​ការខកចិត្ត​របស់​អា​ល្លឺ​ម៉​ង់ លើ​ការ​​ស្ទាក់ស្ទើរ​របស់​ប្រទេស​អឺរ៉ុប​មួយចំនួន ចំពោះ​ការរួម​គ្នា​ដាក់ទណ្ឌកម្ម​ប្រេង​រុស្ស៊ី ត្រូវបាន​បើក​បង្ហាញឱ្យឃើញ កាលពី​ថ្ងៃ​ចន្ទ​។​

​លោក Robert Habeck រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ប្រាប់​ក្រុម​មួយនៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក នាទី​ក្រុង Davos ប្រទេស​ស្វ៊ី​ស​ថា​៖ «​យើង​ឃើញ​ភាពអាក្រក់​បំផុតនៃ​ទ្វីបអឺរ៉ុប ដែល​មានតែ​រដ្ឋ​មួយចំនួន​ប៉ុណ្ណោះ​ដែល​រារាំង​ការ​ឆ្ពោះទៅមុខ​»​។​

​លោក Habeck ទទួលស្គាល់ថា ការពឹងផ្អែក​របស់​ប្រទេស​នីមួយៗនៃ​សហភាព​អឺរ៉ុប​លើ​ប្រេង​ឆៅ​រុស្ស៊ីខុសៗ​គ្នា​។ លោក​រំពឹងថា ប្រទេស​ហុង​គ្រី នឹង​ទទួលបាន «​ការលើកលែង​ពិសេស​» នៅក្នុង​ការរួម​គ្នា​ដាក់ទណ្ឌកម្ម​ប្រេង នាពេលខាងមុខ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​រំពឹង​គ្រប់គ្នា រួមទាំង​ហុង​គ្រី​ថា ពួកគេ​ធ្វើការ ដើម្បី​រក​ដំណោះស្រាយ ហើយ​មិន​និយាយថា «​អូ​ខេ​» យើង​មាន​ករណី​លើកលែង ហើយ​បន្ទាប់មក​យើង​នឹង​ឈប់ និង​មិន​ពង្រឹង​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ​នោះទេ​»​។​

​នៅ​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) ជំ​រុញឱ្យ​ប្រទេស​នានា​ដាក់ទណ្ឌកម្ម​ជា «​អតិបរមា​» ប្រឆាំងនឹង​រុស្ស៊ី ចំពោះ​ការ​លុកលុយ​ប្រទេស​របស់ខ្លួន រួមទាំង​ការ​ទណ្ឌកម្ម​ប្រេង​ទាំងស្រុង​។​

​សហភាព​អឺរ៉ុបបាន​យល់ព្រម​រួចហើយ ក្នុងការ​លុបចោល​ការ​នាំចូល​ធ្យូងថ្ម​របស់​រុស្ស៊ី ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​ប្រេង​មាន​ភាពចម្រូងចម្រាស​កា​ន់​តែ​ខ្លាំង​។ យោងតាម​គណៈកម្មការ​អឺរ៉ុប​ប្លុក នាំចូល​ប្រេង​ប្រហែល ២៧ ​ភាគរយពី​រុស្ស៊ី កាលពី​ឆ្នាំមុន​។​

​ប៉ុន្តែ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ខាងកើត រួមទាំង​ហុង​គ្រី ស្លូ​វ៉ា​គី និង​សា​.​ឆែក ពឹងផ្អែក​ជាខ្លាំង​លើ​ប្រេង​រុស្ស៊ី ហើយ​មាន​ជម្រើស​ចូលរួម​ជាមួយ​ប្លុក​ភ្លាមៗ​តិចតួច​។ ហុង​គ្រី និង​ស្លូ​វ៉ា​គី ត្រូវ​បានផ្ដល់​ពេលវេលា​ក្នុង​ការចូលរួម​ដាក់ទណ្ឌកម្ម​ប្រហែល ១​ ឆ្នាំ ប៉ុន្តែ​ហុង​គ្រី ដែលមាន​មេដឹកនាំ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ ប្រកែក​សុំ​ពេល​បន្ថែមទៀត ៣-៥​ ឆ្នាំ ដើម្បីឱ្យ​ខ្លួន​ងាក​រក​អ្នកផ្គត់ផ្គង់​ថ្មី​។ យោងតាម​ទីភ្នាក់ងារ​ថាមពល​អន្ត​រ​ជាតិ (IEA) ប្រហែល ៤០ ​ភាគរយ នៃ​ប្រេង​នាំចូល​របស់​ហុង​គ្រី មកពី​រុស្ស៊ី កាលពី​ឆ្នាំមុន​។​

​ភាពផុយស្រួយនៃ​ការផ្គត់ផ្គង់​ថាមពល​របស់​អឺរ៉ុប ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់នៅពេលដែល​រុស្ស៊ី​កាត់​​ផ្តាច់​ប៉ូឡូញ ប៊ុលហ្គារី និង​ចុងក្រោយ​បំផុត ហ្វាំ​ង​ឡង់ ពី​រំហូរ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន បន្ទាប់ពី​ប្រទេស​ទាំង ​៣ ​បដិសេធ​មិន​ទូទាត់​ជា​ប្រាក់​រូ​ប្លិ៍ តាម​ការទាមទារ​រប​ស់​រុស្ស៊ី​។​

​ការដាក់ទណ្ឌកម្ម​លើ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី នឹង​កាន់តែ​ពិបាក​ក្នុងការ​សម្រេចបាន​ជាង​ប្រេង​។ យោងតាម IEA ប្រហែល ៤៥​ ភាគរយ នៃ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប បានមកពី​រុស្ស៊ី ក្នុង​ឆ្នាំ​ ២០២១​។ អាល្លឺម៉ង់​ងាយ​នឹងរង​គ្រោះ​ជាងគេ ដោយ​ប្រទេស​នេះ នាំចូល ៥៥​ ភាគរយ នៃ​ហ្គាស​ពី​រុស្ស៊ី មុនពេល​សង្គ្រាម ហើយ​បន្ថយ​មក​ត្រឹម ៣៥ ​ភាគរយ កាលពី​ខែ​មុន​៕

​ហួន ឌី​ណា ​