ស្រប​ពេល​កំពុង​មាន​​សង្គ្រាម​​ឆាបឆេះ​​​ ក្នុង​ប្រទេស​​អ៊ុយ​ក្រែន​​ មេរោគ​ជំងឺ​អុតស្វា​ បង្ក​ការ​​រីក​រាលដាល​ដល់​មនុស្ស​ជាច្រើន​នៅ​អឺរ៉ុប​ និង​បង្ក​ការ​ព្រួយ​បារម្ភ​ខ្លាំង​​លើ​ផល​ប៉ះពាល់​ដល់​អាយុ​ជិវិត​ ដោយសារ​ការ​មើល​ស្រាល​ដល់​ស្ថានភាព​ជំងឺ​នេះ។

អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​និយាយ​ថា​ ជំងឺ​អុតស្វា​ ទំនង​ជា​មិន​ធ្វើ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ដូច​ជំងឺ​កូវីដ​ ដែល​បាន​សម្លាប់​មនុស្ស​​រាប់លាន​នាក់​ និង​ធ្វើ​ឱ្យ​​មនុស្ស​ជាង​កន្លះ​ពាន់លាន​នាក់​ឆ្លង​ និង​បំផ្លាញ​សេដ្ឋកិច្ច​ពិភព​លោក​អស់​រយៈពេល​ ២ ​ឆ្នាំ​នោះ​ទេ​។

ទោះ​យ៉ាង​ណា​ ប្រជាជន​នៅ​អឺរ៉ុប​ហាក់ដូច​​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​ថ្មី​នេះ។ លោក Adrian Sanjose អាយុ ៣៨ ឆ្នាំ មក​ពី​ប្រទេស​អេស្ប៉ាញ​ បាន​និយាយ​ថា៖ «​ប្រតិកម្ម​ដំបូង​របស់​ខ្ញុំ​ គឺ​មាន​ជំងឺ​ប៉េស្ត​ថ្មី​ទៀត​ហើយ?​ កើត​ស្អី​ទៀត​ហើយ? យើង​​មាន​​ជំងឺ​​រាត​ត្បាត សង្គ្រាម ហើយ​ឥឡូវ​នេះ មាន​ជំងឺ​អ្វី​ទៀត​ហើយ?»។

អ្នកស្រី SourenaNaji វ័យ ២៧ ​ឆ្នាំ ជា​អ្នក​ក្រឡុកស្រា នៅ​ភាគ​ខាង​កើត​ទីក្រុង​ឡុងដ៍ បាន​និ​យាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «ខ្ញុំ​កំពុង​​ព្យាយាម​គិត​អ្វី​ដែល​​វិជ្ជមាន​ ហើយ​ធ្វើ​មិន​ខ្វល់​ពី​វា​ទេ។ ប៉ុន្តែ​ពេល​ឮ​​ម្ដងៗ​ ខ្ញុំ​គិត​ខ្លួន​ឯង​ថា ទៀត​ហើយ​មែន​ទេ​?»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចម្លង​​ពី​មនុស្ស​ទៅ​មនុស្ស​​របស់​ជំងឺ​អុតស្វា​​ ដែល​បាន​​រាតត្បាត​​នៅ​អាហ្រ្វិក​ខាង​លិច និង​កណ្តាល​ជា​ទូទៅ​ឆ្លង​ដោយ​ការ​ប៉ះ​ពាល់​ជិត​ស្និទ្ធ​ជាមួយ​សត្វ​ (ជា​ករណី​កម្រ​ណាស់) និង​ការ​ប៉ះ​រាងកាយ​ជិត​ស្និទ្ធ​។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក។​​ រោគ​សញ្ញា​ រួម​មាន​គ្រុន​ក្តៅ​ ឈឺ​បំពង់​ក​ ក្អក ​អស់​កម្លាំង ឈឺ​ខ្លួន និង​កន្ទួល​​ធំៗ។

ទោះ​ជា​យ៉ាង​ណា​គិត​ត្រឹម​សប្តាហ៍​នេះ នៅ​អឺរ៉ុប​គេ​ទើប​រក​​ឃើញ​ករណី​ជំងឺ​អុតស្វា​ច្រើន​ជាង ២០០ ​ករណី និង​​សង្ស័យ​តែ​រាប់​សិប​ករណី​​ទៀត​ប៉ុណ្ណោះ។​ ដោយ​ឡែក មន្ត្រី​សុខាភិបាល និង​អង្គការ​នានា បាន​ព្យាករ​ថា​ ករណី​មេរោគ​នេះ នឹង​កើន​ឡើង ​ហើយ​ខ្លួន​ក៏​កំពុង​ធ្វើ​ការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​របស់​វា​ផង​ដែរ។

យោង​តាម​គម្រោង​ទិន្នន័យ​ Global.health គិត​ត្រឹម​ថ្ងៃ​ពុធ ចក្រភពអង់គ្លេស បាន​រាយ​ការណ៍​អំពី​ករណី​ជំងឺ​អុតស្វា​ចំនួន ៧១ ​ករណី និង ១៣៣ ​ករណី​ផ្សេង​ទៀត នៅ​ទូទាំង​សហភាព​អឺរ៉ុប។ ដោយ​ឡែក នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​រក​ឃើញ​ករណី​ចំនួន ២ ករណី និង​កំពុង​តាមដាន​​អ្នក​ជំងឺ​ចំនួន ៦ នាក់​ផ្សេង​ទៀត ដែល​សង្ស័យ​ថា​ ឆ្លង​ជំងឺ​នេះ​។

សាស្ត្រាចារ្យ​ Francois Balloux នាយក​វិទ្យាស្ថាន​ហ្ស៊ែន​​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ University College London បាន​និយាយ​ថា ទោះបី​ជា​ករណី​ ហាក់​ដូចជា​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ ​​ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​ថា​ កំណើន​ករណី​ប្រចាំ​ថ្ងៃ​​ ឬ​ការ​រក​ឃើញ​មេរោគ​ដែល​កំពុង​ចរាចរ​​សម្រាប់​សប្តាហ៍​មួយ​ចំនួន​មាន​ការ​កើន​ឡើង​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

លោក​បាន​​បន្ត​​​ថា​៖ «​​​​វា​​អាច​​នឹង​​​រលត់​ទៅ​​វិញ​ជា​មិន​ខាន​ ប៉ុន្តែ​ក៏​អាច​មាន​ភាគរយ​ដែល​ថា​ វា​មិន​អាច​បាត់​វិញ​ភ្លាមៗ​ដែរ​។ អ្វី​ក៏​​​ដោយ​ដែល​កើត​ឡើង​មិន​ប្រាកដ​ថា​ នឹង​កាច​សាហាវ​ហើយ​​​រាតត្បាត​ខ្លាំង​ដូច​ជំងឺ​​កូវីដ​ដែរ។ ប្រទេស​​នានា​ មាន​​​ស្តុក​​ថ្នាំ​​​បង្ការ​​​ជំងឺ​​អុតស្វា​​​រួច​ហើយ​ ជាមួយ​នឹង​ការ​មាន​​ប្រសិទ្ធភាព​​ខ្លះ​​​ៗ​ ប៉ុន្តែ​​​​មាន​​ប្រសិទ្ធភាព​តែ​លើ​ករណី​​ស្រាល​​ជាង​​ធម្មតា​ប៉ុណ្ណោះ​។ ​​ដំណាក់​កាល​នេះ ​យើង​ពិត​ជា​មិន​រំពឹង​ថា​ នឹង​មាន​ការ​ផ្ទុះ​ឡើង​ដែល​មិន​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​នោះ​ទេ​»។

អង្គការ​សុខភាព​ពិភព​លោក​ចាត់​ទុក​ជំងឺ​អុតស្វា​​ ជា​ជំងឺ​រាតត្បាត​ក្នុង​ប្រទេស​អាហ្វ្រិក​រាប់​សិប​ ហើយ​បាន​កត់ត្រា​ការ​ផ្ទុះ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​មុន ​នៅ​ប្រទេស​នីហ្សេរីយ៉ា​ កាមេរូន សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​សាធារណ​​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ។

អាជ្ញាធរ​សុខាភិបាល​នៅ​អឺរ៉ុប​បាន​និយាយ​ថា​ ករណី​របស់​ពួក​គេ​​ភាគ​ច្រើន​ ត្រូវ​បាន​រាយការណ៍​ក្នុង​ចំណោម​​​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ឬ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ មជ្ឈមណ្ឌល​អឺរ៉ុប សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​​ជំងឺ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បង្កើន​​ការ​យល់ដឹង ​ជា​ពិសេស​ក្នុង​ចំណោម​បុរស ដែល​រួម​ភេទ​ជាមួយ​​បុរស​ផ្សេង​ទៀត ដែល​រួមភេទ​ធម្មតា​ ឬ​មាន​ដៃគូ​រួម​ភេទ​ច្រើន​។

លោក Alex Sparrowhawk អ្នក​តំណាង​អង្គការ ​Terrence Higgins Trust ដែល​ជា​អង្គការ​​សប្បុរសធម៌​របស់​ចក្រភព​អង់គ្លេស ដែល​ផ្តល់​សេវាកម្ម​ទាក់ទង​​នឹង​ជំងឺ​ H.I.V. និង​សុខភាព​ផ្លូវ​ភេទ​បាន​និយាយ​ថា អង្គការ​បាន​ទទួល​សំណួរ​ស្ដីពី​ជំងឺ​ និង​ជូន​ដំណឹង​ដល់​អ្នក​ ដែល​អាច​មាន​ការ​ព្រួយ​បារម្ភ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ស្វែងរក​ការ​ថែ​ទាំ​ ប្រសិន​បើ​ចាំបាច់​។ ប្រជាជន​ទាំង​អស់​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ ចំពោះ​របៀប​ដែល​មេរោគ​ឆ្លង​៕

វីដេអូ៖