កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣០ ខែ​ឧសភា ​មេដឹកនាំ​របស់​​ក្រុម​ផ្ដាច់​ខ្លួន ​នៅ​តំបន់​អូសេទី​ខាង​ត្បូង​នៃ​ប្រទេស​ហ្សកហ្ស៊ី បាន​ប្រកាស​ផ្អាក​ការ​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​ការ​រួម​ជា​ទឹក​ដី​របស់​រុស្ស៊ី​ រហូត​ដល់​ពេល​ដែល​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុង​ម៉ូស្គូ​ត្រូវ​បាន​បញ្ចប់​។

តំបន់​អូសេទី​ខាង​ត្បូង​ គឺ​ជា​ចំណុច​កណ្ដាល​នៃ​សង្គ្រាម​ហ្សកហ្ស៊ី-រុស្ស៊ី​ កាល​ពី​ឆ្នាំ២០០៨ ដែល​ក្រោយ​មក​ត្រូវ​បាន​វិមាន​ក្រឹមឡាំង​ទទួល​ស្គាល់​ជា​រដ្ឋ​ឯករាជ្យ​ និង​បង្កើត​មូលដ្ឋាន​យោធា​អចិន្ត្រៃយ៍​ នៅ​ទី​នោះ​។ រហូត​មក​ដល់​ពេល​នេះ ​មាន​តែ​រុស្ស៊ី​ទេ ​ដែល​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​អូសេទី​ខាង​ត្បូង​ ខណៈ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​តំបន់​នេះ​ថា ​ជា​ទឹកដី​របស់​ប្រទេស​ហ្សកហ្ស៊ី​។

ប្រធានាធិបតី​ក្រុម​ផ្ដាច់​ខ្លួន​លោក​ អាឡាន​ ហ្គាឡូអេវ (Alan Gagloyev) បាន​ចេញ​ក្រឹត្យ​មួយ​ថា​៖ «រហូត​ដល់​ការ​បញ្ចប់​ការ​ពិគ្រោះ​យោបល់ សូម​ផ្អាក​ក្រឹត្យ​របស់​ប្រធានាធិបតី ចុះ​ថ្ងៃ​ទី ១៣ ខែឧសភា​ ឆ្នាំ​២០២២ ស្ដី​អំពីការ​រៀប​ចំ​ប្រជាមតិ​នៃ​សាធារណរដ្ឋ​អូសេទី​ខាង​ត្បូង​»​។

ក្នុង​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​ ១៣ ខែឧសភា​ លោក​ហ្គាឡូអេវ​ បាន​ឱ្យ​ដឹង​​ថា ​លោក​គ្រោង​រៀប​ចំ​ការ​ធ្វើ​បោះឆ្នោត​ប្រជាមតិ​នេះ​ នៅ​ថ្ងៃ​ទី​ ១៧ ខែ​កក្កដា​។ ប្រទេស​ហ្សកហ្ស៊ី​ថ្កោលទោស​ផែន​ការ​ធ្វើ​ប្រជាមតិ​នេះ​ថា​មិន​ទទួល​យក​បាន​ទេ​។

លោក​ហ្គាឡូអេវ ​បាន​និយាយ​ថា ​ការ​ផ្អាក​នេះ​ គឺ​ដោយ​សារ​ «ភាព​មិន​ច្បាស់​លាស់​នៃ​ផល​ប៉ះពាល់​ផ្លូវ​ច្បាប់​នៃ​សំណួរ​ដាក់​ជូន​ក្នុង​ប្រជាមតិ​» និង​ «ភាព​មិន​អាច​ទទួល​យក​បាន​នៃ​ការ​សម្រេច​ចិត្ត​ជា​ឯកតោភាគី​នៃ​ប្រជាមតិ​លើ​បញ្ហា ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​សហព័ន្ធ​រុស្ស៊ី»​៕

វីដេអូ៖