កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ២៧ ខែ​ឧសភា រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​យ៉ាង​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់​ ដើម្បី​បំពេញ​លក្ខខណ្ឌ​សម្រាប់​ការ​ស្ដារ​នូវ​ការ​ផ្ដល់​ជូន​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​ចំនួន​ $៦ ពាន់​លាន ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ខណៈ​ពេល​ដែល​ប្រទេស​នេះ កំពុង​ប្រឈម​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​កាន់​តែ​លំបាក​។

ប្រទេស​ប៉ាគីស្ថាន បាន​ប្រឈម​នឹង​អត្រា​អតិផរណា​រហូត​ដល់​ ២ ​ខ្ទង់​រួច​ទៅ​ហើយ​។ ការ​សម្រេច​ក្នុង​ការ​​បង្កើន​តម្លៃ​ប្រេងសាំង និង​ប្រេង​ម៉ាស៊ូត​ប្រមាណ​ ២០​%​ បាន​ជួយ​ពន្យារ​មិន​ឱ្យ​ប្រទេស​នេះ ​ឈាន​ដល់​ភាព​ក្ស័យធន​ ដូច​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​ប្រឈម​​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។

ប៉ុន្តែ​ការ​សម្រេច​នេះ​ អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាត់បង់​ប្រជាប្រិយភាព​ ខណៈ​​វិបត្តិ​នយោបាយ​នៅ​បន្ត​មាន​ បន្ទាប់​ពី​សភា​បាន​បោះឆ្នោត​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី​ អ៊ីមរ៉ាន ខាន​ ពី​តំណែង​កាល​ពី​ដើម​ខែ​មេសា​។

ចាប់​តាំង​ពី​ការ​ធ្លាក់​ពី​អំណាច​ លោក​ ខាន ​បាន​រៀបចំ​ការ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​ជា​ច្រើន​លើក​ ដើម្បី​រិះគន់​រដ្ឋាភិបាល​ថ្មី និង​កងយោធា​ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ​នៅ​ពី​ក្រោយ​ការ​ទម្លាក់​លោក​ពី​តំណែង​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ ការ​សម្រេច​​​របស់​រដ្ឋាភិបាល​ ដើម្បី​បំពេញ​លក្ខខណ្ឌ​របស់​ IMF គឺ​នឹង​កាន់​តែ​បង្កើន​ឥទ្ធិពល​របស់​លោក ខាន ដែល​លោក​អាច​ប្រើប្រាស់ ដើម្បី​បង្ក​ភាព​ចលាចល​ទូទាំង​ប្រទេស​។

ការ​ចរចា​រវាង​ IMF និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ស្ដីទី សេហ៍បាស សារីហ្វ បាន​ជាប់​គាំង​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ជុំវិញ​លក្ខខណ្ឌ​ក្នុង​ការ​ស្ដារ​នូវ​ការ​ផ្ដល់​ប្រាក់​សង្គ្រោះ​នេះ​។ កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​នេះ ត្រូវ​បាន​ប្រកាស​កាល​ពី​ឆ្នាំ ២០១៩ តែ​ក្រោយ​មក​ត្រូវ​បាន​ព្យួរ​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ ខាន ​មិន​អាច​​បំពេញ​​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​នោះ​រួមមាន​ទាំង​​ការ​កាត់​បន្ថយ​ឧបត្ថម្ភធន​លើ​ថាមពល​ផង​ដែរ។

កាល​ពី​ដើម​សប្ដាហ៍ ​ការ​ចរចា​រវាង​រដ្ឋាភិបាល​ និង​ IMF នៅ​ក្រុង​ដូហា ប្រទេស​កាតា បាន​បរាជ័យ​ បន្ទាប់​ពី​ IMF បាន​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​លោក​ សារីហ្វ​ ដើម្បី​​ពន្យារ​ការ​បញ្ចប់​ឧបត្ថម្ភធន​។

លោក​ សារីហ្វ​ មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​ចម្បង​របស់​ IMF ដោយ​ខ្លាច​មាន​ប្រតិកម្ម​ជា​សាធារណៈ ដែល​អាច​កាត់​បន្ថយ​ឱកាស​ជោគជ័យ​របស់​គណបក្ស​លោក​ក្នុង​ការ​បោះឆ្នោត​បន្ទាប់​ខាង​មុខ​នេះ​។ ការ​បោះឆ្នោត​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​បាន​រង​សម្ពាធ​សាធារណៈ​យ៉ាង​ខ្លាំង​ ជា​ពិសេស​ពី​ក្រុម​អ្នក​គាំទ្រ​លោក ​ខាន​ ដែល​ចង់​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​ខាន ​បាន​ដាក់​​​ឱសានវាទ​ ៦ ថ្ងៃ ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​មុន​កាល​កំណត់ ហើយ​រំលាយ​សភា​ចោល​ ខណៈ​ពេល​ដែល​លោក​ដឹកនាំ​ក្បួន​ដង្ហែ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នៅ​តាម​ផ្លូវ​ជាតិ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​។

ការ​ប៉ះទង្គិច​បាន​កើត​ឡើង​រវាង​ក្រុម​អ្នក​គាំទ្រ​លោក​ ខាន និង​ប៉ូលិស​ប៉ាគីស្ថាន​ ខណៈ​បាតុករ​ព្យាយាម​ដក​រនាំង​បិទ​ផ្លូវ​របស់​អាជ្ញាធរ​។ អ្នក​គាំទ្រ​របស់​លោក​ ខាន​ យ៉ាង​ហោច​ណាស់​ ១ ៧០០ នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ពុនចាប​។

សម្ពាធ​នយោបាយ​នេះ​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​កាន់​តែ​មាន​ភាព​រារែក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ធំ​ដុំ​ណា​មួយ​ ដែល​អាច​​​ជួយ​រក្សា​ស្ថិរភាព​រយៈពេល​វែង ប៉ុន្តែ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​នៅ​រយៈពេល​ខ្លី​នេះ​។

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ប្រជាជន​ប៉ាគីស្ថាន​យ៉ាង​ច្រើន​បាន​តម្រង់​ជួរ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ មុន​ពេល​ដែល​ការ​បង្កើន​តម្លៃ​ចូល​ជា​ធរមាន​។ ចំណូល​របស់​ប្រជាជន​ប៉ាគីស្ថាន​បាន​រង​សម្ពាធ​រួច​ទៅ​ហើយ ដោយសារ​ការ​កើន​ឡើង​អត្រា​អតិផរណា ដែល​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​មូលដ្ឋាន​កើន​ឡើង​យ៉ាង​ខ្លាំង​។

រដ្ឋាភិបាល​ថ្មី​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទិសដៅ​ឆ្ពោះ​ទៅ​មុខ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច ​នៅ​ដើម​ខែ​មេសា និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​នឹង​ដួល​រលំ​។ ពួក​គេ​មិន​មាន​អាណត្តិ ​ដោយសារ​ការ​បោះឆ្នោត​ទេ​ ប៉ុន្តែ​ត្រូវ​បាន​សភា​ជ្រើសរើស​ឱ្យ​កាន់​តំណែង ​បន្ទាប់​ពី​ទម្លាក់​លោក​ ខាន​។ នេះ​គឺ​ជា​រដ្ឋាភិបាល​ចម្រុះ​ ដែល​កាល​ពី​មុន​​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ញឹកញាប់​ ហើយ​គ្រាន់​តែ​រួម​គ្នា​ក្នុង​​បំណង​ទម្លាក់​លោក​ ខាន ពី​តំណែង​ប៉ុណ្ណោះ​​។ គណបក្ស​របស់​លោក ​សារីហ្វ​ ក៏​ប្រឈម​ជាមួយ​នឹង​ការ​បែកបាក់​ផ្ទៃ​ក្នុង​ផង​ដែរ ជុំវិញ​ការ​សម្រេច​នូវ​​គោលនយោបាយ​មួយ​ចំនួន​។

រដ្ឋាភិបាល​លោក ​ខាន​ មុន​ធ្លាក់​ពី​តំណែង​ ក៏​ពើប​ប្រទះ​នឹង​​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ដែរ ជុំវិញ​ការ​កើន​ឡើង​នៃ​អត្រា​អតិផរណា​។ លោក​​អះអាង​ថា ​សេដ្ឋកិច្ច​ប៉ាគីស្ថាន គឺ​ល្អ​ប្រសើរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​​កំហឹង​​សាធារណៈ​។ ដើម្បី​បន្ធូរ​បន្ថយ​ការ​ខឹង​​នេះ​ លោក​បាន​អនុម័ត​ការ​ផ្ដល់​ឧបត្ថម្ភធន ដើម្បី​កាត់​បន្ថយ​តម្លៃ​ថាមពល​ តែ​ការ​ធ្វើ​បែប​នេះ​ បាន​បង្កើន​ឱនភាព​ថវិកា​ជាតិ​ និង​បង្កើន​បំណុល​ជាតិ​។

យ៉ាង​ណា​មិញ​ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ប៉ាគីស្ថាន​ បាន​ទទួល​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​ជា​ច្រើន​លើក​ពី​ IMF បើ​ទោះបី​មេដឹកនាំ​ជា​បន្ត​បន្ទាប់ បង្ហាញ​ការ​មិន​ចូល​ចិត្ត​ចំពោះ​ជំនួយ​ហិរញ្ញវត្ថុ​បរទេស​ក៏​ដោយ​។ សេដ្ឋកិច្ច​ដ៏​ស្រងូតស្រងាត់​របស់​ប្រទេស​នេះ និង​ការ​កើន​ឡើង​បំណុល​យ៉ាង​ខ្លាំង បាន​បន្សល់​ជម្រើស​តិចតួច​សម្រាប់​រដ្ឋាភិបាល ក្រៅ​ពី​ព្រម​ទទួល​យក​កញ្ចប់​ថវិកា​ទាំង​នេះ​។

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា ហេតុផល​ស្នូល​សម្រាប់​បញ្ហា​របស់​ប៉ាគីស្ថាន គឺ​អសមត្ថភាព​ក្នុង​ការ​ពង្រីក​នូវ​ការ​នាំចេញ​របស់​ខ្លួន ដែល​ស្ទើរ​តែ​នៅ​ទ្រឹង​អស់​ ១ ​ទសវត្សរ៍ ដោយសារ​គោល​នយោបាយ​ការពារ​និយម​៕

វីដេអូ៖