កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​២៩ ខែ​ឧសភា​ ជនជាតិ​ជ្វីហ្វ​រាប់​ពាន់​នាក់ ​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ទង់ជាតិ​ដ៏​ចម្រូងចម្រាស​ ឆ្លង​កាត់​ក្រុង​ហ្ស៊េរុយសាឡិម​​ខាង​កើត​ ខណៈ​​ដែល​ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ ​នឹង​បង្ក​ឱ្យ​ភាព​តានតឹង​ជា​ថ្មី​ទៀត​។

ជនជាតិ​ជ្វីហ្វ​រាប់​ពាន់​នាក់ បាន​ចាប់​ផ្ដើម​ក្បួន​ដង្ហែ​ទង់ជាតិ​របស់​ពួក​គេ ​នៅ​ច្រក​ទ្វារ​ដាម៉ាសកាស ដែល​ជា​ច្រក​ចូល​ចម្បង​ទៅ​កាន់​ភូមិភាគ​សាសនិក​មូស្លីម​ ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។ ពួក​គេ​បាន​គ្រវី​ទង់ជាតិ​អ៊ីស្រាអែល​ ហើយ​ស្រែក​ពាក្យ​ស្លោក​ថា​ «ជនជាតិ​អារ៉ាប់​សម​តែ​ស្លាប់»​។

ប៉ូលិស​អ៊ីស្រាអែល​ ដែល​បំពាក់​ឧបករណ៍​​បង្ក្រាប​​បាតុកម្ម​បាន​ធ្វើ​ការ​បង្ក្រាប​ និង​បណ្ដេញ​បាតុករ​ប៉ាឡេស្ទីន ​ដែល​ព្យាយាម​បិទ​ផ្លូវ​មិន​ឱ្យ​ក្បួន​ដង្ហែ​របស់​ជនជាតិ​ជ្វីហ្វ​ឆ្លង​កាត់​។ ភ្នាក់ងារ​អឌ្ឍចន្ទ​ក្រហម​ប៉ាឡេស្ទីន​រាយការណ៍​ថា បាតុករ​ចំនួន​ ៧៩ ​នាក់ ​រងរបួស​ដោយសារ​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល​ ដោយ​ក្នុង​នោះ​ យ៉ាង​ហោច​ណាស់​ ២៨ ​នាក់ ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

រីឯ​នៅ​តំបន់​វ៉េសប៊ែង​វិញ ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ១៦៣ នាក់ រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល ដោយ​ក្នុង​នោះ​មនុស្ស ១១ នាក់ បាន​រង​របួស​ដោយសារ​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​។

នេះ​ គឺ​ធៀប​នឹង​ប៉ូលិស​អ៊ីស្រាអែល​ ៥ នាក់​ ដែល​រង​របួស​ស្រាល​​។ រដ្ឋាភិបាល​អ៊ីស្រាអែល​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ៥០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន ​ដោយ​សារ​ការ​ពាក់ព័ន្ធ​នឹង​អំពើ​កុប្បកម្ម និង​ការ​វាយ​ប្រហារ​លើ​ប៉ូលិស​។

ពិធី​ដង្ហែ​ទង់ជាតិ​​នេះ ត្រូវ​បាន​រៀបចំ​ប្រចាំ​​ឆ្នាំ ដោយ​ក្រុម​ជនជាតិ​ជ្វីហ្វ​ជាតិ​និយម​ជ្រុល​ ដើម្បី​រំឭក​ដល់​ជ័យ​ជម្នះ​របស់​អ៊ីស្រាអែល​ក្នុង​សង្គ្រាម​ឆ្នាំ​ ១៩៦៧ និង​ការ​​ដណ្ដើម​យក​ទីក្រុង​ហ្ស៊េរុយសាឡិម​ភាគ​ខាង​កើត​៕

វីដេអូ៖