​លោក​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក ចូ បៃ​ដិ​ន បាន​ប្រមូល​​ផ្ដុំ​សម្ព័ន្ធមិត្តនៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឱ្យ​ចូលរួម​ប្លុក​សេដ្ឋ​​កិច្ច​ថ្មី​មួយ ដែល​ត្រូវ​បានកំណត់ដោយ​សេរី ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន និង​កសាង​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​តំបន់​ឡើងវិញ ដែលមាន​រយៈពេល ៥​ ឆ្នាំ បន្ទាប់ពី​អតីត​ប្រ​ធានា​ធិបតី លោក ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​លោក បៃ​ដិ​ន ចរចា​ដោយផ្ទាល់​។​

​ប្លុក​ថ្មី​នេះ នឹង​ពង្រឹង​ទំនាក់​​ទំនង​ពាណិជ្ជកម្មរវាង​អាមេរិក និង​មហាអំណាច ក្នុង​តំបន់ ដូចជា ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា ដើម្បី​បង្កើត​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​ថ្មី នៅ​តំបន់​មាន​សម្ទុះ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ ក្នុង​ពិភពលោក និង​បង្កើត​ជម្រើស​ឱ្យ​ជំនួស​ចិន​។​

«​យើង​កំពុង​សរសេរ​បទ​ប្បញ្ញត្តិ​ថ្មី សម្រាប់​សេដ្ឋកិច្ច​សតវត្ស​រ៍​ទី​២១»​។ នេះ​ជាការ​​លើកឡើង​របស់លោក បៃ​ដិ​ន នៅឯ​សន្និសីទ​សារព័ត៌មាននៃ​ការប្រកាស ចំពោះ​ការបង្កើត​ប្លុក ដែល​លោក​ហៅថា «​ក្រប​ខ័​ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» (IPEF)​។ លោក​បាន​បន្តទៀតថា​៖ «​យើង​នឹង​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ទាំងអស់​ឱ្យមាន​កំណើន​លឿន និង​ដោយ​យុត្តិធម៌​»​។​

​លោក ​បៃ​ដិ​ន បានធ្វើការ​ប្រកាស​នេះ ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក ណា​រី​នដ្រា ម៉ូ​ឌី និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា ខណៈ​មេដឹកនាំ​សមាជិក​ដទៃទៀត បាន​ចូលរួម​ពី​ចម្ងាយ​។ ក្របខ័ណ្ឌ​ថ្មី​នេះ តំណាងឱ្យ​គោលនយោបាយ​ចម្បង មិន​ត្រឹមតែ​ទស្សនកិច្ច​អាស៊ី​ដំបូង​របស់លោក បៃ​ដិ​ន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​យុទ្ធសាស្ត្រ​តំបន់​ដ៏​ទូលំទូលាយ​ផងដែរ នៅពេលដែល​ចិន កំពុង​បំពេញ​ចន្លោះប្រហោង​បន្សល់​ដោយ​ការសម្រេចចិត្ត​របស់លោក ត្រាំ ដើម្បី​ដក​អាមេរិក​ចេញពី​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ ២០១៧​។​

​បន្ថែម​ពីលើ​អាមេរិក ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង ប្លុក​នេះ​ក៏​រួមមាន​អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នូ​វែ​ល​​សេ​ឡង់ ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​ផងដែរ​។ ប្រទេស​ទាំងនេះ តំណាងឱ្យ ៤០ ​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក ហើយ​កិច្ចព្រមព្រៀង​ណាមួយ ដោយ​ក្រុម​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កំណត់​ស្តង់ដា​ដល់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​។​

​ខណៈពេល​ដែលមាន​ភាព​មិន​ច្បាស់លាស់ ដែល​ការបង្កើត​ប្លុក​នេះ​នឹង​មានន័យ​ដូចម្ដេច មន្ត្រី​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បាន​ប្រញាប់ប្រញាល់​បញ្ចុះបញ្ចូល​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ឱ្យ​ប្ដេជ្ញា​ចូលរួម​ជាមួយ​ពួកគេ ដើម្បី​ធ្វើឱ្យមាន​ការចាប់អារម្មណ៍ក្នុង​កម្មវិធី​ប្រកាស​។ ប៉ុន្តែ​អ្នកវិភាគ​មួយចំនួនងឿងឆ្ងល់​ថា តើ​ការធានា ឬ​ការដោះដូរ​ណាមួយ ដែល​អាមេរិក​ផ្ដល់ឱ្យ ដើម្បី​ទាក់ទាញ​ការចូលរួមនឹង​កាត់បន្ថយ​វិសាលភាព​នៃ​ប្លុក​ថ្មី​នេះ។​

​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់លោក បៃ​ដិ​ន នេះ កើតឡើង​មិន​ដល់ ៥ ​ខែ បន្ទាប់ពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយក្នុង​តំបន់ (RCEP) ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ចូល​ជា​ធរមាន ដោយ​ត​ភ្ជាប់​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​ ១៥ ក្នុង​ប្លុក​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ី​។ សមាជិក​ភាគច្រើននៃ IPEF របស់លោក បៃ​ដិ​ន ក៏មាន​សមាជិក​នៃ RCEP ផងដែរ​។​

​សម្រាប់​សហរដ្ឋអាមេរិក ក្របខ័ណ្ឌ​ថ្មី​នេះ គឺជា​ការជំនួស​ដល់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​ត្រូវ​បានគ្រោង​ប្រើ​ជា​យន្តការ ដើម្បី​សម្របសម្រួល​រំហូរ​ទំនិញ និង​សេវា នៅក្នុង​តំបន់​។ អតីត​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក បៃ​ដិ​ន បាន​ចំណាយពេល​យ៉ាងយូរ ក្នុង​ការចរចា​ជាមួយ TPP ប៉ុន្តែ​ចុងក្រោយ​ត្រូវបាន​បោះបង់​ដោយ​លោក ត្រាំ នៅ​ថ្ងៃទី​ ១ នៃ​ការ​កាន់អំណាច​របស់លោក ដែល​ធ្វើឱ្យ​ប្លុក​ដំណើរការ​ដោយ​គ្មាន​សមាជិក​ដ៏​ធំ​របស់ខ្លួន​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ លោក​ បៃ​ដិ​ន ​មិនបាន​ចូលរួម​សមាជិកភាព TPP ឡើងវិញ តាម​បំណង​សមាជិក​ដទៃទៀត ដូចជា​ជប៉ុន និង​សិង្ហ​បុរី​។ លោក​ធ្វើបែបនេះ ដោយសារ​សម្ពាធ​ផ្ទៃក្នុង​របស់​គណបក្សរ​ប​ស់លោក ក្នុងការ​ប្រឆាំងនឹង​ការ​លុបបំបាត់​ពន្ធ​នាំចូល​។​

​ក្របខ័ណ្ឌ​នេះ នឹង​ផ្ដោតលើ​គោលដៅ​សំខាន់ៗ​ចំនួន ៤ ដែលមាន​ដូចជា​ការចុះ​សម្រុង​គ្នា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​ខ្សែចង្វាក់​ផ្គត់ផ្គង់ ការ​​ពង្រីក​ថាមពល​ស្អាត ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​​រលួយ និង​ការត្រួសត្រាយ​ផ្លូវ សម្រាប់​ពាណិជ្ជកម្ម​ឌីជីថល​កាន់តែច្រើន​។ ជាមួយនឹង​ការ​​ប្រកាស កាលពី​ថ្ងៃ​ចន្ទ ការចរចា​នៅក្នុង​គោលដៅ​នីមួយៗ នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​។​

​ប្រទេស​នីមួយៗ ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំង​ ១៣ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ជ្រើសរើស​គោលដៅ​ណាមួយ ក្នុងចំណោម​ទាំង​ ៤ ​នេះ ដើម្បី​បន្ត​ចរចា​កិច្ចព្រមព្រៀង ដោយ​មិនចាំបាច់​ប្តេជ្ញាចិត្ត ចំពោះ​គោលដៅ​ទាំង​​អស់​ទេ​។ ប៉ារ៉ាម៉ែត្រ​សម្រាប់​ការចរចា គួរតែ​ត្រូវ​បានកំណត់ នៅ​ចុងខែ​មិថុនា ឬ​ដើមខែ​កក្កដា ហើយ​រដ្ឋបាល​សង្ឃឹមថា នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ណាមួយ ក្នុង​រយៈពេល ​១២ ទៅ ១៨ ​ខែ ដើម្បី​ដាក់ឱ្យ​រដ្ឋាភិបាល​នីមួយៗ ក្នុង​ការធ្វើ​សច្ចាប័ន​៕

វីដេអូ៖