មេ​ដឹកនាំ​គណបក្ស​ការងារ​លោក ​អាន់តូនី​ អាល់បានីស (Anthony Albanese) បាន​​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣១ នៃ​ប្រទេស​អូស្ត្រាលី​ ខណៈ​ពេល​ការ​បោះឆ្នោត ​កាល​ពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា​ គណបក្ស​របស់​លោក​នឹង​បញ្ចប់​ការ​គ្រប់គ្រង​ជិត ១ ​ទសវត្សរ៍​របស់​សម្ព័ន្ធភាព​​អភិរក្ស​និយម​។

លោក ​អាល់បានីស​ បាន​ធ្វើ​ពិធី​សម្បថ​នេះ​ ជាមួយ​ឧបនាយករដ្ឋមន្ត្រី​លោក ​រីឆាត ម៉ាឡេស រដ្ឋមន្ត្រី​ការបរទេស​ លោកស្រី ​ផេននី វង្ស​ រដ្ឋមន្ត្រី​រតនាគារ​ លោក ​ជីម ឆាមឺរ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​កិច្ចការ​ស្ត្រី​ និង​អគ្គរាជអាជ្ញា​ លោកស្រី​ ខេធី ហ្គាឡាហ្គឺ​។

មេដឹកនាំ​គណបក្ស​ការងារ​ទាំង​នេះ ​បាន​ស្បថ​​ចូល​កាន់​អំណាច​ ដោយ​ការ​រាប់​សន្លឹក​ឆ្នោត​មិន​ទាន់​ចប់​ជា​ផ្លូវ​ការ​​នៅ​ឡើយ​ ដោយ​​អាសនៈ​សភា​ចំនួន​ ១០ ​​ទៀត នៅ​មិន​ទាន់​មាន​អ្នក​ឈ្នះ​ច្បាស់លាស់​នៅ​ឡើយ។ ពួក​គេ​បាន​ទទួល​អាសនៈ​ក្នុង​សភា​ចំនួន​ ៧៣ ​អាសនៈ​ ខណៈ​​ត្រូវ​ការ​សំឡេង​ចំនួន​ ៧៦ អាសនៈ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគ​ច្រើន​។ ដូច្នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​ មិន​អាច​ទទួល​ចំនួន​នេះ​ ពួក​គេ​នឹង​ក្លាយ​ខ្លួន​ជា​រដ្ឋាភិបាល​សំឡេង​ភាគ​តិច ដែល​ត្រូវ​ការ​គាំទ្រ​បង្គ្រប់​សំឡេង​ពី​គណបក្ស​ដទៃ​។

ដើម្បី​បង្កើត​រដ្ឋាភិបាល​គណបក្ស​ណា​មួយ​ត្រូវ​តែ​ធ្វើ​ឱ្យ​អគ្គ​អភិបាល​លោក​ ដេវីដ ហេលី​ ដែល​ដើរ​តួ​ជា​ប្រមុខ​រដ្ឋ​ជំនួស​ឱ្យ​ព្រះ​ម្ចាស់ក្សត្រី ​អេលីហ្សាប៊ែត​ ជឿ​ថា ​ពួក​គេ​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​។ បន្ថែមពី​លើ​នេះ​ លោក​នឹង​ទទួល​យោបល់​ផ្នែក​ផ្លូវ​ច្បាប់ ដើម្បី​ធានា​បាន​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ គឺ​ត្រឹមត្រូវ​។

បើ​តាម​លទ្ធផល​បឋម​គណបក្ស​ការងារ​ គឺ​ជា​គណបក្ស​តែ ១ ​​គត់ ​ដែល​មាន​សំឡេង​គ្រប់គ្រាន់​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ទាំង​ប្រភេទ​សំឡេង​ភាគ​ច្រើន និង​ទាំង​សំឡេង​ភាគ​តិច​។ ជា​ធម្មតា​ គេ​មិន​មាន​ការ​ប្រញាប់ប្រញាល់​ក្នុង​ការ​ធ្វើ​សម្បថ​មុន​ការ​រាប់​សន្លឹក​ឆ្នោត​ចប់​បែប​នេះ​ទេ ប៉ុន្តែ​ដោយសារ​កិច្ច​ប្រជុំ​មេដឹកនាំ​ Quad នៅ​ប្រទេស​ជប៉ុន ដែល​មាន​ន័យ​ថា ប្រទេស​អូស្ត្រាលី​ ត្រូវ​ការ​មេ​ដឹកនាំ​ច្បាស់​លាស់ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នេះ​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ចូ បៃដិន (Joe Biden)​ បាន​ទូរស័ព្ទ​ទៅ​កាន់​លោក​ អាល់បានីស ​ដើម្បី​អបអរ​សាទរ​ជ័យជម្នះ​របស់​លោក​ ហើយ​អរគុណ​លោក​ ដែល​បាន​សម្រេច​ជ្រើសរើស​ធ្វើ​ដំណើរ​ទៅ​ក្រុងតូក្យូ​ សម្រាប់​កិច្ច​ប្រជុំ​នេះ​។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ពិធី​សម្បថ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ អាល់បានីស និង​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស វង្ស​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ Quad ដែល​ជា​វេទិកា​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។

យ៉ាងណា​ ​លោក ​អាល់បានីស បាន​​ឱ្យ​ដឹង​​ថា​ លោក​បាន​ទទួល​ការ​ធានា​ពី​បេក្ខជន​ឯករាជ្យ​គ្មាន​គណបក្ស​ជា​ច្រើន​មក​ហើយ​ថា​ ពួក​គេ​នឹង​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ បើ​គណបក្ស​ការងារ​មិន​អាច​ទទួល​សំឡេង​​ភាគ​ច្រើន​។

គណបក្ស​ការងារ​​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​នៅ​រដ្ឋ​ភើត​ ដែល​ជា​ធម្មតា​ គឺ​ជា​មូលដ្ឋាន​របស់​សម្ព័ន្ធ​កាន់​អំណាច​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ ស្កុត ម៉ូរីសុន (Scott Morrison) ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ជា​ច្រើន​បាត់បង់​អាសនៈ​របស់​ពួក​គេ​ក្នុង​សភា​។ អតីត​អគ្គរាជអាជ្ញា​លោកស្រី ម៉ៃឃើលៀ​ កាស​ បាន​ស្ដី​បន្ទោស​លោក​ ម៉ូរីសុន ​ចំពោះ​ការ​បាត់បង់​អាសនៈ​ទាំង​នេះ​។

បើ​ទោះបី​ជា​មាន​ជ័យជម្នះ​ទាំង​នេះ​ និង​ការ​កើន​ឡើង​អាសនៈ​ទាំង​នេះ​ គណបក្ស​ការងារ​បាន​បាត់បង់​អាសនៈ​សុវត្ថិភាព​របស់​ពួកគេ​ចំនួន ​២ ដោយ​​ ១ ឱ្យ​ទៅ​​បេក្ខជន​ឯករាជ្យ​ និង​ ១ ​ទៀត ឱ្យ​ទៅ​បេក្ខជន​គណបក្ស​បៃតង​ ដែល​នឹង​ចាប់​ផ្ដើម​អាណត្តិ​នេះ ជាមួយ​នឹង​ចំនួន​​អាសនៈ​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​នៅ​អូស្ត្រាលី​។

បន្ទាប់​ពី​ទទួល​ស្គាល់​ការ​ចុះ​ចាញ់​ លោក​ ម៉ូរីសុន​ បាន​ប្រកាស​លាលែង​ពី​តំណែង​មេដឹកនាំ​សម្ព័ន្ធភាព​គណបក្ស​នយោបាយ​របស់​លោក​។ លោក​ ភីធឺ ដាទុន​ ដែល​ជា​ទេសរដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក ម៉ូរីសុន​ និង​ដែល​ធ្លាប់​កាន់​​តំណែង​ការពារ​ជាតិ និង​មហាផ្ទៃ​ ត្រូវ​​គេ​រំពឹង​ថា មាន​លទ្ធភាព​ខ្ពស់​ជាង​គេ​ក្នុង​ការ​ស្នង​តំណែង​ប្រធាន​នេះ​។

បេក្ខជន​ឈាន​មុខ​គេ​មុន​ គឺ​រដ្ឋមន្ត្រី​រតនាគារ ​ចូស ហាដ្រេនប៊ឺក​ តែ​លោក​បាន​បាត់បង់​អាសនៈ​សភា​របស់​លោក​ ហើយ​ទំនង​ជា​នឹង​​បាត់បង់​តំណែង​ថ្នាក់​ដឹកនាំ​បក្ស​របស់​លោក​​ទៀត​ដែរ។

ជាង​ពាក់​កណ្ដាល​នៃ​សមាជិក​ស្ត្រី​របស់​ពួក​គេ ​បាន​ចាញ់​ការ​បោះឆ្នោត​ដែល​​នាំ​ឱ្យ​មាន​តម្រូវ​ការ​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​ជំហរ​របស់​បក្ស ​ដើម្បី​ទាក់ទាញ​ស្ត្រី​មក​វិញ​។ អតីត​រដ្ឋមន្ត្រី​ ដូចជា​លោកស្រី​ ការ៉ែន អង់ឌ្រូ និង​លោកស្រី​ ស៊ូសាន ឡិយ​ ត្រូវ​បាន​គេ​លើកឡើង​ថា ​អាច​ឈរ​ឈ្មោះជា​មេ​ដឹកនាំ​បក្ស​ ប៉ុន្តែ​ពួក​គេ​នៅ​ខ្វះ​ការ​​គាំទ្រ​ផ្ទៃ​ក្នុង​នៅ​ឡើយ​​៕