
ដេប៉ូប្រេងរបស់ក្រុមហ៊ុនប្រេងរដ្ឋ Pertamina នៅក្រុង Cilacap កោះ Central Java កំពុងបញ្ចេញផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ទៅក្នុងបរិយាកាស។
ទីភ្នាក់ងារអាកាសធាតុសំខាន់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ការប្រមូលផ្តុំកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាស ក្នុងខែឧសភា កើនខ្ពស់ជាងសម័យមុនមានឧស្សាហកម្មដល់ទៅ ៥០ ភាគរយ ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានលើផែនដី ក្នុងរយៈពេល ៤ លានឆ្នាំកន្លងមក។
រដ្ឋបាលមហាសមុទ្រ និងបរិយាកាសអាមេរិក (NOAA) បាននិយាយថា បរិមាណកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស កើនលើសកម្រិត ៤២០ ផ្នែកក្នុង ១ លាន (ppm ឬ មីល្លីក្រាមក្នុង ១លីត្រ) ហើយ។ គួរបញ្ជាក់ផងដែរថា PPM គឺជាឯកតារង្វាស់ ដែលប្រើដើម្បីកំណត់បរិមាណនៃការបំពុលបរិយាកាស។
កាលពីខែឧសភាកន្លងទៅកម្រិតឧស្ម័ននេះ កើនដល់ ៤១៩ ppm កើនលើសកម្រិត កាលពីឆ្នាំ ២០២០ ដែលកើនត្រឹម ៤១៧ ppm។
រដ្ឋបាល NOAA បាននិយាយថា ការឡើងកម្ដៅផែនដី ដែលបង្កឡើងដោយមនុស្សជាតិ ជាពិសេសតាមរយៈការផលិតអគ្គិសនី ដោយប្រើឥន្ធនៈហ្វូស៊ីល ការដឹកជញ្ជូន ការផលិតស៊ីម៉ងត៍ ឬសូម្បីតែការកាប់បំផ្លាញព្រៃឈើ ជាហេតុបង្កឱ្យមានការកើនឡើងកម្រិតឧស្ម័នកាបូននេះ។
គួរកត់សម្គាល់ផងដែរថា ឧស្ម័នកាបូន គឺជាឧស្ម័នផ្ទះកញ្ចក់ ដែលខ្ទប់កម្ដៅលើអាកាស បណ្តាលឱ្យកើនកម្ដៅផែនដីបន្តិចម្តងៗ ខណៈឧស្ម័ននេះ អាចបណ្ដែតនៅក្នុងបរិយាកាស និងមហាសមុទ្ររាប់ពាន់ឆ្នាំ។
រដ្ឋបាល NOAA បានកត់សម្គាល់ថា ឥទ្ធិពលការឡើងកម្ដៅលើផែនដី កំពុងបង្កឱ្យមានផលវិបាកយ៉ាងខ្លាំង ដូចជាការកើនឡើងនៃរលកកម្ដៅគ្រោះរាំងស្ងួត អគ្គិភ័យ ឬទឹកជំនន់ជាដើម។
លោក Pieter Tans អ្នកវិទ្យាសាស្ត្រ នៅមន្ទីរពិសោធន៍ និងត្រួតពិនិត្យអាកាសធាតុសកល ក្នុងរដ្ឋបាល NOAA បាននិយាយថា៖ «កម្រិតកាបូនឌីអុកស៊ីត កើនឡើងដល់កម្រិតខ្ពស់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក ហើយវាមិនមែនជារឿងថ្មីទេ។ យើងបានដឹងពីរឿងនេះអស់រយៈពេលកន្លះសតវត្សរ៍មកហើយ ហើយមិនបានធ្វើអ្វីធំដុំ ដើម្បីជួយកាត់បន្ថយវាទេ។ ខ្ញុំមិនដឹងថា ពេលណាទើបយើងទាំងអស់គ្នាភ្ញាក់ខ្លួននោះទេ»។
មុនពេលបដិវត្តន៍ឧស្សាហកម្មកម្រិតនៃឧស្ម័នកាបូនិក បានរក្សាជាស្ថិរភាព នៅត្រឹមកម្រិត ២៨០ ppm ដែលជាកម្រិតមួយរក្សាបានប្រហែល ៦ ០០០ ឆ្នាំ មកហើយ។ នេះបើយោងតាមរដ្ឋបាល NOAA៕