«អាស៊ី​បូព៌ា​ គឺ​ជា​អ៊ុយក្រែន​នៅ​ថ្ងៃ​ខាង​មុខ» បាន​ក្លាយ​ជា​ឃ្លា ​ដែល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ហ្វូមីអូ គីស៊ីដា (Fumio Kishida) ចូលចិត្ត​ប្រើប្រាស់​បំផុត​។ ចាប់​តាំង​ពី​រុស្ស៊ី​ឈ្លាន​ពាន​​អ៊ុយក្រែន​ កាល​​ពី​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​ លោក​ គីស៊ីដា បាន​និយាយ​ឃ្លា​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​រួម​មាន​ទាំង​ក្នុង​​ទស្សនកិច្ច​ទៅ​ក្រុង​ឡុងដ៍​​ កាល​ពី​ដើម​ខែ​នេះ​ផង​ដែរ។

លោក​ គីស៊ីដា ​ធ្វើ​បែប​នេះ​ ដោយ​ហាក់​ដូចជា​ព្រួយ​បារម្ភ​ថា​ ប្រសិន​បើ​សកម្មភាព​របស់​រុស្ស៊ី មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​សមរម្យ​ទេ​នោះ ​ប្រទេស​ដទៃ​ទៀត​អាច​ធ្វើ​តាម​ ជាពិសេស​​ប្រទេស​ចិន​។​ លោក​​ធ្លាប់​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​អំពី​ចិន​ថា​៖ «យើង​​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​​សកម្មភាព​យោធា​របស់​ចិន​»​។

ទើប​តែ​ចូល​កាន់​អំណាច​ ៨ ​​ខែ​ប៉ុណ្ណោះ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ បាន​ប្រឈម​​នឹង​ការ​ប្រែប្រួល​បរិស្ថាន​ការទូត​អន្តរជាតិ ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​។ វិបត្តិ​នេះ​បាន​លុប​បំបាត់​បទដ្ឋាន​សកល​អាយុ​រាប់​ទសវត្ស​រ៍ ហើយ​នឹង​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ការទូត និង​សន្តិសុខ​​ជុំវិញ​ពិភព​លោក​។

សូម្បី​តែ​មុន​ការ​លុកលុយ​អ៊ុយក្រែន​ លោក ​គីស៊ីដា​ បាន​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​យោធា​ ដើម្បី​រារាំង​ចិន​ក្នុង​ការ​ចាកចេញ​ឆ្ងាយ​អំពី​គោល​នយោបាយ​សន្តិសុខ​អហិង្សា​និយម​ ដែល​កំណត់​អត្តសញ្ញាណ​​ប្រទេស​នេះ ​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។ កាល​ពី​ខែ​ធ្នូ​ លោក​ប្រកាស​អំពី​វិធីសាស្ត្រ​​ផ្ទាល់​របស់​គាត់ ​ចំពោះ​គោល​នយោបាយ​​ការ​បរទេស​ជប៉ុន ដោយ​ហៅ​វា​ថា​ «យុគសម័យ​ថ្មី​នៃ​ការ​ទូត​ជាក់​ស្ដែង​ ដោយ​ផ្អែក​លើ​ភាព​ជាក់ស្ដែង​និយម​ដ៏​តឹងរ៉ឹង និង​ហ្មត់ចត់»​។

ខណៈ​ពេល​ដែល​ព័ត៌មាន​លម្អិត​អំពី​គោលនយោបាយ​ការបរទេស​នេះ​ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ លោក​ គីស៊ីដា ​បក​ស្រាយ​ថា ​គោល​នយោបាយ​​របស់​លោក​មាន​សមាសធាតុ​ចំនួន​ ៣​ ដែល​រួមមាន​ការ​សង្កត់​ធ្ងន់​លើ​គុណ​តម្លៃ​សកលការ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ដោះស្រាយ​ និង​ការ​ការពារ​ចំពោះជីវិត និង​ការ​រស់​នៅ​របស់​ប្រជាជន​​ជប៉ុន​។

អ្នក​វិភាគ​បាន​និយាយ​ថា ​លោក ​គីស៊ីដា​ គឺ​ជា​មេ​ដឹកនាំ​ក្រុម​អហិង្សា​និយម​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ ប៉ុន្តែ​ការ​ប្រកាន់​ជំហរ​បែប​ «ជាក់​ស្ដែង​និយម» គឺ​ហាក់​ដូចជា​បង្ហាញ​ថា ​លោក​ចង់​ទាក់ទាញ​ការ​គាំទ្រ​ពី​ក្រុម​អភិរក្ស​និយម​ក្នុង​បក្ស​ ដែល​គាំទ្រ​ការ​ពង្រីក​ និង​បង្កើន​ការ​ប្រើប្រាស់​កង​យោធា​របស់​ជប៉ុន​។ គេ​គិត​ថា ចុង​ក្រោយ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន​ លោក​ គីស៊ីដា​ នឹង​កាន់​តែ​ពង្រឹង​ជំហរ​នេះ​»​។

ទ្រឹស្ដី​ «ជាក់​ស្ដែង​និយម​» ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ គឺ​ជា​របៀប​​នៃ​ការ​គិត​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ ដែល​មើល​ឃើញ​ថា ​សណ្ដាប់​ធ្នាប់​​អន្តរជាតិ​ និង​ជំហរ​របស់​​ប្រទេស​នីមួយៗ ​គឺ​កំណត់​ដោយ​តុល្យភាព​អំណាច​ ហើយ​មិនមែន​ដោយ​ស្ថាប័ន​អន្តរជាតិ​ ឬ​ឧត្ដមគតិ​នោះ​ទេ​។ បើ​តាម​ទ្រឹស្ដី​នេះ​ ជំហរ​អហិង្សា​របស់​ជប៉ុន ​គឺ​មិន​អាច​ទៅ​មុខ​បាន​ទៀត​ទេ​ ​ក្នុង​បរិបទ​នៃ​សង្គ្រាម​​អ៊ុយក្រែន​ ហើយ​នឹង​តម្រូវ​ឱ្យ​មាន​ការ​ផ្ដោត​លើ​ប្រើប្រាស់​កង​យោធា​របស់​ខ្លួន និង​សម្ព័ន្ធមិត្ត ដូចជា​សហរដ្ឋអាមេរិក​ ដើម្បី​រារាំង​សកម្មភាព​អរិភាព​ពី​សត្រូវ​។

ក្រោម​ការ​គិត​បែប​នេះ​ លោក ​គីស៊ីដា និង​គណបក្ស​កាន់​អំណាច​ធ្វើ​សំណើ​បង្កើន​ការ​ចំណាយ​លើ​យោធា​រហូត​ទ្វេដង ​ចាប់​ពី​ ១​ ភាគរយ ​នៃ​ GDP ទៅ​ដល់ ២ ភាគរយ​នៃ GDP ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​នេះ​។

ប្រសិន​​គណបក្ស​ LDP របស់​លោក គីស៊ីដា ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​នេះ​ លោក​នឹង​មិន​ប្រឈម​ការ​បោះឆ្នោត​ណា​មួយ ​ក្នុង​រយៈពេល​ ៣ ​​ឆ្នាំ​ខាង​មុខ​ ធ្វើ​ឱ្យ​លោក​មាន​សេរីភាព​យ៉ាង​ធំធេង ដើម្បី​អនុម័ត​គោល​នយោបាយ​របស់​លោក​។

ប្រទេស​ចិន ​មិនមែន​ជា​ការ​គំរាម​កំហែង​​តែ​ ១ ​​គត់ ​ចំពោះ​ជប៉ុន​ទេ។ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ម្តង​ហើយ​ម្តង​ទៀត រួម​ទាំង​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ កាល​ពី​ខែ​មីនា ដែល​មាន​សមត្ថភាព​ទៅ​ដល់​ដី​គោក​អាមេរិក​។ កង្វះ​សមត្ថភាព​នៃ​ការ​តបត​ក្នុង​ប្រទេស​ជប៉ុន​ អាច​នឹង​ជំរុញ​ឱ្យ​មាន​ការ​លុក​លុយ​ឈ្លាន​ពាន​របស់​កូរ៉េ​ខាង​ជើង​។ នៅ​កម្រិត​មធ្យម​បំផុត​ គោល​នយោបាយ​របស់​លោក ​គីស៊ីដា​ ផ្ដោត​លើ​ការ​រារាំង​ចិន​ និង​កូរ៉េ​ខាង​ជើង​ ហើយ​ក្នុង​​ពេល​តែ​ ១ បង្កើន​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​។

នេះ​ត្រូវ​​គេ​ឃើញ​ ក្នុង​ដំណើរ​ទស្សនកិច្ច​បរទេស​ដំបូង​របស់​លោក ​ចាប់​តាំង​ពី​ចូល​កាន់​អំណាច​ដោយ​ទស្សនកិច្ច​បែប​នេះ​ បាន​ផ្ដោត​ទៅ​លើ​ប្រទេស​នៅ​តំបន់​អាស៊ី​។ បន្ថែម​ពី​លើ​នេះ​ នៅ​ឆ្នាំ​ក្រោយ​ជប៉ុន​នឹង​កាន់​តំណែង​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ G7 ផង​ដែរ។

បើ​ទោះ​ជា​​មាន​ការ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​បែប​នេះ​ក្ដី​ ក៏​ជប៉ុន​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ជាមួយ​កូរ៉េខាងត្បូង​។ ភាព​តានតឹង​បាន​កើន​ឡើង​ជាមួយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ មូន ជេអ៊ីន​ ជុំវិញ​បញ្ហា​ប្រវត្តិសាស្ត្រ​​មួយ​ចំនួន​។ ក្រោយ​មក​ ប្រភព​ក្នុង​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​រាយការណ៍​ថា ​ប្រធានាធិបតី​​ថ្មី​របស់​កូរ៉េខាងត្បូង​លោក ​យូន សុកយុល​ បាន​ធ្វើ​ទំនាក់ទំនង​​​​មក​ជប៉ុន​ ដើម្បី​ចរចា​ការ​ចូលរួម​ក្នុង​វេទិកា​សន្តិសុខ Quad ដែល​មាន​សមាជិក​ជប៉ុន អាមេរិក​ ឥណ្ឌា និង​អូស្ត្រាលី​។ ប្រទេស​ជប៉ុន​ មាន​ភាព​ស្ទាក់ស្ទើរ​ចំពោះ​គំនិត​នេះ ដោយសារ​ក្របខ័ណ្ឌ​ Quad បាន​ផ្ដោត​ជា​ចម្បង​លើ​ការ​ជួយ​ប្រទេស​ឥណ្ឌា​។ ចុង​ក្រោយ​លោក​ យូន ​មិន​បាន​មាន​វត្តមាន​ក្នុង​មហាសន្និបាត​នោះ​ទេ​៕

វីដេអូ៖