ក្រុមហ៊ុន​ថាមពល​រដ្ឋ​រុស្ស៊ី​ Gazprom ​​បញ្ឈប់​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ (ហ្គាស) ទៅ​កាន់​ប្រទេស​ជិត​ខាង​​ហ្វាំងឡង់​ ជុំ​វិញ​ការ​មិន​ត្រូវ​គ្នា​លើ​ការ​ទូ​ទាត់ប្រាក់​ ដែល​​​ជា​ភាព​តាន​តឹង​ចុង​ក្រោយ រវាង​ក្រុង​ម៉ូស្គូ​ និង​បស្ចិម​លោក​ចំពោះ​បញ្ហា​ថាមពល​ ចំ​ពេល​ដែល​ហ្វាំងឡង់​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណាតូ​។​

ក្រុមហ៊ុន​ថាមពល​​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​​ហ្វាំងឡង់​ Gasum​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ពួក​គេ​នឹង​បាត់​បង់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ បន្ទាប់​ពី​ប្រទេស​នេះ​​បដិសេធ​មិន​បង់​ប្រាក់​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ Gazprom សម្រាប់​ការ​ទូទាត់​លើ​ថាមពល​គិត​ជា​ប្រាក់​រូប្លិ៍​។​

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ហ៊ុន​និយាយ​ថា​ ការ​កាត់​ផ្ដាច់​របស់​រុស្ស៊ី​ នឹង​មិន​​​ប៉ះ​ពាល់​ដល់​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ទេ​ ហើយ​អតិថិជន​នៅ​តែ​អាច​ទទួល​បាន​ឧស្ម័ន​ធម្មជាតិ​តាម​រយៈ​ប្រភព​ផ្សេង​ទៀត​។​ ក្រុម​ហ៊ុន​និយាយ​ថា​៖​ «​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ​​ក្រុម​ហ៊ុន​ Gasum ​នឹង​ផ្គត់​ផ្គង់​ឧស្ម័នធម្មជាតិ​ដល់​អតិថិជន​របស់​ខ្លួន​ពី​ប្រភព​ផ្សេង​ទៀត​តាម​រយៈ​បំពង់ ​Balticconnector​។​ ស្ថានីយ៍​បំ​ពេញ​ឧស្ម័ន​របស់​ Gasum​ នៅ​ក្នុង​តំបន់​បណ្តាញ​ឧស្ម័ន​នឹង​បន្ត​ដំណើរ​ការ​ធម្មតា​»​។

ក្រុម​ហ៊ុន​រដ្ឋ​ខាង​ប្រតិបត្តិការ​បញ្ជូន​ហ្គាស​ Gasgrid Finland​ ក៏​បាន​បញ្ជាក់​ពី​ការ​កាត់​ផ្ដាច់​ផង​ដែរ​ ខណៈ​ក្រុម​ហ៊ុន​ Gasum ​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ក្រុម​ហ៊ុន​រុស្ស៊ី​ Gazprom ​បាន​ព្រមាន​ថា ​លំហូ​ផ្គត់​ផ្គង់​ឧស្ម័ន​នឹង​ផ្អាក ​​នៅ​ថ្ងៃ​សៅរ៍​ ដោយសារ​​ការ​មិន​ទូទាត់​​​ជា​ប្រាក់​រូប្លិ៍​។​

ឧស្ម័ន​ធម្មជាតិ​របស់​ហ្វាំងឡង់​ភាគ​ច្រើន​នាំ​ចូល​ពី​រុស្ស៊ី​ ប៉ុន្តែ​ថាមពល​ប្រភេទ​នេះ​ ប្រើប្រាស់​តែ​​ប្រមាណ​ជាង​ ៥​ភាគ​រយ​នៃ​តម្រូវការ​ថាម​ពល​​​ក្នុង​ស្រុក​​ប៉ុណ្ណោះ​។​

បន្ទាប់​ពី​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​​​នៅ​ចុង​ខែ​កុម្ភៈ​​ ទីក្រុង​ម៉ូស្គូ​​ស្នើ​សុំ​អតិថិជន​មក​ពី ​«​បណ្តា​ប្រទេស​អមិត្ត​»​ ឱ្យ​ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​លើ​ឧស្ម័ន​ធម្មជាតិ​ជា​ប្រាក់​រូប្លិ៍​ ដើម្បី​សង​សឹក​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​ទាំង​អ​ស់​នោះ​។​ ​ទោះ​បី​ជា​កិ​ច្ច​សន្យា​ផ្គត់​ផ្គង់នៅ​អឺរ៉ុប​ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​អឺរ៉ូ​ ឬ​ដុល្លារ​ក្ដី​ មក​ទល់​ពេល​នេះ​​​ក្រុង​ម៉ូស្គូ​​បាន​បញ្ឈប់​ការ​លក់​ឧស្ម័ន​ធម្មជាតិ​ទៅ​ឱ្យប៊ុលហ្គារី​ និង​ប៉ូឡូញ​​ ដោយ​សារ​ប្រទេស​ទាំង​ ២ ​បដិសេធ​មិន​ធ្វើ​តាម​​ការ​ទាមទារ​របស់​ខ្លួន​។​

ការ​បឈ្ឈប់​លំហូរ​ឧស្ម័ន​ធម្មជាតិ​ទៅ​ហ្វាំងឡង់​របស់​​រុស្ស៊ី​ ​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុង​ម៉ូស្គូ​​ផ្តាច់​ការ​នាំ​ចេញ​អគ្គិសនី​ទៅ​​ប្រទេស​ដដែល​នេះ ​កាល​ពី​ដើម​ខែ ​​​ប៉ុន្តែ​ហ្វាំងឡង់​ថា​ ខ្លួន​នឹង​បង្កើន​ការ​ទាញ​យក​អគ្គិសនី​បន្ថែម​ ហើយ​មាន​ស៊ុយអែត​ជា​អ្នក​ជួយ​ផ្គត់​ផ្គង់​​ជំនួស​។​

ការ​វិវត្តន៍​ចុង​ក្រោយ​ កើត​ឡើង​ចំ​ពេលដែល​ទំនាក់​ទំនង​ការ​ទូត ​រវាង​ក្រុង​ម៉ូស្គូ​មានភាព​​តាន​តឹង​ ជុំ​វិញ​ការ​ស្វែង​រក​សមាជិក​ភាព​ណាតូ​របស់​ហ្វាំងឡង់​ និង​ស៊ុយអែត​ ដោយ​មាន​ការ​គាំទ្រ​ជា​សាធារណៈ​ឱ្យ​ចូល​ជា​សម្ព័ន្ធភាព​កាន់​តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។​ ក្រុង​ម៉ូស្គូ​ព្រមាន​ហ្វាំងឡង់​ថា​ ទង្វើ​បែប​នេះ​​​​នឹង​ក្លាយ​ជា ​«​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ជាមួយ​នឹង​ផលវិបាក​វែង​ឆ្ងាយ​»៕

ហួន​ ឌីណា

វីដេអូ៖