ការ​គ្រប់គ្រង​អភិរក្ស​និយម​រយៈពេល​ ៩​ ឆ្នាំ​ នៅ​ប្រទេស​អូស្ត្រាលី​ ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ២១ ខែ​ឧសភា​ ខណៈ​ពេល​ដែល​គណបក្ស​ការងារ​របស់​លោក​ អាន់តូនី អាល់បានី យក​ឈ្នះ​លើ​សម្ព័ន្ធភាព​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ស្កុត ម៉ូរីសុន​ ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​។

លោក​ ម៉ូរីសុន​ បាន​ប្រកាស​សុំ​ចុះចាញ់​ ខណៈ​​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ធ្វើ​ការ​ព្យាករ​ថា​ គណបក្ស​ការងារ​នឹង​ទទួល​អាសនៈ​សភា​ចំនួន​ ៧២ ហើយ​សម្ព័ន្ធភាព​កាន់​អំណាច​ទទួល​បាន​ត្រឹម​តែ​ ចំនួន ៥៤ អាសនៈ​ប៉ុណ្ណោះ​។ គណបក្ស​ដទៃ​ទទួល​បាន​ ១១ អាសនៈ​ ខណៈ​ពេល​ដែល​នៅ​សល់ ១៤ អាសនៈ ​​គេ​មិន​ទាន់​ដឹង​ថា ​នរណា​នឹង​ឈ្នះ​។ ការ​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បាន​ផ្អាក​នៅ​យប់​ថ្ងៃ​សៅរ៍ ហើយ​នឹង​បន្ត​នៅ​ថ្ងៃ​អាទិត្យ​។

គេ​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា គណបក្ស​ការងារ​នឹង​ទទួល​សំឡេង​ភាគ​ច្រើន​ ៧៦ អាសនៈ​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​លោក​ អាល់បានី​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថ្មី​។ ក្នុង​ការ​ប្រកាស​ចុះចាញ់​ លោក​ ម៉ូរីសុន​ បាន​ធ្វើ​ការ​ការពារ​គោលនយោបាយ​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​រយៈពេល​ ៤ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​លោក​ក៏​បាន​អបអរ​សាទរ​គូប្រជែង​របស់​លោក​ផង​ដែរ​។

ការ​គាំទ្រ​ចំពោះ​សម្ព័ន្ធភាព​កាន់​អំណាច​របស់​លោក​ ម៉ូរីសុន​ បាន​សឹក​រេចរឹល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​ការ​កើត​ឡើង​វិបត្តិ​ជាតិ​ធំៗ​ធ្វើ​ឱ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក​។ ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ ១៩ រដ្ឋាភិបាល​របស់​លោក​បាន​រង​ការ​រិះគន់​អំពី​កង្វះ​នៃ​វ៉ាក់សាំង​។​ ហើយ​ខណៈ​ពេល​ដែល​ប្រទេស​លោក​​ប្រឈម​នឹង​អគ្គិភ័យ​ព្រៃឈើ​យ៉ាង​ខ្លាំង​ លោក​បែរ​ជា​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​​កោះ​ហាវ៉ៃ​៕