អ៊ុយក្រែន​បាន​ច្រានចោល​បទ​ឈប់​បាញ់​ ឬ​ការ​លះបង់​ទឹក​ដី​ណា​មួយ​ឱ្យ​ដល់​ទីក្រុង​ម៉ូស្គូ ខណៈ​ពេល​ដែល​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារនៅ​ភាគ​ខាង​ត្បូង និង​ខាង​កើត​នៃ​ប្រទេស​នេះ​ ដោយ​វាយ​​តំបន់​ដុនបាស និង​មីកូឡាវ ជាមួយ​នឹង​ការ​ប្រហារ​តាម​អាកាស​ និង​កាំភ្លើង​ធំ​។

ជំហរ​របស់​ក្រុង​កៀវ ក្នុង​ការ​ចរចា​សន្តិភាព​ បាន​កាន់តែ​មិន​ចុះ​សម្រុង ​ក្នុង​រយៈ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ខណៈ​ពេល​រុស្ស៊ី​ប្រឈម​នឹង​ការ​បរាជ័យ​ផ្នែក​យោធា​ ហើយ​មន្ត្រី​អ៊ុយក្រែន​ព្រួយ​បារម្ភ​ថា ពួកគេ​អាច​ត្រូវ​បង្ខំ​ឱ្យ​លះបង់​ទឹក​ដី សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​។

អ្នក​ដឹកនាំ​គណៈប្រតិភូ​អ៊ុយក្រែន​ក្នុង​ការ​ចរចា ​លោក​ មីខាអីឡូ​ ផូដូលីអាក​ បាន​ច្រានចោល​បទ​ឈប់​បាញ់​ ឬ​ការ​លះបង់​ទឹក​ដី​ណាមួយ ដោយ​និយាយ​ថា ​ការ​ធ្វើ​បែប​នេះ នឹង​អនុញ្ញាត​ឱ្យ​បន្ត​វត្តមាន​របស់​កងទ័ព​រុស្ស៊ី​លើ​ទឹក​ដី​អ៊ុយក្រែន​ ដែល​ក្រុងកៀវ​មិន​អាច​ទទួល​យក​បាន​ទេ​។

មេការ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ អង់ឌ្រី យឺម៉ាក់​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «សង្គ្រាម​នេះ​ត្រូវ​តែ​បញ្ចប់​ដោយ​ការ​ស្ដារ​ឡើង​វិញ​ដោយ​ពេញលេញ​នៃ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​បានឱ្យ​ដឹង​​ថា រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​ខេត្ត​លូហានស្ក៍​ នៃ​តំបន់​ដុនបាស បន្ទាប់​ពី​បញ្ចប់​ការ​ឡោមព័ទ្ធ​ជា​ច្រើន​សប្ដាហ៍ ​នៃ​ក្រុង​កំពង់ផែ​ម៉ារីអូប៉ូល​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយក្រែន​។ ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ជាង​គេ ​បាន​កើត​ឡើង​ក្នុង​ក្រុង​ស៊ីវៀរ៉ូដូណេតស្ក៍ និង​ក្រុង​លីស៊ីកហានស្ក៍​ ដែល​នៅ​មាន​កងកម្លាំង​អ៊ុយក្រែន​ច្រើន​កំពុង​ទប់ទល់​នឹង​កង​កម្លាំង​រុស្ស៊ី​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា​មក​។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ីបាន​និយាយ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​បញ្ជាការដ្ឋាន​ ទាហាន​ និង​ឃ្លាំង​រំសេវ​របស់​អ៊ុយក្រែន​ នៅ​តំបន់​ដុនបាស និង​តំបន់​មីកូឡាវ​៕

វីដេអូ៖