កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​ឧសភា ​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​ បាន​ប្រកាស​ថា​ គណបក្ស​នយោបាយ​នៃ​ប្រទេស​នេះ ​បាន​យល់ព្រម​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ដើម្បី​អនុញ្ញាត​ឱ្យ​បង្កើត​មូលនិធិ​ការពារ​ជាតិ​ពិសេស​ផ្អែក​លើ​កម្ចី​ឥណទាន​ ១០០ពាន់​លាន​អឺរ៉ូ ($១០៧,៣៥ពាន់​លាន) ដែល​ត្រូវ​បាន​ស្នើ​ឡើង បន្ទាប់​ពី​ការ​ឈ្លានពាន​។

រដ្ឋាភិបាល​ចម្រុះ​ដឹក​នាំ​ដោយ​គណបក្ស​ឆ្វេង-កណ្ដាល​និយម ប្រជាធិបតេយ្យ​សង្គម (SDP) និង​គណបក្ស​ប្រឆាំង​ស្ដាំ​កណ្ដាល​និយម និយាយ​ថា ពួកគេ​មាន​សំឡេង​ភាគ​ច្រើន ២ ភាគ ៣ គ្រប់គ្រាន់ សម្រាប់​ធ្វើ​ការ​លើក​ឡើង​មូលនិធិ​នេះ​ពី​ដែន​កំណត់​ខ្ចី​បំណុល​ចែង ក្នុង​រដ្ឋធម្មនុញ្ញ​របស់​អាល្លឺម៉ង់​។

សំឡេង​ ២ ភាគ​ ៣ នេះ​ ​ត្រូវ​បាន​សម្រេច​បន្ទាប់​ពី​ការ​ចរចា ​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​ គ្រីស្ទៀន លីនន័រ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ស្រី ​គ្រីស្ទីន​ ឡាំប្រេក​ រដ្ឋមន្ត្រី​ការបរទេស​លោកស្រី​ អាណាលេណា ប៊ែរប៊ុក និង​តំណាង​បក្ស​ប្រឆាំង​លោក ​ម៉ាឌីស មីឌែលប៊ឺក​។

ថវិកា​ទាំង​ហ្នឹង ​ត្រូវ​ចំណាយ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង្កើន​កញ្ចប់​ថវិកា​ការពារ​ជាតិ​របស់​អាល្លឺម៉ង់​ទៅ​ដល់​ ៥០ពាន់​លាន​អឺរ៉ូ​ ក្នុង​មួយ​ឆ្នាំ​ និង​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ បំពេញ​គោលដៅ​របស់​អង្គការ​ណាតូ​ក្នុង​ការ​ចំណាយ​យ៉ាង​ហោច​ណាស់ ២ ភាគរយ​ នៃ​ GDP ទៅ​លើ​វិស័យ​ការពារ​ជាតិ​ក្នុង​មួយ​ឆ្នាំ​៕