រុស្ស៊ី​និយាយ​ថា​ ការ​ដាក់​ពាក្យ​ស្នើសុំ​សមាជិកភាព​អង្គការ​ណាតូ​របស់​ប្រទេស​ហ្វាំងឡង់​អាច​បង្ក​បញ្ហា​ទឹកដី​ធំ​ៗ​ចំនួន​ ២ ​ជុំវិញ​កោះ​អួរឡេន​ (Åland) ដែល​ជា​តំបន់​ស្វយ័ត​គ្មាន​យោធា​ និង​ប្រឡាយ​ទឹក​ស៊ៃម៉ា ដែរ​ហូរ​ឆ្លង​កាត់​ទឹកដី​សម្បទាន​ពី​រុស្ស៊ី​។

រុស្ស៊ី​បាន​បង្ហាញ​ការ​ប្រឆាំង​រួច​ទៅ​ហើយ ចំពោះ​ការ​ដាក់​ពាក្យ​របស់​ប្រទេស​ហ្វាំងឡង់​ និង​ស៊ុយអែត ដើម្បី​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​លោក​ខាង​លិច​។ ប្រទេស​ទាំង​ ២ ​នេះ ​បាន​រក្សា​ជំហរ​អព្យាក្រឹត្យ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ជា​សមាជិក​ណាតូ បន្ទាប់​ពី​រុស្ស៊ី​សម្រេច​ចិត្ត​ធ្វើ​ការ​ឈ្លានពាន​អ៊ុយក្រែន​។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RIA Novosti ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​សហភាព​អឺរ៉ុប​លោក វ្ល៉ាឌីមៀរ ឈីហ្សូវ បាន​និយាយ​ថា ការ​ចូល​ជា​សមាជិក​របស់​ហ្វាំងឡង់ នឹង​ធ្វើ​ឱ្យ​មាន​សំណួរ​មិន​ទាន់​មាន​ចម្លើយ​អំពី​ទឹកដី​ទាំង ២ ខាង​លើ​នេះ​។

កោះ​អូរឡេន​ មាន​ទីតាំង​នៅ​ដែន​សមុទ្រ​រវាង​ហ្វាំងឡង់​ និង​ស៊ុយអែត​ ហើយ​ធ្លាប់​ជា​ទឹក​ដី​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ ២​។ ប្រជាជន​ភាគ​ច្រើន​ចាត់​ទុក​ខ្លួន​ឯង​ថា ​ជា​ជនជាតិ​ស៊ុយអែត​ ហើយ​កាល​ពី​ដើម​សតវត្សរ៍​ទី​ ២០ ពួកគេ​បាន​ព្រួយបារម្ភ​ថា ពួកគេ​ប្រឈម​មុខ​នឹង​ការ​លុប​បំបាត់​ភាសា ​និង​ប្រពៃណី ​ដោយ​រដ្ឋាភិបាល​ហ្វាំងឡង់​ ដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​យោធា​។ ជម្លោះ​នេះ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​មាន​ការ​សម្រេច​ថា ហ្វាំងឡង់​នឹង​រក្សា​អធិបតេយ្យភាព​លើ​កោះ​នេះ​ ប៉ុន្តែ​បាន​ផ្ដល់​សិទ្ធ​ស្វយ័ត​ភាព​លើ​កោះ​នេះ​ ដោយ​មាន​លក្ខខណ្ឌ​រក្សា​អព្យាក្រឹតភាព​នយោបាយ​ និង​គ្មាន​យោធា​។

លោក​ឈីហ្សូវ​ ក៏​បាន​លើកឡើង​អំពី​ប្រឡាយ​ទឹក​ស៊ៃម៉ា​ផង​ដែរ​ ដែល​ជា​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​​ពី​ភូមិភាគ​កណ្ដាល នៃ​ប្រទេស​ហ្វាំងឡង់​មក​កាន់​ឈូង​សមុទ្រ​ហ្វាំងឡង់​។ បន្ទាប់​ពី​សង្គ្រាម​ជាមួយ​សហភាព​សូវៀត​ ហ្វាំងឡង់​ បាន​បោះបង់​ផ្នែក​ដ៏​ធំ​មួយ​នៃ​ប្រឡាយ​នេះ​ទៅ​ឱ្យ​រុស្ស៊ី​ ដូច្នេះ​ប្រទេស​ហ្វាំងឡង់ ត្រូវ​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជួល​ដែនដី​ទាំង​នេះ​ពី​រុស្ស៊ី​ ដើម្បី​បន្ត​ការ​ប្រើប្រាស់​ប្រឡាយ​។ លោក​ឈីហ្សូវ​ បាន​សួរ​ថា​៖ «តើ​ឥឡូវ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​វា?»​៕

វីដេអូ៖