តុលាការសាលាដំបូងអ៊ីស្រាអែល បានលុបចោលការបញ្ជាមួយរបស់ប៉ូលិស ដែលហាមឃាត់មិនឱ្យជនជាតិជ្វីហ្វធ្វើអធិដ្ឋាននៅបរិវេណវិហារអាល់-អាក់សា បន្ទាប់ពីបុគ្គលទាំងនេះធ្វើពិធីបួងសួង នៅទីនោះ ដោយរំលោភកិច្ចព្រមព្រៀងជាមួយអាជ្ញាធរសាសនាអ៊ិស្លាម។
បរិវេណវិហារអាល់-អាក់សា មានទីតាំងក្នុងក្រុងហ្ស៊េរុយសាឡិមខាងកើត ហើយជាទីសក្ការៈសំខាន់ជាងគេទី ៣ ក្នុងសាសនាអ៊ិស្លាម ដែលមានឈ្មោះថាអាល់-ហារ៉ាម អាល់-សារីហ្វ។ ជនជាតិជ្វីហ្វ ចាត់ទុកថា វិហារនេះ គឺជាទីសក្ការៈសំខាន់ជាងគេរបស់ពួកគេ។ វិហារនេះ គឺជាចំណុចតានតឹងដ៏ធំមួយ រវាងសាសនាទាំង ២ ជាពិសេសក្នុងឆ្នាំនេះ ដែលខែរ៉ាម៉ាដានរបស់សាសនិកម៉ូស្លីម និងបុណ្យឆ្លងកាត់របស់ជនជាតិជ្វីហ្វ កើតឡើងក្នុងអំឡុងពេលតែមួយ។
កិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ១៩៦៧ បានអនុញ្ញាតឱ្យជន ដែលមិនមែនជាសាសនិកមូស្លីមចូលទស្សនាវិហារនេះ ប៉ុន្តែបានហាមឃាត់មិនឱ្យពួកគេធ្វើអធិដ្ឋាននៅទីនោះទេ។ សាលក្រមខាងលើរបស់សាលាដំបូងក្រុងហ្ស៊េរុយសាឡិម បានបង្កភាពស្មុគស្មាញក្នុងមូលដ្ឋានផ្លូវច្បាប់នៃការអនុវត្តកិច្ចព្រមព្រៀងនេះ។
ជនជាតិជ្វីហ្វទាំង ៣ ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមការចោទប្រកាន់ថា បានរំខានដល់កាតព្វកិច្ចរបស់ប៉ូលិស និងគំរាមកំហែងសណ្ដាប់ធ្នាប់សាធារណៈ បន្ទាប់ពីពួកគេធ្វើអធិដ្ឋានតាមប្រពៃណីជ្វីហ្វនៅវិហារនេះ។ ប៉ុន្តែលោកចៅក្រម ស៊ីយ៉ូន សាហារ៉ៃ បានលុបចោលការហាមមិនឱ្យពួកគេធ្វើបែបនេះ ដោយនិយាយថាសកម្មភាពរបស់ពួកគេ មិនបានបង្ក «ផលប៉ះពាល់ដល់សន្តិសុខជាតិ សុវត្ថិភាពសាធារណៈ ឬសន្តិសុខបុគ្គលទេ»។
ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ះមូដ អាបាស់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា សាលក្រមតុលាការអ៊ីស្រាអែលគឺជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងស្ថានភាពព្រមព្រៀងជាប្រវត្តិសាស្ត្រ និងជាការប្រឆាំងដល់ច្បាប់អន្តរជាតិ»៕