ក្រុមហ៊ុន​បណ្ដាក់​ទុន (Venture capital) ដែល​វិនិយោគ​លើ​ក្រុមហ៊ុន​ទើប​តែ​ចាប់​ផ្ដើម​ (startups) នៅ​ឥណ្ឌា​ និង​អាស៊ី​អាគ្នេយ៍​ កំពុង​បំបែក​កំណត់ត្រា​នៃ​ការ​រៃអង្គាស​ប្រាក់​វិនិយោគ​ថ្មី​ ខណៈ​ពេល​ដែល​វិនិយោគិន​បរទេស​ជា​ច្រើន កំពុង​ធ្វើ​ការ​ចាកចេញ​ពី​ទីផ្សារ​ប្រទេស​ចិន​។

ចាប់​ពី​ដើម​ឆ្នាំ​ ២០២២ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បណ្ដាក់​ទុន​ ដែល​ផ្ដោត​លើ​ឥណ្ឌា និង​អាស៊ី​អាគ្នេយ៍​បាន​រៃ​អង្គាស​ប្រាក់​វិនិយោគ​ថ្មី​បាន​ $៣,១ ​ពាន់​លាន ដែល​ជិត​ស្មើ​តួលេខ​រៃ​អង្គាស​ $៣,៥ ពាន់​លាន​​ ពេញ​ ១ ​ឆ្នាំ​ ២០២១​។ នេះ​បើ​ធៀប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​បណ្ដាក់ទុន​នៅ​ប្រទេស​ចិន​ ដែល​ឃើញ​ការ​រៃអង្គាស​ធ្លាក់​ចុះ​ពី​ $២៧,២ ពាន់​លាន ​នៅ​ឆ្នាំ​ ២០២១ ដោយ​មក​សល់​ត្រឹម​តែ​ $២,១ ​ពាន់​លាន ​នៅ​ឆ្នាំ​នេះ​។

កាល​ពី​ដើម​ខែ​នេះ ​ក្រុមហ៊ុន​បណ្ដាក់​ទុន​សិង្ហបុរី East Venture បាន​និយាយ​ថា ពួក​គេ​រៃអង្គាស​បាន​ប្រាក់ $៥៥០ ​លាន​ ធ្វើ​ឱ្យ​មូលនិធិ​វិនិយោគ ​ដែល​ពួក​គេ​គ្រប់គ្រង​កើន​ឡើង​ដល់​ជាង​ $១ ពាន់​លាន​។ នៅ​ខែ​មេសា ក្រុមហ៊ុន​បណ្ដាក់​ទុន​ឥណ្ឌា​ Elevation Capital និយាយ​ថា ខ្លួន​រៃអង្គាស​បាន​ប្រាក់​ចំនួន​ $៦៧០ ដុល្លារ​។

ក្រុមហ៊ុន​បណ្ដាក់​ទុន​សិង្ហបុរី​ Wavemaker Partners បាន​ទទួល​ប្រាក់​ចំនួន $១៣៦ លាន កាល​ពី​ខែ​មីនា ដែល​ជា​ការ​កើន ២២ ភាគរយ បើ​ធៀប​នឹង​ខែ​កុម្ភៈ​។ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​នេះ​ លោក ផល សាន់តូស​ និយាយ​ថា ​លោក​សង្កេត​ឃើញ​ការ​ប្រែប្រួល​បរិយាកាស​ជាពិសេស​ក្នុង​ចំណោម​វិនិយោគិន​អាមេរិក។

ក្រុមហ៊ុន​បណ្ដាក់​ទុន​ទាំង​នេះ ​ពី​វិនិយោគិន​ជា​ច្រើន​ប្រភេទ​ ដែល​រួមមាន​មូលនិធិ​សោធន​និវត្តន៍​ មូលនិធិ​ឧបត្ថម្ភ​សាកលវិទ្យាល័យ​ និង​សេដ្ឋី​។ អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌា ​បាន​ផុស​ឡើង​ជា​ទីផ្សារ​ដ៏​ទាក់ទាញ​មួយ​ ដោយសារ​កំណើន​យ៉ាង​រហ័ស​នៃ​ក្រុមហ៊ុន​ទើប​តែ​ចាប់​ផ្ដើម​ (Startups) ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​រួមមាន​ការ​ចុះ​បញ្ជី​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ ដូចជា​ Grab របស់​សិង្ហបុរី និង Zomato របស់​ឥណ្ឌា​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ គេ​បាន​សង្កេត​ឃើញ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​ចិន​។ កាល​ពី​ឆ្នាំ​មុន ក្រុង​ប៉េកាំង បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​ក្រុមហ៊ុន​ស៊ីឈ្នួល​បង្រៀន​គួរ​ ធ្វើ​ឱ្យ​ខូច​ក្រុមហ៊ុន​អប់រំ​ជា​ច្រើន​ ដែល​ទទួល​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បណ្ដាក់ទុន​។ ក្រុមហ៊ុន​បណ្ដាក់​ទុន​រង​ការ​បាត់បង់​ខ្លាំង​ជាង​គេ​ដោយសារ​ការ​ហាម​ឃាត់​នេះ​ គឺ​ SoftBank Group របស់​ជប៉ុន ដែល​បាន​ធ្វើ​ការ​រាយការណ៍​ថា ការ​វិនិយោគ​របស់​ពួក​គេ​តម្លៃ $៧០០ លាន​ ​ទៅ​លើ​ក្រុមហ៊ុន​ចិន​ Zuoyebang បាន​ធ្លាក់​នៅ​ត្រឹម​ $១០០ លាន​ប៉ុណ្ណោះ​។

រដ្ឋាភិបាល​ចិន​ក៏​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំៗ​ផង​ ដែល​រួមមាន​វិធានការ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ «វិបុលភាព​រួម» និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ជនជាតិ​ចិន​។ វិធានការ​ទាំង​នេះ​ បាន​ធ្វើ​ឱ្យ​ភាគហ៊ុន​ នៃ​ក្រុមហ៊ុន​ធំៗ ​ដូចជា​ Alibaba និង​ Tencent ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ទើប​តែ​ថ្មីៗ​នេះ​ទេ​ ដែល​ក្រុង​ប៉េកាំង​ បង្ហាញ​សញ្ញា​ថា ការ​បង្ក្រាប​នឹង​ត្រូវ​តែ​បញ្ចប់​។ ការិយាល័យ​នយោបាយ​បក្សកុម្មុយនីស្ត​ចិន​បាន​សន្យា​កាល​ពី​ខែ​មុន​ ដើម្បី​ «លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុខភាព​ល្អ​នៃ​សេដ្ឋកិច្ច​»​។ វិធានការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​នៅ​ទីក្រុង​សៀងហៃ និង​ទីក្រុង​ប៉េកាំង​ គឺ​នៅ​តែ​បង្ក​អស្ថិរភាព​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​វិនិយោគិន​ចាក​ចេញ​ពី​ប្រទេស។

យ៉ាង​ណា​មិញ​ រំហូរ​ចូល​នៃ​មូលធន​ចេញ​ពី​ចិន ​គឺ​ជា​កត្តា​ជំរុញ​មួយ​សម្រាប់​ក្រុមហ៊ុន​ Startup នៅ​តំបន់​ទាំង​ ២​ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​នៅ​តំបន់​ដទៃ​ទៀត​ក៏​នៅ​តែ​បន្ត​ផល​ប៉ះពាល់​ដែរ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ Grab និង​ក្រុមហ៊ុន​ទើប​តែ​ចុះ​បញ្ជី​ទីផ្សារ​ភាគហ៊ុន​ថ្មីៗ​នេះ​ បាន​ឃើញ​តម្លៃ​ភាគហ៊ុន​របស់​ពួក​គេ​ ធ្លាក់​ចុះ​ជាង​ ៥០ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​នេះ​៕