ខណៈ​ពេល​ដែល​ប្រទេស​អ៊ុយក្រែន​ បន្ត​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ សំណួរ​មួយ​ត្រូវ​បាន​លើក​ឡើង​ថា តើ​សហភាព​អឺរ៉ុប និង​អង្គការ​ណាតូ កំពុង​មាន​កាតព្វកិច្ច​អ្វី​ខ្លះ​ចំពោះ​អ៊ុយក្រែន?

ចម្លើយ​នៃ​សំណួរ​នេះ​ គឺ​ហាក់​បី​ដូចជា​ស្រួល​រក​ឃើញ​ណាស់​ ខណៈ​ពេល​ដែល​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក ​បាន​ប្ដេជ្ញា​គាំទ្រ​ក្រុង​កៀវ ហើយ​បាន​បង្ហូរ​ប្រាក់​ និង​អាវុធ​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​ចម្លើយ​ជាក់​ស្ដែង​ចំពោះ​សំណួរ​នេះ ​គឺ​ស្មុគស្មាញ​ណាស់​ ខណៈ​ពេល​ការ​បែក​បាក់​ផ្ទៃ​ក្នុង​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប។

ដោយ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​យោធា​ជា​ច្រើន​ទៅ​ឱ្យ​អ៊ុយក្រែន​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រុស្ស៊ី​ ក្នុង​ការ​ចាត់​វិធានការ​ដ៏​រហ័ស​ និង​រឹងមាំ​។ ប៉ុន្តែ​ឥឡូវ​ពួក​គេ​កំពុង​ប្រឈម​​នឹង​បញ្ហា​កាន់​តែ​លំបាក​ថា តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​តភ្ជាប់​ប្រទេស​ងាយ​រងគ្រោះ​ដូចជា​អ៊ុយក្រែន សា.ម៉ុលដាវី និង​ហ្សកហ្ស៊ី​​ជាមួយ​អឺរ៉ុប​ ក្នុង​របៀប​មួយ​ដែល​ជួយ​គ្រប់​ភាគី​ ហើយ​ចៀសវាង​ជម្លោះ​នា​ពេល​អនាគត​។

សំណួរ​បាន​ស្ថិត​ក្នុង​ការ​គិត​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ ខណៈ​ពួក​គេ​ធ្វើ​មហាសន្និបាត កាល​ពី​ថ្ងៃ​ចន្ទ​។ សំណួរ​នេះ​បាន​ក្លាយ​ជា​បញ្ហា​ត្រូវ​ការ​ដំណោះស្រាយ​ដ៏​បន្ទាន់​មួយ​ បន្ទាប់​ពី​អ៊ុយក្រែន​ទាមទារ​​ឱ្យ​ពន្លឿន​ដំណើរការ​ចូល​ជា​សមាជិក​របស់​ខ្លួន​ទៅ​ក្នុង​ប្លុក​នេះ​។

នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​កៀវ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី ​អឺស៊ូឡា វ៉ុនឌែរ ឡេយែន​ បាន​និយាយ​ថា​៖ «សូម​គោរព​លោក​ វ៉ូលូឌីមៀរ សារ​របស់​ខ្ញុំ​ថ្ងៃ​នេះ​ គឺ​ច្បាស់ណាស់​ថា អ៊ុយក្រែន​គឺ​ជា​សមាជិក​គ្រួសារ​អឺរ៉ុប​។ លោកស្រី​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​កន្លែង ​ដែល​ផ្លូវ​របស់​អ្នក ​ឆ្ពោះ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​»​។

បើ​ទោះ​មាន​សម្ពាធ​ឱ្យ​ពន្លឿន​​បែប​នេះ​ និង​ការ​គាំទ្រ​ពី​ប្រទេស​ប៉ូឡូញ​ ឡេតូនី លីទុយអានី និង​អេស្តូនី​ ក៏​ដោយ​ដំណើរ​ការ​ចូល​ជា​សមាជិក​ពេញលេញ ​គឺ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ទៀត​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​បារាំង​លោក ​ក្លេម៉ង់​ ប៊ឺន បាន​និយាយ​ទៅ​កាន់​វិទ្យុ​បារាំង​ថា​៖ «ខ្ញុំ​មិន​ចង់​ផ្ដល់​ឱ្យ​ប្រទេស​អ៊ុយក្រែន​ នូវ​ការ​បំភាន់​ ឬ​ការ​កុហក​ណា​មួយ​ទេ»​។ លោក​បន្ថែម​ទៀត​ថា​៖ «យើង​ត្រូវ​តែ​ស្មោះត្រង់​។ បើ​អ្នក​និយាយ​ថា អ៊ុយក្រែន​នឹង​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ ៦ ​ខែ ឬ​ ១ ​​ឆ្នាំ ឬ​ ២ ​ឆ្នាំ អ្នក​កំពុង​និយាយ​កុហក​។ វា​ប្រហែល​ជា​ក្នុង​រយៈពេល ១៥ ឬ ២០ ឆ្នាំ វា​ត្រូវ​ការ​ពេល​យូរ​»។

ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ពិភាក្សា​នូវ​វិធីសាស្ត្រ​រួម​បញ្ចូល​ប្រទេស​ទាំង​នេះ​ជា​បណ្ដើរៗ​។ ថ្មីៗ​នេះ ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអ៊ែល ម៉ាក្រុង​ និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក​ ម៉ារីអូ ដ្រាហ្គី​ បាន​លើក​ឡើង​អំពី​​គំនិត​នៃ​ការ​បង្កើត​សហព័ន្ធ​ រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​​ទាំង​នេះ​ ដោយ​មិន​ចាំបាច់​ចូល​ជា​សមាជិក​ពេញលេញ។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ចំពោះ​សភា​អឺរ៉ុប​ លោក​ ម៉ាក្រុង បាន​និយាយ​ថា​៖ «សង្គ្រាម​នៅ​អ៊ុយក្រែន និង​សេចក្ដី​ប្រាថ្នា​ស្រប​ច្បាប់​របស់​ប្រជាជន​របស់​ខ្លួន ក៏​ដូចជា​នៅ​ប្រទេស​សា.-ម៉ុលដាវី និង​ហ្សកហ្ស៊ី ដើម្បី​ចូល​រួម​ជាមួយ​សហភាព​អឺរ៉ុប បាន​លើក​ទឹក​ចិត្ត​ឱ្យ​យើង​គិត​ឡើង​វិញ​អំពី​ភូមិសាស្ត្រ និង​ស្ថាប័ន​នៃ​ទ្វីប​របស់​យើង​»។

លោក ​ម៉ាក្រុង បាន​បង្ហាញ​នូវទស្សនៈ​របស់​លោក​អំពី​សហគមន៍​នយោបាយ​អឺរ៉ុប​ថ្មី​ ដែល​ត​ភ្ជាប់​រង្វង់​ខាង​ក្រៅ​នៃ​រដ្ឋ​អឺរ៉ុប ដូចជា​អ៊ុយក្រែន​ ហ្សកហ្ស៊ី សា.ម៉ុលដាវី​ និង​ចក្រភពអង់គ្លេស​ ទៅ​នឹង​ស្នូល​របស់​សហភាព​អឺរ៉ុប​ ដោយ​មិន​ចាំបាច់​ចូល​ជា​សមាជិក។

រង្វង់​ខាង​ក្រៅ​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យ​សហភាព​អឺរ៉ុប​ទាញ​ប្រទេស​នៅ​តាម​ព្រំដែន​ជាមួយ​រុស្ស៊ី​មក​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ​ដោយ​រហ័ស​ជាង​ការ​ចូល​ជា​សមាជិក​ពេញ​លេញ​ ដែល​លោក​ ម៉ាក្រុង​ និយាយ​ថា​ នឹង​ត្រូវ​ការ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ភាគ​ច្រើន​ទំនង​ជា​ច្រើន​ទសវត្ស​​រ៍។

លោក​និយាយ​ថា ​សហគមន៍​បែប​នេះ​នឹង​អាច​អនុញ្ញាត​ឱ្យ​ប្រទេស​​​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប ​ដែល​ជឿជាក់​លើ​គុណ​តម្លៃ​ស្នូល​របស់​យើង កន្លែង​ថ្មី​ ១ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នយោបាយ​ ចំពោះ​សន្តិសុខ ថាមពល ការ​ដឹក​ជញ្ជូន ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​ចលនា​ដោយ​សេរី​របស់​មនុស្ស ជា​ពិសេស​យុវជន​របស់​យើង។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ​ដែល​គេ​បាន​លើក​ឡើង​ពី​គំនិត​នេះ​។ គំនិត​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​ច្រើន​លើក ដែល​រួម​មាន​​ការ​លើក​ឡើង​ដោយ​ប្រធានាធិបតី​បារាំង​លោក ​ហ្វ្រង់ស្វ័រ មីតទេរ៉ង​ កាល​ពី​ឆ្នាំ​ ១៩៨៩​ ប៉ុន្តែ​គំនិត​របស់​លោក​កាល​នោះ ​ក៏​រួម​មាន​ការ​ចូល​រួម​ពី​រុស្ស៊ី​ផង​ដែរ​។ លោក​ ម៉ាក្រុង​ ខ្លួន​ឯង ​ក៏​ធ្លាប់​លើក​ឡើង​គំនិត​នេះ​ពី​មុន​ផង​ដែរ ប៉ុន្តែ​លោក​និយាយ​ថា លើក​នេះ ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​គំនិត​នេះ​ទទួល​ជោគជ័យ​។

ប៉ុន្តែ​លោក​ ហ្សេឡេនស្គី​ បាន​ច្រានចោល​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​មធ្យោបាយ​ផ្សេង​ក្រៅ​ពី​ការ​ពន្លឿន​ដំណើរ​ការ​សមាជិកភាព​ពេញ​លេញ​ ខណៈ​ដែល​ការ​ទាមទារ​របស់​លោក​ទំនង​មិន​ត្រូវ​បាន​គេ​បំពេញ​ទេ​។ សូម្បី​តែ​ការ​បើក​ការ​ពិភាក្សា​អំពី​សមាជិកភាព​របស់​អ៊ុយក្រែន​ ក៏​ជា​រឿង​ចម្រូងចម្រាស​ផង​ដែរ​ ដោយសារ​ប្រទេស​ហ្សកហ្ស៊ី និង​សា.​ម៉ុលដាវី​ ក៏​បាន​ដាក់​ពាក្យ​ចូល​​ក្រោយ​ការ​ឈ្លានពាន​ផង​ដែរ​ ស្រប​ពេល​ដែល​​ប្រទេស​ដទៃ​ទៀត បាន​ជាប់​គាំង​ក្នុង​ដំណើរ​ការ​សមាជិក​ភាព​។ ប្រទេស​តួកគី​ បាន​ដាក់​ពាក្យ​តាំង​ពី​ឆ្នាំ ១៩៨៧ មក​ម្ល៉េះ ម៉ាសេដ្វាន ​តាំង​ពី​ឆ្នាំ​ ២០០៤ ម៉ុងតេណេហ្គ្រោ ឆ្នាំ ​២០០៨ អាល់បានី និង​ស៊ែប៊ី​ តាំង​ពី​ឆ្នាំ​ ២០០៩។

ការ​ដាក់​បញ្ចូល​សមាជិក​សហភាព​អឺរ៉ុប​ថ្មី​ បាន​កើត​ឡើង​ចុង​ក្រោយ​ កាល​ពី​ឆ្នាំ​ ២០១៣ ដោយ​មិន​បាន​កើត​ឡើង​ទៀត​ មួយ​ផ្នែក​ដោយសារ​តែ​បញ្ហា​ក្នុង​ការ​រួម​បញ្ចូល​សមាជិក​ ដូចជា​រូម៉ានី និង​ប៊ុលហ្គារី​ ហើយ​ក៏​ដោយសារ​លក្ខខណ្ឌ​ចូល​រួម​ខ្ពស់​ពេក​។ សមាជិក​បច្ចុប្បន្ន​ ២៧ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ ហើយ​កំពុង​ប្រឈម​នឹង​ការ​បែកបាក់​ជាមួយ​ប្រទេស​ប៉ូឡូញ​ និង​ហុងគ្រី​ ជុំវិញ​បញ្ហា​អាទិភាព​នៃ​ច្បាប់​៕

វីដេអូ៖