ពេល​ការ​ឈ្លានពាន​របស់​​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ សម្ដេច​អយ្យកោគីរីល​ទី១​ (Kirill I) នៃ​​សាសនា​​គ្រិស្ត​និកាយ​អូស្សូ-ដក់​​រុស្ស៊ី​ មាន​ការ​ជួប​ប្រជុំ​តានតឹង​មួយ​ជាមួយ​សម្ដេច​ ប៉ាប​ ហ្វ្រង់ស៊ីស​ នៃ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​តាមរយៈ​ Zoom​។

កាល​ពី​ពេល​មុនៗ​ មេដឹកនាំ​សាសនា​​ទាំង​ ២ រូប​នេះ ​បាន​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​ និង​សម្របសម្រួល​​ការ​បែកបាក់​រយៈពេល​ជាង​ ១ ០០០ ​ឆ្នាំ​ រវាង​សាសនា​គ្រិស្ត​លោក​ខាង​លិច និង​លោក​ខាង​កើត​។ ប៉ុន្តែ​ការ​ប្រជុំ​កាល​ពី​ខែ​មីនា បាន​ឃើញ​ពួក​គេ​ស្ថិត​លើ​ប៉ូល​ប្រឆាំង​គ្នា​។ សម្ដេច​គីរីល​បាន​ចំណាយ​ពេល​ ២០ នាទី អាន​ការ​ថ្លែង​សុន្ទរកថា​មួយ ដែល​គាំទ្រ​ហេតុផល ដើម្បី​ចាប់​ផ្ដើម​សង្គ្រាម​របស់​លោក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន​ ដែល​រួមមាន​ការ​អះអាង​ថា សង្គ្រាម​នេះ គឺ​ចាំបាច់​ដើម្បី​បោស​សម្អាត​ក្រុម​ណាស៊ី និង​ប្រឆាំង​ការ​ពង្រីក​របស់​អង្គការ​ណាតូ​។

សម្ដេច​ ហ្វ្រង់ស៊ីស​ ​មាន​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​ការ​លើក​ឡើង​បែប​នេះ​ ហើយ​បាន​ប្រាប់​សម្ដេច​គីរីល​ថា​៖ «យើង​មិនមែន​ជា​បព្វជិត​របស់​រដ្ឋ​ទេ»​ ហើយ​បន្ត​ទៀត​ថា​៖ «សម្ដេច​អយ្យកោ​មិន​អាច​ប្រែ​ខ្លួន​ទៅ​ជា​ជំនួយ​ការ​របស់​លោក ពូទីន ​បាន​ទេ​»។

សម្ដេច​គីរីល ដែល​ជា​មេដឹកនាំ​នៃ​សាសនិក​ប្រមាណ​ជិត​ ១០០ ​លាន​​នាក់​ បាន​ដាក់​ជោគ​វាសនា​​​នៃ​និកាយ​អូស្សូដក់​របស់​លោក​ទៅ​លើ​សម័្ពន្ធភាព​ដ៏​ជិតស្និទ្ធ​ និង​មាន​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​លោក​ ពូទីន​ ដោយ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សាសនា​ទៅ​ឱ្យ​សកម្មភាព​របស់​លោក ​ពូទីន​ ហើយ​ជា​ថ្នូរ​មក​វិញ​ និកាយ​ និង​លោក​គីរីល​ផ្ទាល់​ខ្លួន​ទទួល​ធនធាន​ជា​ច្រើន​ពី​វិមាន​ក្រឹមឡាំង ដែល​​អនុញ្ញាត​​ឱ្យ​ពួក​គេ​ពង្រីក​ឥទ្ធិពល​​លើ​និកាយ​អូស្សូដក់​អឺរ៉ុប​ខាង​កើត​ និង​ពិភព​លោក​។

សម្រាប់​ក្រុម​អ្នក​រិះគន់​ដល់​សម្ព័ន្ធភាព​នេះ​ បាន​ឱ្យ​សម្ដេច​​គីរីល ធំ​ជាង​ និង​សំខាន់​ជាង​សម្ព័ន្ធមិត្ត​នយោបាយ​ដទៃ​ទៀត​របស់​លោក​ ពូទីន ហើយ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​មនោគមវិជ្ជា​ជាតិ​និយម​ដែល​នៅ​ចំ​កណ្ដាល​នៃ​រចនាប័ទ្ម​របស់​វិមាន​ក្រឹមឡាំង​។

សម្ដេច​គីរីល​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​កាន់​អំណាច​ដ៏​យូរ​អង្វែង​របស់​លោក​ ពូទីន ​គឺ​ជា​ «អព្ភូតហេតុ​របស់​ព្រះ» ហើយ​បាន​និយាយ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​ គឺ​ជា​ការ​ទប់ទល់​នឹង​ការ​សម​គំនិត​ជ្រុល​និយម​ដើម្បី​បញ្ជូន​ «ក្បូន​ខ្ទើយ»​ ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​។

តួនាទី​របស់​សម្ដេច​គីរីល​ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​ដល់​កម្រិត​ដែល​សហភាព​អឺរ៉ុប ​កំពុង​គិតគូរ​ថ្លឹងថ្លែង​ដាក់​លោក​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​។ ការ​ដាក់​ទណ្ឌកម្ម​​នេះ ​គឺ​ជា​វិធានការ​​មិន​ធម្មតា​ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​ធ្វើ​ឡើង​ប្រឆាំង​នឹង​មេដឹកនាំ​និកាយ​សាសនា​ដ៏​ធំ​បែប​នេះ​។

ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ ទំនង​ជា​ត្រូវ​​គេ​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ថា ​គ្រាន់​តែ​ជា​ភ័ស្តុតាង​បន្ថែម​ទៀត​នៃ​សកម្មភាព​អរិភាព​​ពី​ពួក​ឥត​សាសនា​​នៅ​លោក​ខាង​លិច ប៉ុន្តែ​ក៏​មាន​លទ្ធភាព​ផ្លាស់​ប្ដូរ​តុល្យភាព​ក្នុង​និកាយ​អូស្សូដក់​។

ការ​បែកបាក់​សាសនា​គ្រិស្ត​ក្នុង​ឆ្នាំ​ ១០៥៤ គឺ​ជា​ការ​បែកបាក់​បង្ក​ដោយ​ការ​ប្រជែង​ឥទ្ធិពល​រវាង​និកាយ​កាតូលិក​ក្រោម​សម្ដេច​ក្រុង​រ៉ូម​នៅ​លោក​ខាង​លិច​ និង​និកាយ​អូស្សូដក់​ក្រោម​សម្ដេច​ក្រុង​កុងស្តាន-ទីនូប៉ូល (បច្ចុប្បន្ន​ក្រុង​អ៊ីស្ដង់ប៊ុល​ ប្រទេស​តួកគី)​ នៅ​លោក​ខាង​កើត​។ ចាប់​តាំង​ពី​ពេល​នោះ ​សម្ដេច​ក្រុង​កុងស្តាន-​ទីនូប៉ូល​ បាន​រក្សា​តំណែង​ទី១ ក្នុង​ចំណោម​សម្ដេច​ស្មើ​គ្នា​នៃ​និកាយ​អូស្សូដក់ ប៉ុន្តែ​សម្ដេច​ក្រុង​ផ្សេង​ទៀត​ បាន​ដណ្ដើម​យក​ឥទ្ធិពល​ដែល​រួមមាន​សម្ដេច​ក្រុង​ម៉ូស្គូ​ផង​ដែរ​។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ឆ្នាំ​ ២០១៤ បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន​​បំបែក​ខ្លួន​ពី​និកាយ​អូស្សូដក់​រុស្ស៊ី​ ដើម្បី​បង្កើត​និកាយ​ខ្លួន​ឯង បន្ទាប់​ពី​ការ​នៅ​ជាមួយ​គ្នា​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​។ សម្ដេច​ក្រុង​ កុង​ស្តាន​ទីនូប៉ូល​បាថូឡូម្យូទី​១​ បាន​ប្រកាស​ទទួល​ស្គាល់​ការ​ផ្ដាច់​ខ្លួន​នេះ​ ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ជាមួយ​សម្ដេច​គីរីល​។

សម្រាប់​ការ​ឈ្លានពាន​ក្នុង​ឆ្នាំ​ ២០២២ រុស្ស៊ី​ក៏​បាន​ប្រើ​លេស​ថា ពួក​គេ​មាន​បំណង​ការពារ​សាសនិក​អ៊ុយក្រែន​ ដែល​នៅ​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយ​និកាយ​​រុស្ស៊ី​ក្រោម​សម្ដេច​គីរីល​។ សាសនិក​​និកាយ​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​សម្ដេច​គីរីល​ថា​ បាន​រំលោភ​ច្បាប់​សាសនា​ ដោយ​បង្កើត​សម្ព័ន្ធភាព​បែប​នេះ​ជាមួយ​លោក​ ពូទីន​។

ភាព​តានតឹង និង​បែកបាក់​ផ្ទៃ​ក្នុង​ជាមួយ​ការ​ត្រៀម​ដាក់​ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប​ ធ្វើ​ឱ្យ​ការ​ផ្សះផ្សា​ រវាង​គ្រិស្ត​សាសនា​លោក​ខាង​លិច និង​ខាង​កើត​ ទំនង​មិន​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ទេ​៕