កាល​ពី​ថ្ងៃ​អង្គារ​ទី ​២៤ ខែឧសភា​ ប្រទេស​ចិន និង​រុស្ស៊ី បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើក​ដំបូង បន្ទាប់​ពី​ក្រុង​ម៉ូស្គូ​ ធ្វើ​ការ​ឈ្លានពាន​អ៊ុយក្រែន ​ដោយ​ធ្វើ​ការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​រួមគ្នា​ ទៅ​កាន់​ដែន​សមុទ្រ​អាស៊ី​បូព៌ា​ ក្នុង​អ្វី ​ដែល​ត្រូវ​បាន​គេ​ឃើញ​ថា ​ជា​ការ​បង្ហាញ​សាច់ដុំ ខណៈ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូបៃដិន​ កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​នេះ​។

រដ្ឋាភិបាល​អាមេរិក បាន​និយាយ​ថា ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ និង​ចិន ​បាន​ហោះ​កាត់​ដែន​សមុទ្រ ​រវាង​ជប៉ុន​ និង​ឧបទ្វីប​កូរ៉េ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​កើត​ និង​សមុទ្រ​ហ្វីលីពីន​។ គេ​ក៏​មាន​ការ​សង្ស័យ​ថា ​ការ​សមយុទ្ធ​ក៏​មាន​ការ​ចូល​រួម​របស់​នាវា​ចម្បាំង​ចិន​ផង​ដែរ​។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា យន្តហោះ​យោធា​ចិន​ចំនួន​ ២ និង​រុស្ស៊ី​ចំនួន​ ៤ ​បាន​ហោះ​ចូល​ដែន​អាកាស​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ ប៉ុន្តែ​មិន​បាន​ហោះ​ចូល​ដែនអាកាស​អធិបតេយ្យ​របស់​ខ្លួន​ទេ​។ យោធា​កូរ៉េខាងត្បូង បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​យន្តហោះ​ទាំង​នេះ ដើម្បី​ធានា​ថា ​ពួកគេ​មិន​ហោះ​ចូល​ដែនអាកាស​អធិបតេយ្យ និង​នាំ​ផ្លូវ​ពួកគេ​ឱ្យ​ចាកចេញ​។

យោធា​ជប៉ុន​ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ធ្វើ​ការ​ឃ្លាំមើល ហើយ​ធានា​ថា ​យន្តហោះ​ទាំង​នេះ​មិន​បាន​ហោះ​ចូល​ដែន​អាកាស​របស់​ពួកគេ​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក ​ណូប៊ូអួ គីស៊ី​ បាន​និយាយ​​ថា​៖ «យើង​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​ នៅ​ចំ​កណ្ដាល​ នៃ​កិច្ច​ប្រជុំ​កំពូល ​រវាង​ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក អូស្ត្រាលី និង​ឥណ្ឌាថា ​មាន​បំណង​បង្ហាញ​សាច់ដុំ​ប្រឆាំង​ជប៉ុន​ ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ​»។

«នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ កំពុង​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន ប្រទេស​ចិន​កំពុង​ធ្វើ​សកម្មភាព​រួមគ្នា​ជាមួយ​នឹង​អ្នក​ឈ្លានពាន​រុស្ស៊ី​» លោក​ណូប៊ូអូ​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ ហើយ​មិន​អាច​មើល​រំលង​វា​បាន​ទេ​»​៕

វីដេអូ៖