The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​និយាយ​ថា​ ទំនាក់ទំនង​ជា​មួយ​ចិននៅ​តែ​មាន​ភាព​ «លំបាក»

រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​និយាយ​ថា​ ទំនាក់ទំនង​ជា​មួយ​ចិននៅ​តែ​មាន​ភាព​ «លំបាក»

Content image - Phnom Penh Post
ឧបនា​យក​រដ្ឋ​មន្ត្រី​ថ្មី​របស់​អូស្ត្រាលី​លោក Marles ញញឹម​អំឡុង​ពិធី​ស្បថ​ចូល​កាន់​តំណែង នៅ​វិមាន​រដ្ឋាភិបាល ក្នុង​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃទី ២៣ ខែ​ឧសភា​។

រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​និយាយ​ថា​ ទំនាក់ទំនង​ជា​មួយ​ចិននៅ​តែ​មាន​ភាព​ «លំបាក»

កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២៤ ខែឧសភា ​ឧបនាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​លោក​ រីឆាត ម៉ាឡេស​ (Richard Marles) បាន​និយាយ​ថា​ ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយ​នឹង​ចិន ​គឺ​នៅ​តែ​មាន​ភាព​ «លំបាក»​ ខណៈ​ពេល​ដែល​មាន​ការ​រាយការណ៍​ថា ​នាយករដ្ឋមន្ត្រី​ចិន ​បាន​ធ្វើ​ការ​អបអរ​សាទរ​ជ័យជម្នះ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​។

ប្រទេស​ចិន ​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​ទំនាក់ទំនង​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ បន្ទាប់​ពី​ភាព​តានតឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ ជុំវិញ​បញ្ហា​មួយ​ចំនួន​ ដែល​រួមមាន​តុល្យភាព​ពាណិជ្ជកម្ម ប្រភព​នៃ​វីរុស​ SARS-Cov-2 និង​ការ​ចោទ​ប្រកាន់​ថា ក្រុង​ប៉េកាំង​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​នយោបាយ​របស់​អូស្ត្រាលី​។

លោក ​ម៉ាឡេស​ បាន​ប្រាប់​ទូរទស្សន៍​ ABC ថា​៖ «តាម​ទស្សនៈ​របស់​អូស្ត្រាលី យើង​យល់​អំពី​ភាព​ស្មុគស្មាញ នៃ​ទំនាក់​ទំនង ប៉ុន្តែ​ប្រទេស​ចិន​កំពុង​ស្វែង​រក​ការ​រៀប​ចំ​ពិភពលោក​ជុំវិញ​ខ្លួន​ឯង តាម​របៀប​ដែល​យើង​មិន​បាន​ឃើញ​ពី​មុន​មក​»​។ លោក​បន្ថែម​ទៀត​ថា​៖ «អ្វី​ទាំង​អស់​នេះ​ខ្ញុំ​គិត​ថា​ នឹង​ធ្វើ​ឱ្យ​វា​ជា​ផ្លូវ​ដ៏​លំបាក​មួយ ក្នុង​ការ​​ឆ្ពោះ​ទៅ​មុខ»។

ការ​លើក​ឡើង​បែប​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua បានធ្វើ​សេចក្ដី​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឺឈាង បាន​ផ្ញើ​សារ​អបអរ​សាទរ​ទៅ​កាន់​រដ្ឋាភិបាលរបស់​​លោក​នាយករដ្ឋមន្ត្រី​ អាន់តូនី អាល់បានីស​ ដែល​អាច​មាន​ន័យ​ថា ​ជា​ការ​បញ្ចប់​ការ​បង្កក​ទំនាក់ទំនង​ការទូត​រយៈ​ពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ចិន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ​ម៉ាឡេស​ បាន​និយាយ​ថា​ លោក​មិន​បាន​ដឹង​អំពី​ការមាន​ទំនាក់ទំនង​ណា​មួយ រវាង​រដ្ឋាភិបាល​របស់​លោក​ និង​ក្រុង​ប៉េកាំង​នោះ​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍