនួន ២ ត្រូវបានគេមើលឃើញថា ជាឆ្អឹងទទឹងករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ និងសហភាពអឺរ៉ុប ក្នុងការរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី និងប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន។
អ្នកការទូតជាន់ខ្ពស់អឺរ៉ុបម្នាក់ បាននិយាយថា ប្រធានាធិបតីតួកគីលោក រ៉េសិប តៃយីប អេរដូហ្គែន (RecepTayyip Erdogan) កាលពីថ្ងៃពុធ បានរារាំងការបោះឆ្នោតតាមនីតិវិធីរបស់ណាតូចំពោះការឆ្ពោះទៅមុខយ៉ាងឆាប់រហ័សលើការសុំចូលជាសមាជិកសម្ព័ន្ធភាពយោធារបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់។
នាយករដ្ឋមន្រ្តីហុងគ្រី លោក វ៉ីកទ័រ អរបាន (Viktor Orban) ឯនោះវិញ នៅតែបន្តបង្អាក់បង្អួលកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មបិទការនាំចូលប្រេងពីរុស្ស៊ី ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី៦លើក្រុងម៉ូស្គូសម្រាប់ការឈ្លានពានអ៊ុយក្រែន។
ខណៈអង្គការណាតូ និងសហភាពអឺរ៉ុបបង្ហាញពីការរួបរួមគ្នាដ៏គួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងបញ្ជារបស់លោក ពូទីន សកម្មភាពរបស់មេដឹកនាំទាំង២ បង្ហាញពីភាពតានតឹង ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយ ការចរចាសន្តិភាពហាក់មិនដំណើរការទៅមុខ ហើយការដាក់ទណ្ឌកម្មរបស់បស្ចិមលោកក៏រួមចំណែកដល់ការឈឺចាប់ផ្នែកសេដ្ឋកិច្ច ក្នុងប្លុករបស់ខ្លួនឯង មិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ។
លោក អេរដូហ្គែន និងលោក អរបាន អាចជាអ្នកខុសគេ ក្នុងអង្គការរបស់ខ្លួន ប៉ុន្តែអ្នកទាំង ២ អាចប្រើប្រាស់តម្រូវការសម្រាប់ការឯកភាពទាំងនៅណាតូនិងសហភាពអឺរ៉ុប ដើម្បីបង្ហាញការព្រួយបារម្ភផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ដោយការទប់ស្កាត់ការរួមគ្នារបស់អ្នកផ្សេងទៀតទោះបីជាបណ្តោះអាសន្នក្ដី។
កាលពីថ្ងៃពុធ កិច្ចប្រជុំមួយរបស់ឯកអគ្គរដ្ឋទូតណាតូមិនអាចឈានដល់ការឯកភាពគ្នាលើការបោះឆ្នោតលើកដំបូងដើម្បីដំណើរការសំណើសុំចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតបានទេ ដោយសារតែតួកគីនិយាយថា ខ្លួនចង់ឱ្យណាតូដោះស្រាយកង្វល់សន្តិសុខរបស់ខ្លួន។
សំខាន់បំផុតនោះក្រុងអង់ការ៉ាចង់ឱ្យហ្វាំងឡង់ និងជាពិសេសស៊ុយអែត បញ្ចប់ការគាំទ្រក្រុមសកម្មប្រយុទ្ធពលករឃឺដ ឬ PKK ដែលមានវត្តមានក្នុងប្រទេសណ័រឌិកទាំង២ ដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជា «អង្គការភេរវករ» និងលុបចោលបម្រាមមិនឱ្យនាំចេញអាវុធមួយចំនួនទៅតួកគី ដែលប្រទេសទាំង២ដាក់លើតួកគីក្រោយការលុកលុយភាគខាងជើងស៊ីរីឆ្នាំ ២០១៩ដើម្បីប្រឆាំងនឹងអង្គភាពការពារប្រជាជនស៊ីរី (YPG) ដែលជាសាខារបស់ PKK។
ការសម្រេចចិត្តរបស់តួកគីប្រឆាំងការឯកភាពគ្នា ធ្វើឡើងប៉ុន្មានម៉ោងមុនពេលរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់ថូនី ប្ល៊ីងខិន (Antony Blinken) នៅទីក្រុងញូវយ៉ក។
តួកគីចង់ឱ្យបញ្ហាសន្តិសុខរបស់ខ្លួន ត្រូវបានដោះស្រាយមុនពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូនាចុងខែមិថុនាខាងមុខនេះ។ លោក Cavusoglu បាននិយាយកាលពីថ្ងៃចន្ទនាទីក្រុងប៊ែរឡាំងថា៖ «យើងត្រូវតែបញ្ឈប់ជាដាច់ខាតនូវការគាំទ្រដល់អង្គការភេរវករ។ ខ្ញុំនិយាយនេះក្នុងន័យជាសម្ព័ន្ធមិត្ត»។
ក្នុងសុន្ទរកថាទៅកាន់សមាជិកសភារបស់លោកនៅក្នុងសភាកាលពីថ្ងៃពុធ លោកអេរដូហ្គែនរិះគន់យ៉ាងខ្លាំងពីការគាំទ្ររបស់លោកខាងលិចចំពោះក្រុមសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ាមើលឃើញថាជាការគំរាមកំហែងផ្នែកភេរវកម្មលើខ្លួន។
PKK គឺជាក្រុមទ័ពព្រៃឃឺដ ដែលប្រយុទ្ធដើម្បីការបះបោរបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងផ្នែកខ្លះនៃប្រទេសតួកគី។ក្រុមនេះ ត្រូវបានសហរដ្ឋអាមេរិកចាត់ជាអង្គការភេរវករក្នុងឆ្នាំ ១៩៩៧។ របាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ចេញផ្សាយនៅឆ្នាំ ២០២១ និយាយថា ស៊ុយអែត បានផ្ដល់សព្វាវុធដល់ក្រុមនេះ ដែលកំណត់គោលដៅលើកងកម្លាំងសន្តិសុខតួកគីនៅស៊ីរីចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២១ ដោយប្រើប្រាស់អាវុធ AT-4 ដែលផលិតដោយស៊ុយអែតជាង ៤០ គ្រឿង។
លោកអេរដូហ្គែននៅតែខឹងសម្បាក្រុងវ៉ាស៊ីនតោន និងក្រុងស្តុកខុលចំពោះការគាំទ្រកងជីវពលមានសម្ព័ន្ធភាពជាមួយ PKK នៅស៊ីរី ជាកន្លែងដែលក្រុមនេះកំពុងប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម។ រដ្ឋាភិបាលរបស់លោកកាលពីឆ្នាំមុន ស្តីបន្ទោសសហរដ្ឋអាមេរិក និងស៊ុយអែតជុំវិញបញ្ហានេះ។ ហើយតួកគីក៏ទាមទារឱ្យស៊ុយអែត និងហ្វាំងឡង់ ធ្វើបត្យាប័នមនុស្សរាប់សិបនាក់ ដែលជាប់ការសង្ស័យថា ជាសមាជិករបស់ PKK ប៉ុន្តែត្រូវប្រទេសទាំង ២ មិនឆ្លើយតប។
លោកអេរដូហ្គែននិយាយថា បញ្ហាទាំងនេះបណ្តាលឱ្យលោកមិនមាន«គំនិតអំណោយផល» អំពីសមាជិកភាពនៃបណ្តាប្រទេសណ័រឌិក ប៉ុន្តែមិនបាននិយាយថា លោកនឹងបោះឆ្នោតវេតូពាក្យសុំរបស់ប្រទេសទាំង២នោះទេ។ កាលពីថ្ងៃសៅរ៍ លោក Ibrahim Kalin អ្នកនាំពាក្យរបស់លោកអេរដូហ្គែន និយាយថា៖ «យើងមិនបិទទ្វាទេ។ ប៉ុន្តែយើងកំពុងលើកបញ្ហានេះជាបញ្ហាសន្តិសុខជាតិមូលដ្ឋានសម្រាប់តួកគី»។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto កាលពីថ្ងៃចន្ទ បដិសេធការចោទប្រកាន់របស់លោក អេរដូហ្គែន ដែលថាហ្វាំងឡង់ និងស៊ុយអែតជាជម្រកសុវត្ថិភាពរបស់ក្រុម PKK ហើយនេះជាមូលហេតុដែលតួកគីនឹងរារាំងដំណើរការចូលរួមជាមួយណាតូ។
លោក Haavisto និយាយថា៖ «យើងមិនធ្វើការជួញដូរទេ។ ចម្លើយច្បាស់លាស់របស់យើងគឺក្រុម PKK ត្រូវបានហាមឃាត់នៅហ្វាំងឡង់ ចាប់តាំងពីវាស្ថិតនៅក្នុងបញ្ជីអង្គការភេរវកររបស់សហភាពអឺរ៉ុប។ ប្រសិនបើវានៅតែមានភាពមិនច្បាស់លាស់ចំពោះអ្នកណាម្នាក់ យើងអាចសរសេរវាជាអក្សរធំៗ ហើយនិយាយវាក្នុងបរិបទណាមួយបាន»។
ទន្ទឹមនឹងនេះ សន្តិសុខជាតិក៏ជាអំណះអំណាងរបស់មេដឹកនាំហុងគ្រី លោក អរបាន ផងដែរ។ ហុងគ្រីជាប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលរុស្ស៊ី ដោយនាំចូល ៨៥ ភាគរយនៃឧស្ម័នធម្មជាតិ និង ៦៥ ភាគរយនៃប្រេងរបស់ខ្លួនពីរុស្ស៊ី រួមទាំងការប្រើប្រាស់បច្ចេកវិទ្យារុស្ស៊ីសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរជាដើម។
ទោះបីហុងគ្រីចូលរួមក្នុងការអនុម័តកញ្ចប់ទណ្ឌកម្មពីមុនទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មលើធ្យូងថ្មរុស្ស៊ីក្ដីលោកអរបាន ប្រកាសថាទណ្ឌកម្មបិទការនាំចូលប្រេងស្មើនឹងការទម្លាក់ «គ្រាប់បែកបរមាណូ» លើសេដ្ឋកិច្ចហុងគ្រី។
មិនខុសពីលោក អេរដូហ្គែន នៅអង្គការណាតូ លោក អរបាន គឺជាអ្នកកាន់អំណាចតែមួយគត់ ក្នុងករណីរបស់លោកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរាប់សប្ដាហ៍របស់សហភាពអឺរ៉ុប ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មបន្តិចម្តងៗលើប្រេងរុស្ស៊ី។ បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងមន្រ្តីសហភាពនិងអ្នកការទូតមកពីប្រទេសសមាជិកទាំង២៧សំណើមួយត្រូវបានដាក់នៅលើតុដោយបញ្ចូលមុខងារផ្សេងៗគ្នាកាលពីដើមខែឧសភា។
ហុងគ្រី ហាក់បីដូចជាកំពុងផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន។ សំណើដំបូងផ្តល់ការពន្យាពេលដល់ហុងគ្រី និងស្លូវ៉ាគីដើម្បីឱ្យប្រទេសទាំង២ស្វែងរកអ្នកផ្គត់ផ្គង់ជំនួសរុស្ស៊ី។ ខណៈដែលសមាជិកប្លុកចំនួន ២៥មានពេលរហូតដល់ដំណាច់ឆ្នាំក្នុងការនាំចូលប្រេងពីរុស្ស៊ី ប្រទេសហុងគ្រី និងស្លូវ៉ាគីឯណណោះវិញ នឹងមានរហូតដល់ដំណាច់ឆ្នាំ ២០២៣។
ប៉ុន្តែទោះបីយ៉ាងនេះក្ដី ហុងគ្រីទាមទារសុំពេលឱ្យច្រើនជាងនេះ។ កំណែទម្រង់នៃកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុត នឹងផ្តល់ឱ្យហុងគ្រីរហូតដល់ចុងឆ្នាំ ២០២៤ ប៉ុន្តែលោកអរបាន ទទូចថា ហុងគ្រីនឹងត្រូវការប្រាក់រាប់ពាន់លានពីប្លុកនេះ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បាននិយាយថា ដើម្បីប្រើប្រាស់ប្រេងផ្សេងៗគ្នា និងធ្វើទំនើបកម្មប្រព័ន្ធថាមពលរបស់ប្រទេសហុងគ្រី នឹងត្រូវចំណាយប្រាក់ចន្លោះពី ១៥ ទៅ ១៨ប៊ីលានអឺរ៉ូ ហើយត្រូវចំណាយពេល ៥ ឆ្នាំ។
ក្រុមអ្នកការទូតនិយាយថា ពួកគេរំពឹងថាលោកអរបាននឹងព្រមព្រៀងលើទណ្ឌកម្មប្រេងរុស្ស៊ីនៅទីបំផុត ដោយទទួលបានការធានាទាំងរយៈពេលវែង និងមូលនិធិបន្ថែមសម្រាប់ហុងគ្រី ប៉ុន្តែថាមេដឹកនាំរូបនេះអាចអូសកិច្ចពិភាក្សាឱ្យកាន់តែយូរ ប្រហែលជារហូតដល់ចុងខែពេលក្រុមមេដឹកនាំដល់កំណត់ជួបផ្ទាល់នៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីអ៊ុយក្រែន។
ក្រុមមន្ត្រីអង្គការណាតូ បានសម្តែងការជឿជាក់ដូចគ្នាចំពោះលោក អេរដូហ្គែនថាលោកនឹងយល់ព្រមគាំទ្រស៊ុយអែត និងហ្វាំងឡង់ក្នុងការចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងសម្បទានមួយចំនួនដែលនឹងជួយលោកខាងនយោបាយក្នុងស្រុកខណៈសេដ្ឋកិច្ចតួកគីស្ថិតក្នុងវិបត្តិហើយការបោះឆ្នោតថ្មីនៅសល់តែមួយឆ្នាំទៀត។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និយាយកាលពីថ្ងៃអាទិត្យថា៖ «តួកគីបញ្ជាក់យ៉ាងច្បាស់ថា ចេតនារបស់ខ្លួនគឺមិនមែនដើម្បីរារាំងសមាជិកភាពទេ។ ដូច្នេះ ខ្ញុំមានទំនុកចិត្តថា យើងនឹងអាចដោះស្រាយកង្វល់ដែលតួកគីបង្ហាញក្នុងរបៀបមួយដែលមិនពន្យារពេលដំណើរការចូលជាសមាជិក [របស់ស៊ុយអែត និងហ្វាំងឡង់] នេះ»។
ដើម្បីឱ្យប្រទេសមួយក្លាយជាសមាជិកនៃអង្គការណាតូ សមាជិកបច្ចុប្បន្នទាំង ៣០ ត្រូវតែផ្តល់ការយល់ព្រមរបស់ខ្លួនទាំងអស់គ្នា៕
ហួន ឌីណា
វីដេអូ៖