កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២១ ឧសភា ​ប្រធានាធិបតី​តួកគី​លោក ​រេស៊ីប តៃយ៉ីប អេដូហ្គេន​ បាន​ធ្វើ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ​ដើម្បី​ពិភាក្សា​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​តួកគី​ បន្ទាប់​ពី​ពួកគេ​ប្រកាស​ជំទាស់​នឹង​សំណើ​សមាជិកភាព​អង្គការ​ណាតូ​របស់​ប្រទេស​ទាំង​ ២​។

តួកគី​បាន​ចោទប្រកាន់​ស៊ុយអែត និង​ហ្វាំងឡង់​ថា បាន​អនុញ្ញាត​សិទ្ធ​ជ្រកកោន​ទៅ​ឱ្យ​មនុស្ស​ពាក់ព័ន្ធ​នឹង​ក្រុម​ឧទ្ទាម​ PKK និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​លោក​ហ្វេធូឡា ហ្គីលេន ដែល​តួកគី​បាន​ចោទ​ប្រកាន់​ថា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ​កាល​ពី​ឆ្នាំ​ ២០១៦​។ សមាជិក​ថ្មី​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​សមាជិក​បច្ចុប្បន្ន​ទាំង​ ៣០ របស់​អង្គការ​ណាតូ​។

បើ​តាម​ខុទ្ទកាល័យ​ប្រធានាធិបតី​តួកគី លោក​ អេដូហ្គេន​ បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ស៊ុយអែត ​លោក​ស្រី​ម៉ាដាលេណា អង់ឌឺសុន​ថា​ ក្រុង​អង់ការ៉ា​រំពឹង​ថា នឹង​មាន​វិធានការ​ជាក់​ស្ដែង ​ដើម្បី​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​។ លោក​ក៏​បាន​និយាយ​ថា​ ស៊ុយអែត​គួរ​តែ​ដក​ការ​ហាម​ឃាត់​មិន​ឱ្យ​នាំចេញ​អាវុធ​ទៅ​កាន់​តួកគី​ ដែល​ត្រូវ​បាន​អនុវត្ត បន្ទាប់​ពី​កងយោធា​តួកគី ​ធ្វើ​ការ​វាយ​លុក​ចូល​ប្រទេស​ស៊ីរី​ កាល​ពី​ឆ្នាំ​ ២០១៩​។

រីឯ​លោកស្រី​ អង់ឌីសុន បាន​ប្រាប់ថា​៖ «ស៊ុយអែត​ស្វាគមន៍​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​អន្តរជាតិ ហើយ​សង្កត់​ធ្ងន់​ថា ​ស៊ុយអែត​គាំទ្រ​យ៉ាង​ច្បាស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​ការ​ចុះ​បញ្ជី​ក្រុម​ភេរវករ​នៃ​ក្រុម​ PKK​»​។

ក្នុង​ការ​សន្ទនា​ទូរស័ព្ទ​មួយ​ទៀត​ លោក​ អេដូហ្គេន​ បាន​ប្រាប់​ប្រធានាធិបតី​ហ្វាំងឡង់​លោក ​សាលី នីនិស្តូ​ថា​ ការ​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ក្រុម​ភេរវកម្ម​ ដែល​បង្ក​ការ​គំរាម​កំហែង​ផ្ទាល់​ដល់​សមាជិក​ដទៃ​នៃ​អង្គការ​ណាតូ​ គឺ​មិន​ស្រប​តាម​ស្មារតី​នៃ​សម្ព័នភាព​យោធា​នេះ​ទេ​។

លោក​ នីនិស្តូ​ បាន​និយាយ​ថា​ លោក​បាន​ធ្វើ​ការ​ពិភាក្សា​ «បើក​ចំហ​ និង​ដោយ​ផ្ទាល់​» ជាមួយ​លោក​អេរដូហ្គេន ហើយ​បាន​យល់​ព្រម​បន្ត​ការ​សន្ទនា​យ៉ាង​ជិត​ស្និត​៕

វីដេអូ៖