កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៣ ខែ​ឧសភា​ បុណ្យ​សព​របស់​នាយទាហាន​អ៊ីរ៉ង់​មួយ​រូប ​ត្រូវ​បាន​រៀប​ចំនៅ​ក្រុង​តេអេរ៉ង់ ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​រាប់​ពាន់​នាក់​ ដែល​បាន​ទាមទារ​ឱ្យ​មាន​ការ​សងសឹក​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​។

កាល​ពី​ថ្ងៃ​អាទិត្យ​ វរសេនីយ៍​ឯក​ សាយាហ្វ ខូដាយី​ ត្រូវ​បាន​ខ្មាំង​កាំភ្លើង​ ២​ នាក់ បាញ់​សម្លាប់​នៅ​មុខ​គេហដ្ឋាន​របស់​លោក​។ រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ​អ៊ីស្រាអែល​ គឺ​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​ឃាត​ ដែល​មាន​សញ្ញា​ដូច​ការ​ធ្វើ​ឃាត​មុនៗ​ ក្នុង​សង្គ្រាម​ងងឹត​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

មេបញ្ជាការ​កំពូល​នៃ​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​ និង​កង​កម្លាំង​ឃូដ​ (Quds Force) ដែល​ជា​អគ្គភាព​ប្រតិបត្តិការ​សម្ងាត់​ក្រៅ​ព្រំដែន​អ៊ីរ៉ង់​ បាន​ចូល​រួម​ក្នុង​បុណ្យ​សព​នេះ​ ដែល​ជា​ការ​ឱ្យ​តម្រុយ​អំពី​មុខ​ងារ​របស់​វរសេនីយ៍​ឯក​រូប​នេះ​។

រដ្ឋាភិបាល​អ៊ីស្រាអែល​ បាន​បដិសេធ​ ក្នុង​ការ​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ប្រភព​ពី​​រដ្ឋាភិបាល​អាមេរិក ​បាន​ប្រាប់​កាសែត​ The New York Times ថា អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ដល់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​ថា ខ្លួន​ពិត​ជា​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​នេះ​។

បើ​តាម​ប្រភព​​នេះ​ អ៊ីស្រាអែល​បាន​ធ្វើ​ឃាត​នាយ​ទាហាន​រូប​នេះ​ ដើម្បី​ព្រមាន​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ក្រុម​សម្ងាត់​មួយ ​ក្នុង​កង​កម្លាំង​ឃូដ ដែល​គេ​ស្គាល់​ថា អង្គភាព​ ៨៤០​។ អ៊ីស្រាអែល​បាន​អះអាង​ថា អង្គភាព​ ៨៤០ ត្រូវ​បាន​គេ​ផ្ដល់​ភារកិច្ច​ឱ្យ​ចាប់​ខ្លួន​ និង​ធ្វើ​ឃាត​ជន​បរទេស នៅ​ជុំវិញ​ពិភពលោក​ ដែល​រួមមាន​ប្រជាជន​ និង​មន្ត្រី​អ៊ីស្រាអែល​។ ពួកគេ​ចោទ​ប្រកាន់​វរសេនីយ៍​ឯក ​ខូដាយី ថា ​ជា​មេបញ្ជាការ​រង​នៃ​អង្គភាព​នេះ​។

អ៊ីរ៉ង់​មិនធ្លាប់​ទទួល​ស្គាល់​ ឬ​ច្រាន​ចោល​វត្តមាន​នៃ​អង្គភាព​ ៨៤០​ ហើយ​បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​របស់​អ៊ីស្រាអែល ឬ​ពិពណ៌នា​លម្អិត​អំពី​មុខងារ​របស់​លោក​វរសេនីយ៍​ឯក ខូដាយី​៕

វីដេអូ៖