ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​លើក​ដំបូង​​​ទៅ​​កូរ៉េ​ខាង​ត្បូង ​ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក​ លោក​​ ចូ បៃដិន ​បាន​ស្ដារ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​របស់​អាមេរិក​ចំពោះ​ឧបទ្វីប​កូរ៉េ​ ទៅ​ជា​វិធីសាស្រ្ត​​​តឹងរ៉ឹង​ ដែល​ធ្លាប់​មាន​មុន​​អ្នក​កាន់​តំណែង​មុន​របស់​លោក​បន្ទន់​ខ្លួន ​ជាមួយ​​មេដឹកនាំ​ផ្ដាច់ការ​ក្រុង​ព្យុងយ៉ាង​។​

វិធីសាស្រ្ត​តឹងរ៉ឹង​នោះ ​មាន​ន័យ​ថា​ ​ការ​រារាំង​មាន​កាន់​តែ​ច្រើន​ កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ និង​ការ​មិន​ច្បាស់លាស់​មាន​កាន់​តែ​ខ្លាំង​ ពី​ក្រុង​ព្យុងយ៉ាង​ តែ​វា​ក៏​​​ប្រហែល​ជា​មិន​មាន​ន័យ​ថា ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត ​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​​នោះ​ទេ​។

លោក​ បៃដិន​ កំពុង​ស្វែងរក​ការ​បន្ធូ​របន្ថយ​ភាព​ជាប់​គាំង​ ដោយ​​ចាត់​វិធានការ ​ដើម្បី​រក្សា​​កូរ៉េ​ខាង​ជើង​ឱ្យ​នៅ​ស្ងៀម​ និង​ទប់ស្កាត់​កំណើន​នៃ​ភាព​តានតឹង​​​​ដ៏​គ្រោះ​ថ្នាក់​។​ ទស្សនកិច្ច​របស់​លោក​ទៅ​​ក្រុង​សេអ៊ូល​​ ​និង​​ក្រុង​តូក្យូ​បន្ត​បន្ទាប់​គ្នា​​ ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​ជំរុញ​សម្ព័ន្ធ​មិត្ត​ថា ​អាមេរិក​នឹង​មិន​​បោះបង់​ពួក​គេ​ចោល​ដូច​អាណត្តិ​លោក​ ត្រាំ ឡើយ ​ខណៈ​ដែល​ឥទ្ធិពល​នៃ​មហា​អំណាច​​ចិន​រុល​ទៅ​មុខ​ ហើយ​មាន​ការ​ប្រឈម​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​សេអ៊ូល​ ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី​ថ្មោង​ លោក​ យូន ​ស៊ុកយ៉ល​ (Yoon Suk-yeol) ​លោក​ បៃដិន ​និយាយ​ថា​៖ ​​«​ថ្ងៃ​នេះ​ លោក​ប្រធានាធិបតី​ យូន​ និង​ខ្ញុំ​ប្តេជ្ញា​ពង្រឹង​ការ​ចូលរួម​យ៉ាង​ជិត​ស្និទ្ធ​របស់​យើង​ និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ដោះស្រាយ​​​បញ្ហា​ប្រឈម​នៃ​សន្តិសុខ​​ក្នុង​តំបន់​ រួម​ទាំង​ការ​ដោះស្រាយ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយសា.​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េ​ខាង​ជើង​)​ តាមរយៈ​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ជំហរ​រារាំង​របស់​យើង​ និង​ការ​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ»។

លោក​ បៃដិន ​បាន​បន្ថែម​ទៀត​ថា​៖ ​«​​សម្ព័ន្ធ​ភាព​រវាង​ សា.​រដ្ឋ​កូរ៉េខាង​ត្បូង​​ និង​សហរដ្ឋ​អាមេរិក​ មិន​ធ្លាប់​មាន​ភាព​រឹងមាំ​រស់​រវើក​ ឬ​សំខាន់​ជាង​នេះ​ទេ​»​។​ ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ​ បាន​ប្រកាស​​ថា ​ខ្លួន​នឹង​រិះរក​មធ្យោបាយ​ដើម្បី​ពង្រីក​សមយុទ្ធ​យោធា​រួម​គ្នា​ ជា​អ្វី​ដែល​លោក​ ត្រាំ ​ធ្លាប់​ព្យាយាម​កាត់​បន្ថយ​ ខណៈ​កន្លង​មក​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំង​ ២ ​តែង​​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​ពី​កូរ៉េ​ខាង​ជើង​ ដែល​ប្រាប់​ថា ​សកម្ម​ភាព​​​​បែប​នេះ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន​ និង​ជា​ការ​ហាត់សម​សម្រាប់​សង្គ្រាម​។​

ខុស​ពី​លោក​ ត្រាំ ​លោក​ បៃដិន ​​សាទរ​ចំពោះ​ការ​បន្ត​វត្តមាន​កងទ័ព​អាមេរិក​នៅ​​កូរ៉េ​ខាង​ត្បូង​ ដោយ​លោក​​និយាយ​​​ថា​៖​ «​វា​​ជា​​និមិត្ត​រូប​​​នៃ​​កម្លាំង​​ និង​​ភាព​​ធន់​​នៃ​​សម្ព័ន្ធភាព​​របស់​​យើង ​និង​​ការ​​ត្រៀម​​ខ្លួន​​របស់​​យើង ​ក្នុង​​ការ​​ទទួល​​យក​​ការ​​គំរាម​​កំហែង​​ទាំង​​អស់​»​។​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក ​បៃដិន ​ប្រកាន់​យក​អាកប្បកិរិយា​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ជើង​ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​។​ លោក​​​ថា​ អាមេរិក​​ផ្តល់​វ៉ាក់សាំង​ដល់​​កូរ៉េ​ខាង​ជើង​រួច​ហើយ​ ដើម្បី​ជួយ​ប្រទេស​នេះ​ទប់ទល់​នឹង​វីរុស ​ក្រោយ​​សង្ស័យ​ថា​ មាន​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ​។

លោក​ បៃដិន បាន​បន្ថែម​ថា​៖​ «​ទាក់ទង​នឹង​ថា ​តើ​ខ្ញុំ​នឹង​ជួប​​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​ឬ​អត់​​? ​វា​អាស្រ័យ​​ថា តើ​លោក​ស្មោះត្រង់​ និង​​ហ្មត់ចត់ ឬអត់​?»។

វិធីសាស្រ្ត​របស់​លោក​ បៃដិន ​ផ្ទុយ​ស្រឡះ​ពី​​លោក ​ត្រាំ​ ដែល​​​បន្ទន់​ខ្លួន​ដាក់​​មេដឹក​នាំ​ក្រុង​ព្យុងយ៉ាង ​លោក​ គីម ជុងអ៊ុន។​​​ ខុស​ពី​អនុសញ្ញា​ការ​ទូត​ដែល​ប្រធានាធិបតី​មិន​គួរ​ជួប​​សត្រូវ​ឡើយ លុះ​ត្រា​តែ​កិច្ច​ព្រមព្រៀង​មួយ​ ត្រូវ​បាន​សម្រេច​ពី​មុន​ ឬ​ប្រហែលៗ​នោះ​ លោក ​ត្រាំ ​បាន​អង្គុយ​ជាមួយ​លោក ​គីម​ ៣ ​ដង​ ​ហើយ​ជំនួប​ចុង​ក្រោយ ​នៅ​ឯ​តំបន់​គ្មាន​យោធា​នៃ​ឧបទ្វីប​កូរ៉េ ​​លោក​​​ថែម​ទាំង​​ឈាន​ជើង​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​​ចូល​​​កូរ៉េ​ខាង​ជើង​ជា​ផ្លូវ​ការ​ទៀត​ផង។

ទោះ​បី​ទំនាក់ទំនង​បែប​នេះ​ក្ដី​ លោក ​ត្រាំ ​និង​លោក​ គីម​ មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​​ណាមួយ​ក្នុង​ការ​រំសាយ​អាវុធ​​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ លោក​ ត្រាំ ​ផ្តល់​កាយវិការ​ឯកតោ​ភាគី ​និង​មិន​សម​ហេតុផល​ ដូច​ជា​ការ​យល់ព្រម​ផ្អាក​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​សំខាន់​ជាមួយ​កូរ៉េ​ខាង​ត្បូង​ ដោយ​គ្មាន​ការ​ព្រមាន​ជាមុន​ ទាំង​ទីក្រុង​សេអ៊ូល ​ឬ​មន្ទីរ​បញ្ចកោណ​។

លោក ​ត្រាំ ​​សួរ​ថា​ ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​កម្លាំង​ទាហាន​ចំនួន​ ២៨ ៥០០ នាក់ ​​នៅ​កូរ៉េ​ខាង​ត្បូង ក្រោយ​សង្រ្គាម​​កូរ៉េ​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​​ក្រុង​សេអ៊ូល​ នៅ​គ្រា​នោះ​មិន​ច្បាស់លាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​។​ ពេល​មួយ​ ក្នុង​ឆ្នាំ​ ២០១៩ ​លោក ​ត្រាំ ថែម​​ទាំង​គំរាម​ដក​ទ័ព​ចំនួន​ ៤ ០០០ ​នាក់ ​លុះត្រា​តែ​កូរ៉េ​ខាង​ត្បូង​​ចំណាយ​ប្រាក់​ចំនួន $៥ ប៊ីលាន​ ក្នុង​ ១ ​ឆ្នាំ ​ដើម្បី​គាំទ្រ​ដល់​ការ​ដាក់​ពង្រាយ​ ដែល​​ច្រើន​ជាង​ការ​ចំណាយ​​ដល់​ទៅ​ ៥ ​ដង​។​​

ប៉ុន្តែ​ទោះ​​លោក​ ​ត្រាំ​​ ផ្អាក​​ការ​ធ្វើ​​សមយុទ្ធ​​យោធា​​កម្រិត​​ខ្ពស់​​​ក្ដី​​ ក៏​សមយុទ្ធ​រួម​គ្នា​តូចៗ​​​ជាមួយ​យោធា​កូរ៉េ​ខាង​ត្បូង​​ បន្ត​មាន​ក្នុង​អាណត្តិ​របស់​លោក​។​​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ កាល​ពី​ថ្ងៃ​សៅរ៍ លោក ​បៃដិន​ និង​លោក ​យូន ​​យល់ព្រម​ចាប់​ផ្តើម ​«​ការ​ពិភាក្សា​ដើម្បី​ពង្រីក​វិសាលភាព​ និង​ទំហំ​»​ នៃ​សមយុទ្ធ​យោធា​។​ លោក ​បៃដិន ​ថា​ កិច្ច​សហ​ប្រតិបត្តិការ​​បង្ហាញ​ពី «​ការត្រៀម​​ខ្លួន​របស់​យើង​ ដើម្បី​ទទួល​យក​ការ​គំរាម​កំហែង​ទាំង​អស់​រួម​គ្នា​»​។

រដ្ឋបាល​លោក​ បៃដិន ​ផ្តោត​លើ​​ការ​វិល​​ទៅ​​យុទ្ធសាស្ត្រ​កូរ៉េ​ខាង​​ជើង​សំដៅ​ការ​ទប់ស្កាត់​។​ នេះ​​បើ​យោង​​តាម​មន្ត្រី​រដ្ឋបាល ​ដែល​​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ពន្យល់​​គំនិត​របស់​ប្រធានាធិបតី​អាមេរិក​។​ ដូច​អតីត​ប្រធានាធិបតី​ លោក​ បារ៉ាក់ ​អូបាម៉ា ដែរ​ លោក​ បៃដិន ​បើក​ចំហ​ក្នុង​ការ​ជួប​​លោក​ គីម ​ក្នុង​ពេល​ណា​ ១ ​នា​អនាគត​ តែ​តាម​បែប​យុទ្ធសាស្រ្ត​​ ដែល​មន្ត្រី​ការទូត​ថ្នាក់​ទាប​ធ្វើ​រួច​ទើប​លោក​​ចូលរួម​។

រដ្ឋបាល​​ បៃដិន ហាក់​​មិន​​​​រំពឹង​ទុក​​​ថា ​​នឹង​​មាន​​ការ​​ឈាន​ដល់​​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ណា​ ១ ឡើយ​។​ ​ខណៈ​រដ្ឋបាល​​នេះ​ ងាក​​​ទៅ​រក​​ទណ្ឌកម្ម​​ប្រឆាំង​​កូរ៉េ​ខាង​​ជើង​​យ៉ាង​​ឆាប់​​រហ័ស​ អ្នក​​វិភាគ​​គោល​នយោបាយ​​ការបរទេស​ ​បាន​​ចង្អុល​​បង្ហាញ​​ថា ​ទំនាក់ទំនង​​ការ​ទូត​​ហាក់​​ដូច​ជា​​បាត់បង់​​​​ច្រើន ​​ពី​​វិធីសាស្ត្រ​​របស់​​លោក ​បៃដិន​ កាល​​​ពី​​ដំបូង​។​

លោក​ Alexander ​R. Vershbow​ អ្នក​ការ​ទូត​អាជីព​ ដែល​​​ជា​អតីត​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​​កូរ៉េ​ខាង​ត្បូង​​និយាយ​ថា រដ្ឋបាល​ បៃដិន​ មាន​ការ​គួរ​ឱ្យ​កត់​សម្គាល់​ស្រដៀង​ទៅ​នឹង​គោល​នយោបាយ​ «​អត់ធ្មត់​ជា​យុទ្ធសាស្ត្រ​»​ របស់​លោក ​អូបាម៉ា​។​ លោក​ Vershbow​ ថា​៖​ «​​ពួក​គេ​កំពុង​បាន​លទ្ធផល​ដូច​គ្នា​ ពោល​គឺ​គ្មាន​ការ​ចរចា​មាន​ការ​សាកល្បង​ [​នុយក្លេអ៊ែរ​] ​បន្ថែម​​ និង​សូម្បី​​​តែ​ការ​និយាយ​ពី​បំណង​​ឆ្ពោះ​ទៅ​ការ​​រំសាយ​​នុយក្លេអ៊ែរ​ពី​ក្រុង​ព្យុងយ៉ាង​ក៏​គ្មាន​ដែរ​»។

ការ​ព្រួយ​បារម្ភ​ពី​​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​មាន​កាន់​តែ​ខ្លាំង​ឡើង​ ក្រោយ​កូរ៉េ​ខាង​ជើង​​​​បន្ត​​កម្មវិធី​​អាវុធ​​របស់​​ខ្លួន​​ ជាមួយ​​នឹង​​ការ​​បាញ់​​សាកល្បង​​មីស៊ីល​ចំនួន​ ១៦ ​ដង ​ក្នុង​ឆ្នាំ​នេះ​ រួម​ទាំង​ការ​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៤ ​ឆ្នាំ​ កាល​ពី​ខែ​មីនា​។

មន្ត្រី​អាមេរិក​​ព្រមាន​ថា​ ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​ធ្វើ​ការ​សាកល្បង​​មីស៊ីល​បន្ថែម​ ឬ​សូម្បី​តែ​ការ​សាកល្បង​នុយក្លេអ៊ែរ​ ខណៈ​​លោក​ បៃដិន​ ស្ថិត​នៅ​​តំបន់​អាស៊ី​នៅ​ឡើយ​។

យ៉ាង​ណា​មិញ​ លោក ​បៃដិន​ ​ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ លើស​ពី​ភាព​ជា​ដៃ​គូ​សន្តិសុខ​។ ​១ ថ្ងៃ ​មុន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​​ លោក​​ បៃដិន ​និង​លោក ​យូន ​បាន​ជួប​ប្រជុំ​គ្នា​នៅ​រោងចក្រ​ផលិត​សេមីកុងឌុចទ័រ​របស់ Samsung ដើម្បី​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​ ដែល​​រួម​ចំណែក​ដល់​ការ​កើន​ឡើង​អតិផរណា​នៅ​​សហរដ្ឋ​អាមេរិក​។

ក្រោយ​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​ ​លោក ​បៃដិន ​ក៏​និយាយ​ថា​ ប្រទេស​ទាំង​ ២ ​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជំងឺ​រាតត្បាត​ ហើយ​​បន្ត​ធ្វើ​ការ​ ដើម្បី​ធានា​ថា​ «​ឥណ្ឌូប៉ាស៊ីហ្វិក​ គឺ​ជា​តំបន់​សេរី​ និង​បើក​ចំហ​»​ ដែល​ជា​យុទ្ធសាស្រ្ត​​ដើម្បី​ទប់​ការ​សាយភាយ​នៃ​ឥទ្ធិពល​​​ចិន​ ទោះបី​ក្រុង​ប៉េកាំង​ ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​​ក្រុង​សេអ៊ូល​ក្ដី​៕

ហួន ឌីណា

វីដេអូ៖