
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថត AFP
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស កាលពីថ្ងៃពុធ លើសេចក្តីថ្លែងការណ៍រួម រវាងសហរដ្ឋអាមេរិក និងនូវែលសេឡង់ ដែលបានស្តីបន្ទោសប្រទេសចិន ចំពោះការរំលោភសិទ្ធិមនុស្សនៅទីក្រុងហុងកុង និងកោះតៃវ៉ាន់។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សេចក្តីថ្លែងការណ៍រួម គឺជាការរិះគន់រដ្ឋាភិបាលចិន ដោយអយុត្តិធម៌ ហើយព្យាយាមធ្វើឱ្យមានភាពតានតឹងដល់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានជួបប្រជុំគ្នានៅសេតវិមានកាលពីថ្ងៃអង្គារ ហើយបានចេញសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើលក្ខខណ្ឌសិទ្ធិមនុស្សនៅហុងកុងតៃវ៉ាន់ និងតំបន់ស៊ីនជាំង។
សេចក្ដីថ្លែងការណ៍នេះធ្វើឡើង ខណៈរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងធ្វើដំណើរនៅជុំវិញតំបន់កោះប៉ាស៊ីហ្វិក ដែលជាជំហានមួយធ្វើឱ្យមេដឹកនាំអន្តរជាតិព្រួយបារម្ភ។ សារព័ត៌មាន Reuter រាយការណ៍ថា ការបង្កើតវត្តមានយោធាជាប់លាប់នៅក្នុងប៉ាស៊ីហ្វិកដោយរដ្ឋ ដែលមិនចែករំលែកតម្លៃ ឬផលប្រយោជន៍សន្តិសុខរបស់យើង នឹងផ្លាស់ប្តូរជាមូលដ្ឋាននូវតុល្យភាពយុទ្ធសាស្ត្រនៃតំបន់ និងបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិដល់ប្រទេសរបស់យើងទាំង ២»។
លោក Biden និងលោកស្រី Ardern ក៏បាននិយាយផងដែរថា ប្រទេសទាំង ២ ចង់បានដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងភាពតានតឹងនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅតុងហ្គា នាពេលថ្មីៗនេះដែរ ហើយបានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខជាមួយប្រជុំកោះសូឡូម៉ូន៕
វីដេអូ៖