
បេក្ខជនប្រធានាធិបតីកូឡុំប៊ី លោក Petro បង្ហាញសន្លឹកឆ្នោត អំឡុងពេលបោះឆ្នោត នៅក្រុង Bogota កាលពីថ្ងៃទី ២៩ ខែឧសភា។ AFP
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី ដែលជាការប្រជែងគ្នារវាងអតីតទ័ពព្រៃឆ្វេងនិយម និងមហាសេដ្ឋីអចលនទ្រព្យប្រជានិយម ត្រូវបានគេមើលឃើញថា ជាការបង្កឱ្យមានភាពច្របូកច្របល់ និងទំនងជានឹងបង្កើនហានិភ័យនយោបាយនៅក្នុងប្រទេស។
ដូចការរំពឹងទុក លោក Gustavo Petro ឈ្នះជុំទី១ កាលពីថ្ងៃអាទិត្យ ជាមួយនឹងសំឡេង ៤០%។ អតីតអភិបាលក្រុងបូហ្គោតា វ័យ ៦២ ឆ្នាំ ដែលកំពុង និងជាមេដឹកនាំឆ្វេងនិយមដំបូងរបស់កូឡុំប៊ី លោកសន្យាថា នឹងដំឡើងពន្ធលើអ្នកមានបញ្ចប់ការរុករកឥន្ធនៈហ្វូស៊ីលថ្មី និងផ្តល់អាទិភាពដល់ការវិនិយោគក្នុងវិស័យកសិកម្ម។
ដោយឡែកបេក្ខភាពគូប្រជែងរបស់លោកនោះ គឺអ្នកជំនួញមហាសេដ្ឋី និងអតីតអភិបាលក្រុង Bucaramanga គឺលោក Rodolfo Hernandez ទទួលបានតែ ២៨% នៃចំនួនឆ្នោតសរុបប៉ុណ្ណោះ ពោលគឺច្រើនជាងតួលេខដែលបានព្យាករក្នុងការស្ទង់មតិទ្វេដងនៅក្នុងខែមេសា។
ដោយសារតែជនជាតិកូឡុំប៊ីប្រដូចលោក Hernandez ទៅនឹងលោក ដូណាល់ ត្រាំ ព្រោះបុគ្គលិកលក្ខណៈមិនល្អរបស់លោក និងឧត្តមគតិអភិរក្ស ជាហេតុធ្វើឱ្យធ្លាក់ប្រជាប្រិយភាពវិញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកស្រី Karla Schiaffino អ្នកវិភាគជាន់ខ្ពស់នៅអាមេរិកឡាទីននៃវិទ្យាស្ថាន Verisk Maplecroft បាននិយាយថា៖ «លោក Gutiérrez បានបរាជ័យលើគោលនយោបាយសិទ្ធិប្រពៃណី និងគោលនយោបាយ Uribismo (គោលនយោបាយបង្កើតឡើងដោយប្រធានាធីបតីកូឡុំប៊ីចាស់) ដែលជាជំហាន ដើម្បីឈានទៅជុំបន្ទាប់»។
អ្នកស្រីបន្ថែមថា៖ «ដោយឡែក លោក Hernández ដែលទើបលេចមុខជាអ្នកប្រជែងក្នុងខែចុងក្រោយ រហូតឈានដល់ថ្ងៃបោះឆ្នោត បង្ហាញការបដិសេធចំពោះនយោបាយប្រពៃណី ដោយជំរុញគាត់ឱ្យនាំមុខ Gutiérrez និងកណ្តាលស្តាំនិយម លោក Sergio Fajardo ដែលជាអតីតអភិបាលក្រុង Medellín។ ការបោះឆ្នោតប្រឆាំង និងនយោបាយប្រពៃណី ផ្តល់ការលួងលោមតិចតួចសម្រាប់វិនិយោគិន ដែលកំពុងរកឱកាស។ អ្វីដែលត្រូវរំពឹងពីរដ្ឋាភិបាលបន្ទាប់ គឺមិនគិតពីលទ្ធផលនៃការបោះឆ្នោតបន្ទាប់ឡើយ»។
អ្នកស្រី Schiaffino ព្យាករថា សំឡេងឆ្នោតរបស់លោក Hernández ទំនងជាកើនឡើងមុនការបោះឆ្នោត ដោយសារសំណើសេដ្ឋកិច្ច ដែលអ្នកបោះឆ្នោតកំពុងតែរំពឹងទុក។
ការបោះឆ្នោតនេះកើតឡើងរយៈពេល ១ ឆ្នាំ បន្ទាប់ពីប្រទេសកូឡុំប៊ី ត្រូវប្រឈមនឹងការតវ៉ាដោយហិង្សា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៦ នាក់ស្លាប់។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ការតវ៉ាប្រឆាំងនេះផងដែរ ក៏បណ្ដាលឱ្យមានការយកពន្ធខ្ពស់លើអ្នកដែលមានចំណូលទាប និងមធ្យម ដោយទាមទារឱ្យមានការកែលម្អទូលំទូលាយ លើសមភាព និងសេវាសាធារណៈសំខាន់ៗ ដូចជាសុខភាព និងការអប់រំ។
រយៈពេល ១១ ខែកន្លងមកនេះ ទោះជាគេមើលឃើញមានភាពស្ងប់ស្ងាត់នៅតាមដងផ្លូវនៃទីក្រុងធំៗរបស់កូឡុំប៊ីក៏ដោយ ក៏ប្រទេសនេះអាចនឹងប្រឈមនូវរលកបាតុកម្មថ្មីនៅសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមអ្នកស្រី Schiaffino។
អ្នកស្រីថា៖ «តាមទស្សនៈរបស់យើង ហានិភ័យទាំងនេះនឹងកើនឡើងមុននឹងគេប្រកាសលទ្ធផលនៃការបោះឆ្នោតថ្ងៃទី ១៩ ខែមិថុនាទៀត។ ប្រសិនបើលោក Hernández ឈ្នះ ក្តីបារម្ភពីភាពមិនលម្អៀងនៃដំណើរការបោះឆ្នោត និងភាពត្រឹមត្រូវចំពោះលទ្ធផលនៃការបោះឆ្នោតនឹងជំរុញឱ្យមានហានិភ័យនៃភាពចលាចលនៅក្នុងតំបន់ទីក្រុងធំៗ ដោយការតវ៉ាផ្តោតលើរដ្ឋាភិបាល ដែលកំពុងបន្តមាន និងរដ្ឋាភិបាលថ្មីថែមទៀតផង»។
ការស្ទង់មតិថ្មីៗនះ កាន់តែបង្ហាញការមិនទុកចិត្តកាន់តែខ្លាំងឡើងក្នុងស្ថាប័នភាគច្រើនរបស់ប្រទេស រួមទាំងសមាជគណបក្សនយោបាយ ប៉ូលិស យោធា សារព័ត៌មាន និងមន្ត្រីអត្រានុកូលដ្ឋានជាតិ ដែលជាស្ថាប័នបោះឆ្នោតសំខាន់មួយ។
គេក៏ចាប់ឃើញមានអំពើហិង្សា ដែលរាប់បញ្ចូលទាំងបទបញ្ជាស្នាក់ក្នុងផ្ទះ ដែលចេញ ដោយក្រុមឧក្រិដ្ឋជន កាលពីដើមខែនេះ ដែលបានធ្វើឱ្យមួយផ្នែកធំនៃប្រទេសជាប់គាំងយ៉ាងហោចណាស់ ៤ ថ្ងៃ៕