ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ វា​គឺ​ជា​កំហុស​មួយ​សម្រាប់​ប្រធាន​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​យល់ព្រម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​ ការ​បិទ​មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​ចូល​ទៅ​កាន់​តំបន់​ស៊ីនជាំង​​អាច​ប៉ះពាល់​ដល់​ការ​ត្រួត​ពិនិត្យ​លើ​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ទីក្រុង​ប៉េកាំង​។

ក្នុង​អំឡុង​​ដំណើរ​ទស្សនកិច្ច​រយៈពេល ៦ ​ថ្ងៃ​របស់​ខ្លួន ​ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នក​ស្រី​ Michelle Bachelet ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ភាគ​ខាង​លិច​ស៊ីនជាំង​​ ​ជា​កន្លែង​ដែល​ការិយាល័យ​អ្នកស្រី​​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា​ ខ្លួន​ជឿ​ថា​​ ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ជាច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន​ ធ្វើ​បាប​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​។

សហរដ្ឋ​អាមេរិក​ ហៅ​អំពើ​ដែល​ស្ថិតនៅ​ក្រោម​ការ​ចោទ​ប្រកាន់​បែប​នេះ​ថា​ ជា​ «​អំពើ​ប្រល័យ​ពូជ​សាសន៍​»​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ បដិសេធ​រាល់​ការ​អះអាង​ទាំង​អស់។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក ​Ned Price ​ប្រាប់​ថា​៖ «​យើង​មិន​​រំពឹង​​ថា​ ប្រទេស​ចិន នឹង​ផ្ដល់​​សិទ្ធិ​ចូល​ប្រើប្រាស់​ចាំបាច់ ដើម្បី​​ធ្វើ​ការ​វាយ​តម្លៃ​ពេញ​លេញ​ និង​គ្មាន​ការ​ចាត់ចែង​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង​»។

លោក​ Price ​​និយាយ​ថា​៖​ «​យើង​គិត​ថា ​វា​ជា​កំហុស​ក្នុង​ការ​យល់​ព្រម​បំពេញ​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​កាលៈទេសៈ​នេះ​»​។ ​លោក​បន្ថែម​ថា​ អ្នក​ស្រី​ Bachelet ​នឹង​មិន​អាច​ទទួល​បាន​រូបភាព​ពេញលេញ​ពី «​អំពើ​ឃោរឃៅ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​»​ នៅ​ក្នុង​តំបន់​នោះ​ទេ​។​​

អ្នកស្រី​ Bachelet ​​​ស្នើសុំ​ឱ្យ​មាន​ការ​ចូល​ទៅ​កាន់​តំបន់​ស៊ីនជាំង​ ដោយ​គ្មាន​ការ​ហាមឃាត់​ តែ​ក្រសួង​ការ​បរទេស​របស់​​ចិន​​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ «​រង្វង់​បិទ​ជិត​»​ ដោយ​សំដៅ​លើ​វិធានការ​ចត្តាឡីស័ក ដើម្បី​ការពារ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។​

ដំបូង​ឡើយ​​ ចិន​​បដិសេធ​ថា ​មិន​មាន​ជំរំ​ឃុំឃាំង​ណា​មួយ​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​មក​​ទទួល​ស្គាល់​ថា ខ្លួន​បាន​បង្កើត​ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​»​ ចាំបាច់​ ដើម្បី​ទប់ស្កាត់​អ្វី ​ដែល​ខ្លួន​​និយាយ​ថា​ ជា​អំពើ​ភេរវកម្ម​ការ​បំបែក​ខ្លួន​ និង​លទ្ធិ​សាសនា​ជ្រុល​និយម​នៅ​ក្នុង​តំបន់​ស៊ីនជាំង​៕

ហួន ឌីណា

វីដេអូ៖