កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២៨ ខែ​ឧសភា ​ប្រធានាធិបតី​បារាំង​ លោក ​អេម៉ានុយអែល​ ម៉ាក្រុង (Emmanuel Macron) និង​អធិការបតី​អាល្លឺម៉ង់ ​លោក​ អូឡាហ្វ សូល (Olaf Scholz )​ បាន​ជំរុញ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ​ឱ្យ​ធ្វើ «ការ​ចរចា​ដោយ​ផ្ទាល់» ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ៉ុលូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ដើម្បី​បាន​ឈាន​ដល់​ «ដំណោះស្រាយ​ការ​ទូត​» ចំពោះ​​សង្គ្រាម​បច្ចុប្បន្ន​។

ការ​ជំរុញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេ​ដឹកនាំ​ទាំង​ ៣​។ បើ​តាម​ខុទ្ទកាល័យ​អធិការបតី​អាល្លឺម៉ង់​ លោក​ ម៉ាក្រុង និង​លោក​ សូល​ «បាន​ទទូច​ឱ្យ​មាន​បទ​ឈប់​បាញ់​ទាំង​ស្រុង​ និង​ការ​ដក​ទ័ព​រុស្ស៊ី​»​។

រីឯ​លោក​ ពូទីន ​វិញ ​បាន​ប្រាប់​​ថា ​ក្រុង​ម៉ូស្គូ​ ​បើក​ចំហ​សម្រាប់​ការ​ចាប់​ផ្ដើម​នូវ​ការ​ចរចា​ឡើង​វិញ ជាមួយ​ក្រុង​កៀវ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​នឹង​មាន​ការ​ចរចា​ ១ ទល់​ ១ ​រវាង​មេ​ដឹកនាំ​ប្រទេស​ទាំង​ ២ នោះ​ទេ​។ លោក​ ពូទីន​ បាន​ព្រមាន​លោក ​សូល និង​លោក ​ម៉ាក្រុង ​ថា ​ការ​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​កាន់​អ៊ុយក្រែន​នឹង​ «បង្កើន​អស្ថិរភាព​បន្ថែម​ទៀត​» ទៅ​លើ​សង្គ្រាម​នេះ​។

គណៈប្រតិភូ​របស់​រុស្ស៊ី និង​អ៊ុយក្រែន​ បាន​ជួប​គ្នា​ជា​ច្រើន​លើក​ ចាប់​តាំង​ពី​រុស្ស៊ី​ចាប់​ផ្ដើម​ការ​ឈ្លានពាន​កាល​ពី​ចុង​ខែ​កុម្ភៈ​ ប៉ុន្តែ​ការ​ចរចា​ បាន​ជាប់គាំង​មិន​ទៅ​មុខ​ ដោយ​លោក​ ហ្សេលេនស្គី​ ធ្លាប់​លើក​ឡើង​ថា លោក​មិន​សូវ «ចង់» ធ្វើ​ការ​ចរចា​ជាមួយ​រុស្ស៊ី​ ប៉ុន្តែ​ទទួល​ស្គាល់​ថា ការ​សន្ទនា​បែប​នេះ​អាច​នឹង​ជួយ​បញ្ចប់​សង្គ្រាម​។

យ៉ាង​ណា​មិញ​ លោក​ សូល និង​លោក​ ម៉ាក្រុង ​ក៏​បាន​ជំរុញ​​រុស្ស៊ី ឱ្យ​មាន​ការ​ដោះ​លែង​ទាហាន​របស់​អ៊ុយក្រែន​ ទាំង​ ២ ៥០០​ នាក់​ ដែល​បាន​ក្លាយ​ខ្លួន​ជា​ឈ្លើយសឹក​​ បន្ទាប់​ពី​មាន​ការ​ឡោមព័ទ្ធ​នៅ​ក្រុង​ម៉ារី-អូប៉ូល​៕

វីដេអូ៖