
រូបភាពថតពីលើនៃរោងចក្រ Freeport LNG។
រោងចក្រ Freeport LNG ដែលជាប្រតិបត្តិករនៃរោងចក្រនាំចេញដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលផលិតឧស្ម័នធម្មជាតិរាវ (LNG) នឹងត្រូវផ្អាកប្រតិបត្តិការខ្លួនយ៉ាងហោចណាស់ ៣ សប្តាហ៍ បន្ទាប់ពីការផ្ទុះនៅឯរោងចក្រ Texas Gulf Coast របស់ខ្លួន។
ក្រុមអ្នកវិភាគ បាននិយាយថា អគ្គិភ័យបានឆាបឆេះទីផ្សារឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ហើយផលប៉ះពាល់ទំនងជារីករាលដាលពេញទីផ្សារអឺរ៉ុប និងអាស៊ី។
រោងចក្រ Freeport LNG ផ្គត់ផ្គង់ទីផ្សារឧស្ម័ន LNG របស់សហរដ្ឋអាមេរិកប្រហែល ២០%។ ការបិទដំណើរការរោងចក្រខ្លួន បណ្ដាលឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារអឺរ៉ុប ដែលជាទីផ្សារជួបភាពតានតឹងរួចហើយ ខណៈអ្នកទិញថាមពលនៅអ៊ឺរ៉ុប ព្យាយាមគេចចេញពីការផ្គត់ផ្គង់ឧស្ម័ន LNG របស់រុស្ស៊ីជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។
លោក Alex Muntonនាយកផ្នែកឧស្ម័នសកល និងឧស្ម័ន LNG នៅក្រុមហ៊ុនស្រាវជ្រាវ Rapidan Energy បាននិយាយថា៖ «នេះគឺជាការដាច់ផលិតកម្មដ៏សំខាន់មួយ នៅឯរោងចក្រដ៏ធំរបស់សហរដ្ឋអាមេរិក។ រោងចក្រ Freeport LNG ដឹកជញ្ជូនឧស្ម័នប្រហែល ៤ កុងទីន័រក្នុងមួយសប្តាហ៍ ហើយការបិទរយៈពេល ៣ សប្តាហ៍នេះនឹងបណ្ដាលឱ្យបាត់បង់ការផ្គត់ផ្គង់ឧស្ម័ន LNG យ៉ាងហោចណាស់ ១ លានតោនចេញពីទីផ្សារ។
លោក Muntonបាននិយាយថា៖ «វានឹងបណ្ដាលឱ្យមាន កង្វះខាត។ ហើយការប្រកួតប្រជែងសម្រាប់ឧស្ម័ន LNG នឹងជំរុញឱ្យតម្លៃឧស្ម័ន LNG កើនឡើងខ្ពស់ជាសកល»។
រោងចក្រនេះ អាចដំណើរការបានរហូតដល់ ២,១ ពាន់លានហ្វីតគូបនៃឧស្ម័នធម្មជាតិក្នុងមួយថ្ងៃ (bcfd) និងមានសមត្ថភាព អាចនាំចេញឧស្ម័នសរុបដល់ទៅ ១៥ លានតោនក្នុង ១ឆ្នាំនៃឧស្ម័នរាវ(MTPA)។ យោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថា ការនាំចេញឧស្ម័ន LNG របស់សហរដ្ឋអាមេរិក បានកើនដល់ ៩,៧ bcfd កាលពីឆ្នាំមុន។
នៅក្នុងខែមីនា នាវាផ្ទុកទំនិញចំនួន ២១ គ្រឿង មានវត្តមាននៅឯរោងចក្រ Freeport ដោយដឹកឧស្ម័នប្រមាណ ៦៤ ពាន់លានហ្វីតគូបទៅកាន់គោលដៅ នៅអឺរ៉ុប កូរ៉េខាងត្បូង និងចិន ដែលនោះបានកើនឡើងពី ១៥ គ្រឿង ក្នុងខែកុម្ភៈ និង ១៩ គ្រឿង នៅខែមករា។ នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក៕
វីដេអូ៖