កាល​ពី​ដើម​សប្ដាហ៍​នេះ​ មាន​សកម្មភាព​ការ​ទូត​កម្រិត​កំពូល​ជា​ច្រើន ​នៅ​តំបន់​អាស៊ី​។ គោល​បំណង​ពី​ក្រោយ​ ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ​ចូ បៃដិន​ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​វេទិកា​សន្តិសុខ Quad និង​ការ​ប្រកាស​បង្កើត​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺ​ជា​ការ​ប្រមូល​ផ្ដុំ​សម្ព័ន្ធមិត្ត ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ទំនាក់ទំនង​ចិន-អាមេរិក​ កំពុង​ជួប​នូវ​ភាព​រង្គោះរង្គើ​ក្នុង​ការ​ឈាន​ទៅរក​ស្ថានភាព​ដ៏​គួរ​ព្រួយ​បារម្ភ។ នេះ​គឺ​ជា​កង្វល់​​ដ៏​ធំ​មួយ ​សម្រាប់​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង​ ខណៈ​ពេល​ដែល​លោក​កំពុង​ពិចារណា​ឈរ​ឈ្មោះ​កាន់​អំណាច​ ១ ​អាណត្តិ​ទៀត ​នៅ​សមាជជាតិ​ចុង​ឆ្នាំ​នេះ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ មតិ​សាធារណៈ​នៅ​​ចិន​ គឺ​បែកខ្ញែក​យ៉ាង​ខ្លាំង ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន​។ ក្នុង​​កាលៈទេសៈ​នេះ​ លោក​ ស៊ី​ បាន​ព្យាយាម​ចាត់​វិធានការ​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​។

លោក​ ស៊ី​ ហាក់​បី​ដូចជា​បាន​បញ្ជា​ឱ្យ​អនុ​ប្រធានាធិបតី​លោក ​វ៉ាង ឈីសាន​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធមួយ​របស់​លោក ឱ្យ​ចាប់​ផ្ដើម​នូវ​ការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុង​វ៉ាស៊ីនតោន​ឡើង​វិញ​។ លោក​ វ៉ាង​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​​ក្រុមហ៊ុន​នៅ​លោក​ខាង​លិច ដោយសារ​តែ​អាជីព​ដ៏​យូរ​អង្វែង​របស់​គាត់​ជា​និយតករ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​របស់​ប្រទេសចិន​។

កាល​ពី​ថ្ងៃទី​ ១០ ខែ​ឧសភា​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី​លោក​ យូន សុក-យូល​ បាន​រៀបចំ​កម្មវិធី​ចូល​កាន់​អំណាច​ ហើយ​លោក ​ស៊ី ​បាន​បញ្ជូន​លោក ​វ៉ាង ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ ​ក្នុង​នាម​ជា «អ្នក​តំណាង​ពិសេស​របស់​ប្រធានាធិបតី​ចិន​ ស៊ី ជីនភីង»​។ លោក ​វ៉ាង​ បាន​ប្រគល់​សំបុត្រ​ផ្ទាល់​ខ្លួន​ពី​លោក ​ស៊ី ទៅ​ឱ្យ​លោក​ យូន។

កាល​នោះ​អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា ​ការ​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ដូច​លោក ​វ៉ាង​ ទៅ​ចូល​កម្មវិធី​បែប​នេះ​ គឺ​មាន​លក្ខណៈ​មិន​ធម្មតា​ បើ​ធៀប​ទៅ​នឹង​គណៈប្រតិភូ​របស់​សហរដ្ឋអាមេរិក ​ដែល​ដឹកនាំ​ដោយ​លោក ​ដាហ្គោលាស អេមហូហ្វ ដែល​ជា​ស្វាមី​របស់​លោកស្រី​អនុ​ប្រធានាធិបតី​ កាម៉ាឡា​ ហារីស​។ ការ​ធ្វើ​បែប​នេះ​អាច​មាន​ន័យ​ថា ​ចិន​កំពុង​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ពួក​គេ​ ប៉ុន្តែ​អ្នក​សង្កេត​មួយ​ចំនួន​ លើក​ឡើង​​ថា ​លោក​ វ៉ាង ​អាច​មាន​បេសកកម្ម​សំខាន់​មួយ​ទៀត​។

អ្នក​ដឹង​អំពី​ការ​ពិភាក្សា​បាន​និយាយ​ថា គណៈប្រតិភូ​ដឹក​នាំ​ដោយ​លោក​ វ៉ាង​ ​បាន​ឱ្យ​សញ្ញា​ទៅ​កាន់​គណៈប្រតិភូ​អាមេរិក​ថា​ ក្រុង​ប៉េកាំង​​ ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ពិភាក្សា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ បន្ថែម​ពី​លើ​នេះ​ លោក​ វ៉ាង ​ក៏​​ព្យាយាម​ស្ទង់​មើល​ថា ​តើ​អាច​រៀប​កិច្ច​ពិភាក្សា​ជាន់​ខ្ពស់​ណា​មួយ រវាង​ប្រទេស​ទាំង​ ២ ​នៅ​ពេល​​អនាគត​ផង​ដែរ​។

កម្មវិធី​ចូល​កាន់​អំណាច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​ទំនាក់ទំនង​ស្ងាត់ៗ​បែប​នេះ​។ កម្មវិធី​នេះ​ បាន​អនុញ្ញាត​ឱ្យ​លោក ​វ៉ាង​ ធ្វើ​សកម្មភាព​ដោយ​មិន​ទាក់ទាញ​អារម្មណ៍​ពី​អ្នក​សារព័ត៌មាន​។

មុខងារ​ជា «អ្នក​តំណាង​ពិសេស​របស់​ប្រធានាធិបតី​ចិន ​ស៊ី ជីនភីង​» គឺ​ជា​មុខងារ​ដ៏​សំខាន់​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​សូម្បី​តែ​ប្រមុខ​ការទូត​បក្ស​កុម្មុយនីស្ត​ចិន​លោក ​យ៉ាង ជាឈី និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ វ៉ាង យី​ មិន​អាច​បំពេញ​បាន​។ ការ​ផ្ដល់​មុខងារ​នេះ​ទៅ​ឱ្យ​លោក​ វ៉ាង​ គឺ​ជា​ការ​ផ្ដល់​ទម្ងន់​ទៅ​លើ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​សេអ៊ូល ​ផង​ដែរ​។

មិន​យូរ​ប៉ុន្មាន​សកម្មភាព​របស់​លោក​ វ៉ាង​ ទទួល​បាន​ផល​​ នៅ​ពេល​ដែល​លោក​ យ៉ាង ជាឈី បាន​ធ្វើ​​ការ​សន្ទនា​តាម​ទូរស័ព្ទ ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក ​ជេក ស៊ូលីវ៉ាន់​។

បន្ទាប់​ការ​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ ​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua បាន​រាយការណ៍​ថា លោក​យ៉ាង​បាន​ប្រាប់​លោក ​ស៊ូលីវ៉ាន់ ​ថា​៖ «ភាគី​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ឱកាស​ជា​ច្រើន​ថា ខ្លួន​អនុវត្ត​តាម​គោលនយោបាយ​ចិន​តែ​ ១ និង​មិន​គាំទ្រ ចំពោះ​ឯករាជភាព​របស់​តៃវ៉ាន់​នោះ​ឡើយ។ ប៉ុន្តែ​សកម្មភាព និង​សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មី​ៗ​នេះ​ លើ​សំណួរ​ពាក់​ព័ន្ធ​នឹង​​តៃវ៉ាន់ ​គឺ​ខុស​គ្នា​ខ្លាំងណាស់​»​។

លោក​យ៉ាង​បន្ត​ទៀត​ថា​៖ «ប្រសិន​បើ​ភាគី​អាមេរិក​ នៅ​តែ​បន្ត​លេង​សន្លឹក​បៀ​​តៃវ៉ាន់ ហើយ​បន្ត​ដើរ​លើ​ផ្លូវ​ខុស វា​ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ស្ថិត​ក្នុង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​»។

ប៉ុន្តែ​អ្វី​ ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​គឺ​ល្បះ ដែល​បញ្ចប់​របាយការណ៍​របស់​ Xinhua ដែល​សរសេរ​ថា​៖ «ពួក​គេ (លោក​យ៉ាង និង​លោក​ស៊ូលីវ៉ាន់) ក៏​បាន​ផ្លាស់​ប្ដូរ​នូវ​ទស្សនៈ​ស្ដីពី​អ៊ុយក្រែន និង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​អន្តរជាតិ​នៅ​តំបន់​មួយ​ចំនួន​ទៀត​»​។

ការ​លើក​ឡើង​ទាំង​នេះ​ អាច​បង្កប់​​ន័យ​ថា​ ចិន​គឺ​កំពុង​បញ្ជូន​សារ​ទៅ​អាមេរិក ​ប្រសិន​​ពួក​គេ​ចង់​ចៀស​ពី​ការ​​បន្ត​​បង្កើន​នូវ​ភាព​តានតឹង​បន្ថែម​ទៀត​លើ​បញ្ហា​កោះ​តៃវ៉ាន់​ នោះ​ចិន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ ​ដោយ​មាន​កម្រិត​ជាក់លាក់​មួយ​លើ​ស្ថានភាព​នៅ​អ៊ុយក្រែន និង​ឧបទ្វីប​កូរ៉េ​ ខណៈ​ពេល​ដែល​​កូរ៉េខាងជើង ​ត្រៀម​​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្ដង​ទៀត​។

ពួក​គេ​អាច​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ ១ ទល់ ​១ ​រវាង​លោក ​បៃដិន និង​លោក​ ស៊ី​ ដោយ​ក្នុង​នោះ​ ចិន​អាច​ទំនង​នឹង​ធ្វើ​ការ​ទាមទារ​បន្ថែម​ទៀត​ រួមមាន​ការ​លុប​ចោល ឬ​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​ចិន​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​ថា​ លោក ​ស៊ូលីវ៉ាន់​ ក៏​ឱ្យ​តម្រុយ​យ៉ាង​ខ្លាំង​ថា ​លោក ​បៃដិន និង​លោក ស៊ី​ អាច​នឹង​ជួប​គ្នា​ពេល​ឆាប់ៗ​នេះ​។ ក្នុង​អំឡុង​ពេល​ហោះ​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​សេអ៊ូល​ លោក​ ស៊ូលីវ៉ាន់​ បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ថា​៖ «ខ្ញុំ​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ​ ប្រសិន​បើ​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ លោក​ប្រធានាធិបតី​ បៃដិន និង​លោក​ប្រធានាធិបតី​ ស៊ី នឹង​និយាយ​គ្នា​ម្ដង​ទៀត​»​។ ការ​លើក​ឡើង​របស់​លោក ស៊ូលីវ៉ាន់​ បាន​បង្ហាញ​ថា ការ​ពិភាក្សា​រវាង​ចិន និង​អាមេរិក គឺ​កំពុង​ទៅ​មុខ​ដោយ​រលូន​។

លោក​ ស៊ូលីវ៉ាន់ ក៏​បាន​បង្ហាញ​តម្រុយ​ដ៏​សំខាន់​មួយ​ទៀត​ដែរ​ ដោយ​​និយាយ​ថា ​កោះ​តៃវ៉ាន់ ​នឹង​មិន​ចូល​រួម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ សម្រាប់​ពេល​ឥឡូវ​នេះ​ទេ​។ នេះ​​ គឺ​ជា​កាយ​វិការ​សុច្ឆន្ទៈ​ពី​ភាគី​អាមេរិក​ទៅ​កាន់​ភាគី​ចិន​៕

វីដេអូ៖