
យន្តហោះចម្បាំងរបស់ចិន J-16។ រូបថត AFP
ក្រសួងការពារជាតិអូស្ត្រាលីបានប្រាប់ឱ្យដឹង កាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនាថា យន្តហោះចម្បាំងចិន ១ គ្រឿង បានស្ទាក់ចាប់យន្តហោះស៊ើបការណ៍យោធាអូស្ត្រាលី នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីខែឧសភា។
ទ័ពអាកាសរបស់ប្រទេសអូស្ត្រាលី (RAAF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរបស់ចិន J-16 បានស្ទាក់ចាប់យន្តហោះស៊ើបការណ៍ដែនសមុទ្រ P-8 របស់ខ្លួន ក្នុងអំឡុងពេលបំពេញសកម្មភាពឃ្លាំមើល នៅដែនសមុទ្រដូចសព្វដង ក្នុងដែនអាកាសអន្តរជាតិ ក្នុងតំបន់ កាលពីថ្ងៃទី ២៦ ខែឧសភា។
ប្រភពដដែលនេះ បានប្រាប់ឱ្យដឹងទៀតថា៖«ការស្ទាក់ចាប់យន្តហោះនេះ អាចបណ្តាលឱ្យមានសមយុទ្ធដ៏គ្រោះថ្នាក់ ដែលបង្កការគំរាមកំហែងសុវត្ថិភាពដល់យន្តហោះ P-8 និងនាវិករបស់យើង»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Perth ថា រដ្ឋាភិបាលរបស់លោកបានសម្តែងការព្រួយបារម្ភចំពោះប្រទេសចិន តាមរយៈបណ្តាញត្រឹមត្រូវ។
យ៉ាងណាក្ដី ស្ថានទូតចិន ប្រចាំអូស្ត្រាលី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន CNA។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិលោក Richard Marles បានប្រាប់ថា យន្តហោះរបស់ចិន បានហោះកៀកមុខយន្តហោះរបស់ទ័ពអាកាសអូស្ត្រាលី ហើយបានធ្វើការបាចនូវបំណែកអាលុយមីញ៉ូមតូចៗ ដែលអាចជ្រៀតចូលក្នុងម៉ាស៊ីនយន្តហោះអូស្ត្រាលី និងធ្វើឱ្យម៉ាស៊ីនលែងដំណើរការ។
លោក Marles បាននិយាយទៅកាន់ទូរទស្សន៍ ABC ថា៖ «ច្បាស់ណាស់ វានឹងបង្កឱ្យមានគ្រោះថ្នាក់»។
ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ធ្លាប់បានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ការទាមទាររបស់ចិន ជុំវិញប្រជុំកោះ ដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង មិនបានគោរពតាមច្បាប់អន្តរជាតិទេ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិអូស្ត្រាលីបានឱ្យដឹងថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ខ្លួនបានធ្វើការត្រួតពិនិត្យដែនសមុទ្រ នៅក្នុងតំបន់ ហើយការធ្វើដូច្នេះ គឺស្របទៅតាមច្បាប់អន្តរជាតិ ដោយខ្លួនបានអនុវត្តនូវសិទ្ធិសេរីភាព ក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើដែនទឹក និងដែនអាកាសអន្តរជាតិ។
ការមានទំនាក់ទំនង រវាងប្រទេសអូស្ត្រាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ត្រូវប្រឈមនឹងភាពតានតឹង នាពេលថ្មីៗនេះ ជុំវិញការកើនឡើងនៃឥទ្ធិពលរបស់ចិន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រទេសចិន បានព្យាយាមចុះចូល កិច្ចព្រមព្រៀងសន្តិសុខ ក្នុងតំបន់ជាមួយបណ្តាប្រទេសនានា នៅកោះប៉ាស៊ីហ្វិក។
នៅក្នុងខែឧសភាផងដែរ កប៉ាល់ស៊ើបការណ៍ចិនមួយ ត្រូវបានតាមដានពីឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសអូស្ត្រាលី ក្នុងចម្ងាយ ៥០ ម៉ាយល៍ (៨០,៤៦ គ.ម) ក្នុងសមុទ្រនៃកន្លែងការពារដ៏រសើបមួយ ដោយនាវាមុជទឹកអូស្ត្រលីអាមេរិក និងសម្ព័ន្ធមិត្ត។
ដោយឡែក កាលពីខែកុម្ភៈ ប្រទេសចិន និងអូស្ត្រាលី ក៏បានយល់ព្រមលើការដោះដូរគ្នាមួយយ៉ាងព្រងើយ បើទោះជាមានឧប្បត្តិហេតុមួយ ដែលអូស្ត្រាលី បានលើកឡើងថា យន្តហោះល្បាត នៅដែនសមុទ្រមួយរបស់ខ្លួនបានរកឃើញថា កងទ័ពជើងទឹករំដោះប្រជាជនចិន បានបាញ់ឡាស៊ែរតម្រង់មករកនាវាខ្លួនក៏ដោយ៕
វីដេអូ៖