ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​​រាយការណ៍​ថា​ សមាជិក​ជាន់​ខ្ពស់​​​នៃ​​ឆ្មាំ​បដិវត្តន៍​ដ៏​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ លោក​វរសេនីយ៍ឯក​ Hassan Sayyad Khodaei ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​លោក ​ក្នុង​ក្រុង​តេអេរ៉ង់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ ២ ​នាក់​​​។​

ទោះ​បី​ជា​​ឆ្មាំ​អ៊ីរ៉ង់​​ផ្តល់​ព័ត៌មាន​លម្អិត​តិចតួច​អំពី​ការ​ធ្វើ​ឃាត​ដ៏​កម្រ ​នៅ​កណ្ដាល​រដ្ឋ​ធានី​នៃ​ប្រទេស​របស់​ខ្លួន​ក្ដី​ ​ក្រុម​នេះ​បាន​បន្ទោស​ការ​សម្លាប់​ទៅ​លើ «​ភាព​ក្រអឺត​ក្រទម​ជា​សកល​»​ ដែល​ជា​ទូទៅ​ជា​កូដ សម្រាប់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​។

មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ក្រុម​ណា​មួយ ចេញ​មុខ​ទទួល​​ខុស​ត្រូវ​នៅ​ឡើយ​ទេ​ ហើយ​ការ​សម្លាប់​នេះ គឺ​ជា​ការ​រំលោភ​បំពាន​សន្តិសុខ​ដ៏​ធំ​បំផុត​នៅ​​អ៊ីរ៉ង់​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ ​នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ឈាន​មុខ​គេ​​ម្នាក់​ ត្រូវ​បាន​ធ្វើ​ឃាត​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​នោះ​។

ជុំវិញ​ការ​ធ្វើ​ឃាត​លើ​លោក​ Khodaei ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ឱ្យ​ដឹង​ថា ឃាតករ​បាន​បាញ់​​ចំនួន​ ៥ គ្រាប់​លើ​ជន​រងគ្រោះ ​ដែល​កំពុង​ជិះ​ក្នុង​រថយន្ត​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​គាត់​ទៅ​កាន់​សភា​អ៊ីរ៉ង់។

របាយការណ៍​​កំណត់​អត្តសញ្ញាណ​លោក​ Khodaei ​គ្រាន់​តែ​ប្រាប់​ថា​ លោក​ជា​ «​អ្នក​ការពារ​ទីសក្ការៈ​»​ ដែល​អ៊ីរ៉ង់​សំដៅ​លើ​​ទីប្រឹក្សា ​និង​​បុគ្គលិក​​យោធា​ក្នុង​កង​កម្លាំង​ Quds ​ដែល​ជា​ផ្នែក​ ១ ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ ចំពោះ​ការ​​​ប្រយុទ្ធ​​​ដើម្បី​​ការពារ​​ទីតាំង​​របស់​និកាយ​​ស៊ីអ៊ីត​នៅ​​អ៊ីរ៉ាក់ ​និង​​ស៊ីរី ​​​ពី​ក្រុម​ភេរវករ​ដូច​ជា​​រដ្ឋ​អ៊ិស្លាម​។

ព័ត៌មាន​តិច​តួច​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​លោក​ Khodaei​ ដោយសារ​តែ​ក្រុម​មន្រ្តី​ Quds ​ទំនង​ជា​មាន​​ស្រមោល​ ដែល​កំពុង​បំពេញ​បេសកកម្ម​យោធា​សម្ងាត់​​គាំទ្រ​ក្រុម​ Hezbollah ​ក្រុម​សកម្ម​ប្រយុទ្ធ​លីបង់​ និង​កង​ជីវពល​ផ្សេង​ទៀត​នៅ​​ស៊ីរី​ អ៊ីរ៉ាក់​ និង​កន្លែង​ផ្សេង​ទៀត​។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ AP ​​ល្បឿន​នៃ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋ​អាជ្ញា​ក្រុង​តេអេរ៉ង់​ ចំពោះ​ឃាតកម្ម​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​របស់​លោក​ Khodaei ​​ក្នុង​រចនា​សម្ព័ន្ធ​​សំខាន់​នៃ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​របស់​ឆ្មាំ​បដិវត្តន៍​។​

ទូរទស្សន៍​រដ្ឋ​​រាយការណ៍​ថា​ កងកម្លាំង​សន្តិសុខ​កំពុង​តាម​ចាប់​ជន​ដៃ​ដល់​ ដោយ​មិន​​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ ឬ​បញ្ជាក់​ពី​ហេតុផល​សម្រាប់​ការ​សម្លាប់​នោះ​ទេ​។​ លើស​ពី​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​ កង​កម្លាំង​សន្តិសុខ​របស់​ឆ្មាំ​បដិវត្តន៍​បាន​រក​ឃើញ​ និង​ចាប់​ខ្លួន​សមាជិក​នៃ​បណ្តាញ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​​ ដោយ​មិន​​បញ្ជាក់​លម្អិត​ថា ​តើ​ពួក​គេ​មាន​ការ​ពាក់ព័ន្ធ​អ្វី​ទៅ​​នឹង​ការ​សម្លាប់​របស់​លោក​ Khodaei ​នោះ​ទេ​។​

ប្រតិបត្តិការ​ក្រៅ​ស្រុក​នៃ​កងកម្លាំង​ Quds ​របស់​អ៊ីរ៉ង់​ ត្រូវ​បាន​អាមេរិក​ចោទ​ថា​ គាំទ្រ​អង្គការ​ភេរវករ​ផ្សេងៗ​ ហើយ​រង​ការ​វាយ​ប្រហារ​​ជារឿយ​ៗ​ពី​អ៊ីស្រាអែល​​។​ ​ការ​វាយ​ប្រហារ​​​នៅ​ជិត​រដ្ឋធានី​ដាម៉ាស​របស់​ស៊ីរី ​បាន​សម្លាប់​សមាជិក​ឆ្មាំ​បដិវត្តន៍​ ២ ​នាក់ ​កាល​ពី​ខែ​មីនា​ ដែល​ជំរុញ​ឱ្យ​អ៊ីរ៉ង់​សងសឹក​វិញ​ ដោយការ​បាញ់​​មីស៊ីល​ទៅ​ជិត​ស្ថាន​កុងស៊ុល​អាមេរិក​ដ៏​ធំ​​នៅ​ភាគ​ខាង​ជើង​​អ៊ីរ៉ាក់៕

ហួន ឌីណា