​អ្នកការទូត​រុ​ស្ស៊ី​ជើងចាស់​ម្នាក់ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​លាលែង​ចេញពី​តំណែង ជុំវិញ​ការ​លុកលុយ​របស់​ប្រទេស​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ដើម្បី​ជាការ​តវ៉ា​ខាង​នយោបាយ​ដ៏​កម្រ​មួយ ពី​ការបង្កើត​គោលនយោបាយ​ការ​បរទេស​របស់​ប្រទេស​រុស្ស៊ី​។​

​លោក Boris Bondarev ទីប្រឹក្សា​នៅ​បេសកកម្ម​អចិន្ត្រៃ​យ៍​របស់​រុស្ស៊ី ប្រចាំ​អង្គការសហប្រជាជាតិនៅ​ក្រុង​ហ្សឺ​ណែវ បាន​សរសេរក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​មានការ​ខ្មាសអៀន ចំពោះ​ប្រទេស​ខ្លួន​អ៊ីចឹង​ពីមុនមក​ទេ​»​។​

​អ្នកការទូត​ជើងចាស់​ធ្វើការ ២០ ​ឆ្នាំ ក្នុង​ក្រសួងការបរទេស​រុស្ស៊ី​រូបនេះ បាន​រៀបរាប់ថា​៖ «​ថ្ងៃនេះ​ក្រសួង​ការ​​បរទេស មិនមែន​និយាយ​អំពី​ការទូត​ទេ​។ ទាំងអស់​សុទ្ធតែ​ទាក់ទង​នឹង​វោហារ​ស័ព្ទ​ដ៏​កំរោល ការ​កុហក និង​ការ​ស្អប់ខ្ពើម​។ វា​បម្រើ​ផលប្រយោជន៍​ឱ្យ​មនុស្ស​ក្រុម​តូច ហើយ​សម្រាប់​ប្រជាជន​តិចតួច​បំផុត ដូច្នេះវា​រួម​ចំណែក​ដល់​ភាព​ឯកោ​បន្ថែមទៀត និង​ការរេចរឹលនៃ​ប្រទេស​របស់ខ្ញុំ​»​។ លោក​បាន​បន្តថា​៖ «​រុស្ស៊ី​លែងមាន​សម្ព័ន្ធមិត្ត​ទៀតហើយ ហើយ​គ្មាន​អ្នកណា​ត្រូវ​ស្តីបន្ទោស ក្រៅពី​គោល​​នយោបាយ ដែល​មិន​ប្រុងប្រយ័ត្ន និង​មិន​គិតគូរ​របស់ខ្លួន​នោះឡើយ​»​។​

​លោក Bondarev គឺជា​អ្នកការទូត​ជាន់ខ្ពស់​បំផុត ដែល​មិនទាន់​លាលែង​ពី​តំណែង​ជា​សាធារណៈ​ពី​ក្រសួង​​ការបរទេស​រុស្ស៊ី​ជុំវិញ​សង្គ្រាម ដែល​ចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ​។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត «The Guardian» លោក Bondarev បញ្ជាក់ថា លោក​សរសេរ​សេចក្តី​​ថ្លែងការណ៍​នេះ និង​ដាក់​លិខិត​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ចន្ទ​។​

​លោក Bondarev ប្រាប់ទៀតថា​៖ «​ការសម្រេចចិត្ត​មាន​ភាពសាមញ្ញ​ណាស់​។ នៅពេលដែល​អ្នក​ឃើញថា ប្រទេស​របស់​អ្នក កំពុង​ធ្វើ​រឿង​អាក្រក់​បំផុត ហើយ​ក្នុងនាម​ជា​មន្ត្រីរាជការ អ្នកពាក់ព័ន្ធ​ជាមួយ​រឿង​នោះ វា​ជាការ​​សម្រេចចិត្ត​របស់​អ្នក​គ្រាន់តែ​បញ្ចប់​ទំនាក់ទំនង​រប​ស់​អ្នក​ជាមួយ​រដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​»​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​យើងទាំងអស់គ្នា​ត្រូវតែ​ទទួលខុសត្រូវ ហើយ​ខ្ញុំ​មិន​ចង់​មានការ​ទទួលខុសត្រូវ​ណាមួយ ចំពោះ​អ្វីដែល​ខ្ញុំ​មិន​យល់ស្រប​នោះទេ​»​។​

​ការលាលែង​របស់លោក Bondarev ក៏ត្រូវ​បានបញ្ជាក់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Kommersant ដែល​ធ្វើ​សេចក្ដីរាយការណ៍​ថា មាន​អ្នកការទូត​ផ្សេងទៀត ដែល​លាលែង​ពី​ក្រសួងការបរទេស​រុស្ស៊ី ក្រោយ​ការ​​ឈ្លានពាន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពួកគេ​មិន​បង្ហាញ​ជា​សាធារណៈ​ទេ​។​

​លោក Bondarev និយាយថា ប្រសិនបើ​ប្រទេស​ណាមួយ​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឱ្យ​លោក នោះ​នឹង​ជាការ​ដ៏​ល្អប្រសើរ ព្រោះ​វា​មិនមែនជា​គំនិតល្អ​ទេ ក្នុងការ​ត្រឡប់​ទៅ​រុស្ស៊ី នាពេលនេះ​។ លោក​ថា ការលាលែង​របស់លោក មិនមែន​មានន័យថា ឱ្យ​អ្នក​ផ្សេងទៀត​ធ្វើតាម​នោះទេ ដោយ​លោក​ស្ថិតនៅ​ក្នុងចំណោម​ភាគតិច​ប៉ុណ្ណោះ​ដែល​ធ្វើ​ដូច្នេះ ហើយ​មន្ត្រី​ភាគច្រើន នៅក្នុង​ក្រសួងការបរទេស​រុស្ស៊ី​គាំទ្រ​ប្រតិបត្តិការ​យោធា​៕

​ហួន ឌី​ណា