សហរដ្ឋ​អាមេរិក បាន​អនុម័ត​ការ​លក់​គ្រឿង​អាវុធ ដែល​មាន​តម្លៃ $១២០​ លាន ដើម្បី​ជួយ​តៃវ៉ាន់ក្នុងការ​រក្សា​សមត្ថភាព​នាវា​ចម្បាំង​របស់ខ្លួន ដោយ​ក្រសួងការពារ​ជាតិ​របស់​កោះ បាន​និយាយ​ថា វា​នឹង​ជួយ​ធានា​បាន​នូវការ​ត្រៀម​ខ្លួន​ប្រយុទ្ធនៅពេល​ប្រឈមមុខ​នឹងសកម្មភាព​យាយី​របស់​ចិននៅ​ជិត​កោះនេះ​។

ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​សន្តិសុខ​ការពារ​ជាតិ​អាមេរិក បាន​និយាយ នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា ខ្លួន បាន​ប្រគល់​វិញ្ញាបន​បត្រ ដែល​ត្រូវការ​ជូន​ដំណឹង​ដល់​សភា បន្ទាប់​ពីមាន​ការ​យល់ព្រម​ពី​ក្រសួង​ការ​បរទេសសម្រាប់​ការ​លក់ ដែល​ត្រូវ​បាន​ស្នើ​សុំ ដោយ​ស្ថានទូតតៃវ៉ាន់នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​។

វា​ត្រូវ​បាន​គេ​​និយាយ​ថា ការ​លក់​នេះ គ្រប​ដណ្តប់​លើគ្រឿង​បន្លាស់ និង​ជួសជុល ដែល​មិន​បាន​ចាត់​ថ្នាក់សម្រាប់​នាវា និង​ប្រព័ន្ធ​នាវា ជំនួយ​បច្ចេក​ទេស​ភ័ស្តុភារ ជំនួយ​ផ្នែក​បច្ចេក​ទេស និង​ដឹក​ជញ្ជូនរដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក និង​អ្នកម៉ៅការតំណាង​អ្នកម៉ៅការ​ផងដែរ​។

ប្រភព​ដដែល បាន​និយាយ នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ពុធ ថា៖ «ការ​លក់នេះ បាន​ស្នើឡើង​នឹង​រួម​ចំណែក​ដល់​និរន្តរ​ភាព​នៃកងនាវា​លើផ្ទៃ​របស់​អ្នក​ទទួល ដោយ​បង្កើនសមត្ថភាព​របស់​កោះ​នេះក្នុងការ​ទប់ទល់​នឹង​ការ​គំរាម​កំហែងនាពេល​បច្ចុប្បន្ន និង​អនាគត​»។

ក្រសួង​ការពារ​ជាតិ​របស់​កោះ​តៃវ៉ាន់ បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បានគេរំពឹង​ថា នឹង​ចូល​ជាធរមានក្នុងរយៈពេល ១​ ខែ​ទៀត ហើយ​បាន​សម្តែង​ការ​អរគុណ​ដល់សហរដ្ឋ​អាមេរិកសម្រាប់ការគាំទ្រ​របស់​ខ្លួនក្នុងការ​ជួយ​តៃវ៉ាន់​ឱ្យ​អាច​ការពារខ្លួន​បាន។

យ៉ាង​ណាមិញ ភាគី​ទាំង ២ មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ផ្នែកណា ដែល​តៃវ៉ាន់​នឹងទទួល​បាន​នោះទេ​។ភាគច្រើន​នៃ​នាវាចម្បាំង​សំខាន់ៗ​របស់កោះ​តៃវ៉ាន់ គឺ​ផលិត ឬ​រចនាដោយ​សហរដ្ឋ​អាមេរិក៕

វីដេអូ៖