៥ ឆ្នាំមុន នៅពេលកូរ៉េខាងជើង កំពុងខឹងសម្បា និងសាកល្បងកាំជ្រួច ដែលគេសន្និដ្ឋានថា ប្រទេសនេះ បម្រុងនឹងបាញ់គ្រាប់បែកនុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិក ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏គំរាមនឹងបាញ់តបវិញ ដោយកំហឹងនោះ គឺជាពេលដែលប្រជាជនកូរ៉េខាងត្បូងភ័យខ្លាចបំផុតថា សង្គ្រាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង កើតឡើងវិញជាលើកដំបូង ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។
ក្រោយមក នៅពេលប្រធានាធិបតីទើបជាប់ឆ្នោតរបស់កូរ៉េខាងត្បូង នាពេលនោះ គឺលោក មូន ជេអ៊ីន ឡើងកាន់តំណែង ក៏បានផ្ដល់ក្ដីសង្ឃឹមថ្មីដល់ប្រជាជនកូរ៉េខាងត្បូង ដោយលោកបានបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ ឱ្យជួបលោក គីម ជុងអ៊ុន ជាលើកដំបូង។
នេះជាលើកដំបូងហើយ ដែលប្រធានាធិបតីអាមេរិក ជួបមេដឹកនាំកូរ៉េខាងជើង។ ក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ភាគីគ្រប់គ្នាសង្ឃឹមថា កូរ៉េខាងជើងប្រហែលជាព្រមបោះបង់អាវុធនុយក្លេអ៊ែរ ហើយកូរ៉េទាំង ២ នឹងរក្សាសន្តិភាពឡើងវិញ។
ប៉ុន្តែនៅពេលដែលប្រធានាធិបតី មូន ជេអ៊ីន ចាកចេញពីតំណែងវិញ ក្តីសង្ឃឹមកាលពីឆ្នាំនោះ ត្រូវរលាយសាបសូន្យវិញ។ នៅពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងដួលរលំ ក្នុងឆ្នាំ ២០១៩ កិច្ចពិភាក្សា រវាងកូរ៉េទាំង ២ ក៏ទៅមុខមិនរួច និងមានការជាប់គាំង តាំងពីពេលនោះមក។
ទន្ទឹមនឹងនេះ ប្រទេសកូរ៉េខាងជើង ក៏បានបន្តអភិវឌ្ឍអាវុធប្រល័យលោករបស់ខ្លួន ហើយកំពុងធ្វើតេស្តម្តងទៀតជាមួយនឹងកម្រិតហ្វ្រេកង់គួរឱ្យព្រួយបារម្ភ តែដោយសារព្រឹត្តិការណ៍ជំងឺរាតត្បាត និងសង្គ្រាម នៅអ៊ុយក្រែនបច្ចុប្បន្ន បានបង្វែរភ្នែកពិភពលោកចេញពីបញ្ហានេះ។
ប្រធានាធិបតីលោក មូន ជេអ៊ីន បានព្យាយាមគ្រប់វិធី ដើម្បីបង្រួបបង្រួម និងឱ្យប្រទេសកូរ៉េទាំង ២ ត្រឡប់ទៅរកការចរចាឡើងវិញ ប៉ុន្តែទង្វើនេះ បែរជាត្រូវគេចោទវិញថា ជាការផ្គាប់ចិត្តមេដឹកនាំផ្តាច់ការដ៏ឃោរឃៅបំផុតមួយរបស់ពិភពលោកទៅវិញ។
យ៉ាងណាមិញ កាលពីថ្ងៃពុធសប្ដាហ៍នេះ យោធារបស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ៣ គ្រាប់ចេញ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចាកចេញពីតំបន់នេះ ក្រោយដំណើរទស្សនកិច្ចស្ដីពីការជំរុញវិធានការ ដើម្បីរារាំងរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការផ្លោងមីស៊ីលចំនួន ៣ គ្រាប់ត្រូវបានបាញ់ ក្នុងលម្ហអាកាសពីតំបន់ស៊ូណាន នៃរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ចន្លោះម៉ោង ៦ និង ៧ ព្រឹក។
ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះកាំជ្រួច ជាច្រើន នៅឆ្នាំនេះ រួមមានអាវុធល្បឿនលឿនជាងសំឡេង ដើម្បីបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដ៏ធំបំផុតរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជិត ៥ ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០១៧ មក)។
ថ្មីៗនេះផងដែរ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ក៏បានព្រមានហើយថា កូរ៉េខាងជើង បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាកល្បងអាវុធមួយផ្សេងទៀត ដែលអាចធ្វើទៅបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក បៃដិន ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អាស៊ីក្នុងនាមជាប្រធានាធិបតី។
ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិកបានប្រាប់ថា ស្ថាប័នខ្លួនបានដឹងអំពីការបាញ់បង្ហោះបែបនេះជាច្រើនដងហើយ ហើយខ្លួនក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់អស្ថិរភាព នៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើងផងដែរ ប៉ុន្តែផលប៉ះពាល់នេះ មិនបានបង្កការគំរាមកំហែងភ្លាមៗនោះទេ។
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក យូន ស៊ុកយុល បានថ្កោលទោសការសាកល្បង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃពុធ។ ការិយាល័យរបស់ លោក យូន បាននិយាយថា លោក និងមន្ត្រីរបស់លោក បានពណ៌នាការបាញ់កាំជ្រួចនេះថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើនភាពតានតឹង នៅលើឧបទ្វីបកូរ៉េ និងអាស៊ីឦសាន និងគំរាមកំហែងដល់សន្តិភាពអន្តរជាតិ។
ដោយឡែក នៅក្រុងសេអ៊ូល កាលពីចុងសប្តាហ៍ លោក បៃដិន និងសមភាគីកូរ៉េខាងត្បូងរបស់ខ្លួន គឺលោក យូន ក៏បានយល់ព្រមធ្វើសមយុទ្ធយោធាធំជាងនេះ និងដាក់ពង្រាយយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបន្ថែមទៀត ប្រសិនបើចាំបាច់ ដើម្បីរារាំងការសាកល្បងអាវុធកាន់តែខ្លាំងរបស់កូរ៉េខាងជើង៕
វីដេអូ៖