
មនុស្សមើលតាមកញ្ចក់ទូរទស្សន៍ ដែលផ្សាយពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ AFP
សហរដ្ឋអាមេរិកបានកំណត់គោលដៅធនាគាររុស្ស៊ីចំនួន ២ កាលពីថ្ងៃសុក្រ ជាទណ្ឌកម្មថ្មីលើការចោទប្រកាន់ថា ប្រទេសនេះគាំទ្រដល់ប្រទេសកូរ៉េខាងជើង និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។
ការដាក់ទណ្ឌកម្មនេះ កើតឡើងបន្ទាប់ពីអ្វីដែលសហរដ្ឋអាមេរិកបាននិយាយថា ជាការបាញ់មីស៊ីលផ្លោងថ្មីចំនួន ៣ គ្រាប់ ដោយកូរ៉េខាងជើងកាលពីថ្ងៃអង្គារ រួមទាំងកាំជ្រួចអន្តរទ្វីប ១ គ្រាប់ផងដែរ។
ការបាញ់បង្ហោះនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតី Joe Biden បញ្ចប់ទស្សនកិច្ចនៅអាស៊ី ដែលក្នុងនោះ លោកសង្កត់ធ្ងន់លើការប្តេជ្ញារបស់ក្រុងវ៉ាស៊ីនតោន ក្នុងការការពារសម្ព័ន្ធមិត្តពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
សហរដ្ឋអាមេរិកឱ្យដឹងថា នេះជាលើកទី២៣ ហើយបើរាប់ទាំងការបាញ់បង្ហោះក្នុងសប្តាហ៍នេះ។ គោលដៅដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រ រួមមានធនាគាររុស្ស៊ី ២ គឺ Far Eastern និង Sputnik ដែលសហរដ្ឋអាមេរិកនិយាយថា បានធ្វើអាជីវកម្មជាមួយអង្គភាពកូរ៉េខាងជើង។
នាយកដ្ឋានរតនាគារបាននិយាយនៅក្នុងការប្រកាសទណ្ឌកម្មថា ធនាគារ Sputnik ក៏បានជួយកូរ៉េខាងជើង ក្នុងការរៀបចំការទូទាត់សម្រាប់ការប្រើប្រាស់សេវាផ្កាយរណបរបស់រុស្ស៊ីផងដែរ។ ទណ្ឌកម្មថ្មីនេះ ក៏បានកំណត់គោលដៅលើបុរសកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅប្រទេសបេឡារុស ដែលសហរដ្ឋអាមេរិក ចោទថា បុរសនោះកំពុងជួយបង្កើតមូលនិធិសម្រាប់ការបាញ់មីស៊ីល និងក្រុមហ៊ុនពាណិជ្ជកម្ម៕
វីដេអូ៖