ប្រទេស​ឥណ្ឌា បាន​ស​ម្រេចចិត្តដាក់​ក​ម្រិ​​តលើ​កា​រ​​លក់​ស្ករ ​នៅ​លើ​ទីផ្សា​រអ​ន្តរ​ជាតិ​ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ប្រទេស​​​នេះ​ ​សម្រេច​ហាមឃា​ត់​កា​រ​នាំ​ចេញ​ស្រូវ​សាលី​។

រដ្ឋាភិបាល​ឥណ្ឌា​​ បា​​ន​ឱ្យ​ដឹង​​ ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ​កា​ល​ពី​ថ្ងៃ​ពុធ​​ថា ខ្លួន​នឹង​កំណត់​ការ​នាំ​ចេញ​ស្ករ​សត្រឹ​​​​ម​ ១០​ លាន​តោន ស​ម្រាប់រ​ដូ​វកាលស្ករ​លក់​លើ​​ទីផ្សារ​​ ដែល​នឹង​បន្ត​រហូត​​ដល់​ខែ​កញ្ញា ដើម្បី​រក្សា​តម្លៃ​ឱ្យស្ថិតក្រោម​ការ​ត្រួតពិ​និត្យ​។

ដោយឡែក សម្រាប់​អ្ន​ក​លក់​ ក៏តម្រូវ​​ឱ្យស្វែង​រក ការ​អនុញ្ញាតជាក់​លាក់​​ពី​អាជ្ញាធរ ​សម្រា​ប់​កា​រ​​នាំ​ចេញស្ករ​ស​ណា​មួយ នៅ​ចន្លោះថ្ងៃទី ១ ​​​​ខែមិថុនា ដល់ថ្ងៃ​ទី ៣១ ខែ​តុលា។

ប្រទេស​ឥណ្ឌា​ ជា​​ប្រទេស​​​ផលិត​​ស្ករ​​ច្រើន​​ជាង​​គេ​លើ​​ពិភព​លោក​ និង​​ជា​​ប្រទេស​​នាំ​ចេញ​​​ធំ​ទី​២ បន្ទាប់​​ពី​ប្រេស៊ីល។​ រដ្ឋា​ភិបាល​របស់​លោក​ Narendra Modi បាន​និយាយ​ថា ខ្លួន​ចាំបា​​​​ច់​ត្រូវ​ចាត់​វិធាន​ការ​ ដើម្បី​រក្សា​ស្តុក​ស្ករក្នុង​ប្រទេស បន្ទាប់​ពី​​កំណើន​នៃ​​កា​រ​​នាំ​ចេញ​ ដែល​មិន​ធ្លា​ប់​មាន​ពី​មុន​មក​​កាល​ពីឆ្នាំ​មុន​ និង​ក្នុង​រដូវកា​ល​បច្ចុប្បន្ន​​។

វិធាន​ការ​ថ្មីនេះ ធ្វើ​ឡើង ដើម្បី​កំណត់​កា​រនាំចេ​​ញ​កើ​តឡើ​ង​នៅ​ពេល ដែលអតិផរ​ណា​ល​ក់​រាយប្រ​ចាំ​ឆ្នាំ នៅ​​ក្នុង​សេដ្ឋកិ​ច្ចធំ​បំ​​ផុ​ត​ទី​៣ របស់​អាស៊ី ឈា​នដល់​ ៧,៨​% ​នៅក្នុងខែមេសា​ ជា​កម្រិត​ខ្ពស់បំ​ផុត ក្នុ​ង​រយៈពេល​ជិត​ ៨ ​ឆ្នាំ​។

វាក៏​ជា​ស​ញ្ញាមួ​​យ​ផ្សេង​ទៀត​បញ្ជាក់ ពី​ការ​កើន​ឡើងនូ​​វ​រ​ប​ប​គាំ​​ពារស្បៀ​ង​អា​ហា​រ ​​នៅ​ជុំ​វិ​ញ​ពិភ​ព​លោក​ផ​ង​ដែរ​ ដោយសារ​តែ​អ្ន​​ក​ផ​លិ​ត​ធំៗ​ បានទ​​ប់​ស្កា​ត់​កា​រនាំចេ​ញ​ក​សិផល ដោយ​ប​ន្ថែ​ម​ទៅ​​លើ​ការ​ភ្ញាក់​ផ្អើលនៃ​ការ​ផ្គត់​ផ្គង់ ដែល​បង្ក​ឡើង ដោយការឈ្លាន​ពា​ន​រប​ស់រុស្ស៊ីលើអ៊ុយ​​​ក្រែន​ ក្នុ​ង​​​ខែ​កុម្ភៈ​។ គួរបញ្ជាក់ដែរថា ការនាំចេញស្រូវសាលី​ នៅ​អ៊ុយ​ក្រែន និងរុ​ស្ស៊ី រួមគ្នា​មានចំនួន​ប្រហែល​ ៣០​% នៃការនាំចេញស្រូវសាលី​ទាំង​អស់​។

ចាប់​តាំង​​ពី​ខែតុលា​ ​ឆ្នាំ ​២០២១ ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២២ រហូ​ត​មកដល់ពេលនេះ រោ​​ងម៉ា​ស៊ីន​ស្ករ​របស់​ឥណ្ឌា​ បាន​ចុះកិច្ចសន្យាសម្រា​ប់កា​រ​នាំចេ​​ញប្រ​ហែ​ល ​៩​ លាន​តោន​។ យោ​ងតា​​មទិ​​ន្នន័​​យ​របស់​រដ្ឋា​ភិបាល​ បានឱ្យ​ដឹ​​ងថា ​​ក្នុង​​រយៈ​ពេ​ល​ ១២ ខែ​ មុន​ប្រទេស​នេះ​ បាន​នាំ​​ចេញ​ស្ករ​​​ទៅ​​ក្រៅ​ប្រទេស​ចំនួន ៧ ​លានតោន ដែល​ជាចំនួនខ្ពស់បំផុត ក្នុ​ង​រ​យៈពេលប៉ុន្មានឆ្នាំ​ថ្មី​ៗ​​នេះ​៕

វីដេអូ៖