ផែនការ​ហេដ្ឋា​រចនាសម្ព័ន្ធ​យក្ស ដែល​ចំណាយ​ពេល​អស់ ២៥ ឆ្នាំ​ នៅ​ទីបំផុត​ចាប់​ផ្ដើម​ចេញ​ជា​រូបរាង​ហើយ។ ខ្សែ​រថភ្លើង​ប្រវែង ៥២៣ គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​រវាង​ប្រទេស​ចិន ប្រទេស​កៀហ្ស៊ីស៊ីស្ថាន និង​ប្រទេស​អ៊ូសបេគីស្ថាន នឹង​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​។

ប្រធានាធិបតី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ លោក Sadyr Japarov បាន​លើក​ឡើង​ថា ក្រោយ​សាងសង់​រួច ផ្លូវ​រថភ្លើង នឹង​នាំ​មក​នូវ​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​ទៅ​កាន់​តំបន់ ដោយ​ត​ភ្ជាប់​រវាង​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​ភាគ​ខាង​កើត​ប្រទេស​ចិន។

អ្នក​វិភាគ​បាន​និយាយ​ថា ផ្លូវ​រថភ្លើង​នេះ​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​​រីក​ចម្រើន​​យ៉ាង​ខ្លាំង​ជា​មិន​ខាន តែ​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាង​លិច​ឆ្ងាយ​ពី​ចិន គឺ​ក្រុង​ខាសហ្គារ៍​ (Kashgar) របស់​​ទីក្រុង​ស៊ីនជាំង (Xinjiang) ដែល​ស្ថិតនៅ​កណ្ដាល​ជួរ​ភ្នំ​ខ្ពស់​បំផុត​ ១ ​របស់​ពិភព​លោក និង​វាល​ខ្សាច់​ដ៏​ធំ​បំផុត និង​ជា​ទីក្រុង​ ដែល​គេ​សរសើរ​​ជា​យូរ​មក​ថា ​ជា​ស៊ីនជិន​ខាង​លិច​ទៀត​ផង​​។

បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​របស់​តំបន់​នេះ បាន​លេចចេញ​ជា​ថ្មី​នៅ​លើ​អ៊ីនធឺណិត​របស់​ចិន កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​ការ​បើក​ដំណើរការ​ផ្លូវ​ដែក​ចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន (CKU) ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ប្រវែង ៥២៣ គ.ម ចាប់​ផ្តើម​ពី​ទីក្រុង​ខាសហ្គារ៍។

ប៉ុន្តែ​ភាព​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន រួម​ទាំង​​ការ​ប្រឆាំង​រុស្ស៊ី​ចំពោះ​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី​កណ្តាល និង​នយោបាយ​ផ្ទៃ​ក្នុង​ដ៏​រញ៉េរញ៉ៃ​នៅ​កៀហ្ស៊ីស៊ីស្ថាន​។

ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន លោក Japarov ​បាន​និយាយ​កាល​ពី​ថ្ងៃទី ៣០ ខែ​ឧសភា​ថា ការ​សាងសង់​នឹង​ចាប់​ផ្តើម​ក្នុង​​ឆ្នាំ ២០២៣ នៅ​ពេល​ដែល​ការ​សិក្សា​អំពី​លទ្ធភាព​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Kyrgyz media 24.kg ។ ១០ ​ថ្ងៃ​មុន​នេះ នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ដដែល​នេះ​លោក Akylbek Japarov បាន​ប្រាប់​ថា ការ​សាងសង់​នឹង​ចាប់​ដំណើរការ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន ក៏​បាន​បញ្ជាក់​អះអាង​កាល​ពី​មុន​​ថា ការ​សាងសង់​នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។

ប្រទេស​ចិន កៀហ្ស៊ីស៊ីស្ថាន និង​អ៊ូសបេគីស្ថាន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ផ្លូវ​ដែក​ក្នុង​ឆ្នាំ ១៩៩៧។ បន្ទាប់​ពី​ជម្លោះ​ជាច្រើន​ឆ្នាំ របក​គំហើញ​ថ្មីៗ​នេះ បាន​ចង្អុល​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​សំខាន់ ​ដែល​រុស្ស៊ី​មាន​លើ​គម្រោង​នេះ ទោះបី​ជា​មិនមាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ក៏​ដោយ។

លោក Japarov បាន​លើក​ឡើង កាល​ពី​ខែ​មុន​យ៉ាង​ដូច្នេះ​ថា៖ «​ជា​ការ​ពិត យើង​បាន​ព្យាយាម​ដើម្បី​សាងសង់​​វា​អស់​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​គម្រោង​នេះ មិន​បាន​ចាប់​ផ្តើម​ទាល់​តែ​សោះ​។ គ្មាន​នរណា​ម្នាក់​អាច​ពន្យល់​ដល់​រុស្ស៊ី​ថា យើង​ត្រូវ​ការ​ផ្លូវ​ដែក​នេះ ដូច​យើង​ត្រូវ​ការ​ទឹក​អ៊ីចឹង​ដែរ​។ ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ខ្ញុំ​បាន​​និយាយ​រយៈពេល​កន្លះ​ម៉ោង​លើ​ប្រធានបទ​នេះ​ជាមួយ​លោក ពូទីន។ នៅ​ទីបំផុត គាត់​បាន​ដឹង​ថា ផ្លូវ​រថភ្លើង​នេះ គឺ​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​បំផុត ហើយ​បាន​និយាយ​ថា គាត់​គ្មាន​បញ្ហា​នោះ​​ទេ។ គាត់​បាន​ប្រាប់​​ថា ប្រសិន​បើ​អ្នក​ត្រូវ​ការ​ អ៊ីចឹង​សាងសង់​វា​ចុះ»​។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​​ថា ការ​ប្រឆាំង​របស់​ប្រទេស​រុស្ស៊ី ចំពោះ​​ការ​សាងសង់​ផ្លូវ​ដែក គឺ​ជា​ហេតុផល​គួរ​យល់​បាន ខណៈ​ដែល​ប្រទេស​នេះ​សង្ឃឹម ក្នុង​ការ​រក្សា​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​កណ្តាល ដែល​ជា​កន្លែង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ រុស្ស៊ី​តែងតែ​មើល​ឃើញ​អតីត​រដ្ឋ​សហភាព​សូវៀត​ជា​ផ្នែក​នៃ​ឥទ្ធិពល​របស់​ខ្លួន។

ខ្សែ​រថភ្លើង​ថ្មី​នេះ​ទៀត​សោត ក៏​នឹង​ផ្តល់​នូវ​ជម្រើស​លឿន និង​ថោក​ជាង សម្រាប់​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន​ ដែល​ភ្ជាប់​ពី​ចិន​ទៅ​អឺរ៉ុប (China-Europe Railway Express) ដែល​ភាគ​ច្រើន​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​រុស្ស៊ី។ គេ​បាន​ប៉ាន់​ប្រមាណ​ថា ខ្សែ​រថភ្លើង​នេះ​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​​ដឹក​ទំនិញ​រវាង​ប្រទេស​ចិន និង​អឺរ៉ុប​ចំនួន ៩០០ គ.ម ស្មើ​នឹង​រយៈពេល ៨ ​ថ្ងៃ​នៃ​ការ​ដឹក​ជញ្ជូន។

លោក Pan Guang ដែល​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​របស់​អង្គការ​​សហប្រតិបត្តិការ​សៀងហៃ​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​​សង្គម​សៀងហៃ បាន​លើក​ឡើង​ថា៖ «តាម​បែប​សេដ្ឋកិច្ច​ផ្លូវ​ដែក CKU ទំនង​ជា​​កាត់​បន្ថយ​ប្រាក់​ចំណូល​​​​​ឆ្លង​កាត់​របស់​រុស្ស៊ី​យ៉ាង​ខ្លាំង។ តាម​ទស្សន​នយោបាយ រុស្ស៊ី​តែងតែ​មើល​ឃើញ​អតីត​រដ្ឋ​សហភាព​សូវៀត​ជា​ផ្នែក​នៃ​ឥទ្ធិពល​របស់​ខ្លួន ដូច្នេះ​ហើយ​រុស្ស៊ី​តែងតែ​និយាយ​ប្រាប់​ទៅ​ប្រទេស​ចិន​ថា ខ្លួន​សង្ឃឹម​ថា ចិន​នឹង​មិន​ជំនួស​តួនាទី​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​កណ្តាល​ទេ ខណៈ​ដែល​ចិន​ក៏​បាន និង​កំពុង​​ធ្វើ​សកម្មភាព​យ៉ាង​ប្រុងប្រយ័ត្ន​ដែរ​»។

អ្នក​ជំនាញ​បាន​និយាយ​ថា៖ «​ភាព​ឯកោ​របស់​រុស្ស៊ី​កាន់​តែ​កើន​ខ្លាំង​ឡើង បន្ទាប់​ពី​ការ​លុកលុយ​របស់​ខ្លួន​លើ​ប្រទេស​ជិត​ខាង​អ៊ុយក្រែន ហើយ​រុស្ស៊ី​ប្រហែល​ជា​ត្រូវ​ប្រកាន់​ជំហរ​ទន់ភ្លន់​លើ​បញ្ហា​នេះ។ រុស្ស៊ី​មាន​ជម្រើស​តិច​ជាង​មុន។ ពួក​គេ​អាច​នឹង​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​​ទៅ​លើ​ប្រទេស​ចិន។ ពួក​គេ​​​​ត្រូវ​តែ​ធ្វើ​បែប​នេះ ក៏​ព្រោះ​សន្លឹក​បៀ ដែល​ពួក​គេ​កាន់​នៅ​ក្នុង​ដៃ គឺ​តូច​ជាង​»។

លោក Zhu Yongbiao សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Lanzhou បាន​និយាយ​ថា៖ «ឧបសគ្គ​ចម្បង​ ១ ​គឺ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​ដែល​បាន​ពឹង​ផ្អែក​លើ​ប្រទេស​រុស្ស៊ី​ ជា​យូរ​មក​ហើយ​នោះ ដោយ​ផែនការ​​របស់​កៀហ្ស៊ីស៊ីស្ថាន សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស មិន​ស្រប​នឹង​គម្រោង​ថ្មី​នេះ​ទេ ពី​ព្រោះ​ប្រទេស​នេះ​ចង់​អភិវឌ្ឍ​ផ្លូវ​ខាង​ជើង​ទៅ​ខាង​ត្បូង ខណៈ​ពេល​ដែល​ផ្លូវ​ដែក CKU គឺ​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ខាង​កើត និង​ខាង​លិច​វិញ»។​

លោក​បាន​បន្ថែម​ថា​៖ «​ទន្ទឹម​នឹង​នោះ ប្រទេស​នេះ​មាន​ជម្លោះ​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ូសបេគីស្ថាន​ផង​ដែរ ទាក់ទិន​នឹង​ការ​ផ្តល់​មូលនិធិ និង​រង្វាស់​ផ្លូវ​មួយ​ណា ដែល​ត្រូវ​ប្រើ​ជាមួយ​នឹង​ប្រទេស​ចិន»។

ចាប់​តាំង​ពី​​ចិន​បាន​ចាប់​ផ្តើម​នូវ​គំនិត «Belt and Road Initiative» (ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ) ក្នុង​ឆ្នាំ​ ២០១៣ តំបន់​ស៊ីនជាំង និង​អាស៊ី​កណ្តាល​តែងតែ​សង្ឃឹម​ថា សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​មាន​ភាព​រីកចម្រើន​កាន់​តែ​ខ្លាំង ដោយសារ​​ទីតាំង​នៅ​ចំ​កណ្តាល​របស់​ពួក​គេ​នៅ​លើ​ផ្លូវ​សូត្រ​ថ្មី​នេះ។

អ្នក​ជំនាញ​បាន​និយាយ​ថា ដោយសារ​តែ​ផែនការ​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ទទួល​បរាជ័យ​ក្នុង​ការ​ពង្រឹង​សក្តានុពល​របស់​ខ្លួន​ក្នុង​តំបន់។ ជំនួស​ឱ្យ​ការ​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផលិតកម្ម ដែល​ភ្ជាប់​ដោយ​បណ្តាញ​ផ្លូវ​ថ្នល់ និង​ផ្លូវ​ដែក​ប្រទស​នេះ ប្រើ​តំបន់​ស៊ីនជាំង​ភាគ​ខាង​ត្បូង​​​ធ្វើ​ជា​សេដ្ឋកិច្ច​កសិកម្ម​វិញ ប៉ុន្ដែ​ត្រូវ​បាន​កម្រិត​បន្ថែម​ទៀត ដោយសារ​តែ​ការ​តវ៉ា​ជា​អន្តរជាតិ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ប្រជាជន​អ៊ុយហ្គ័រ​នៅ​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​លើក​ឡើង​ទៀត​ថា ការ​បង្កើន​​នូវ​​ការ​តភ្ជាប់​នេះ​នឹង​​ពង្រឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ក្នុង​តំបន់ ហើយ​តម្លៃ​ភូមិសាស្ត្រ​នយោបាយ​របស់​វា​ទំនង​ជា​កើន​ឡើង​ជាមួយ​នឹង​តំណ​ភ្ជាប់​កាន់​តែ​ច្រើន​ទៅ​កាន់​ប្រទេស​អ៊ូសបេគីស្ថាន ដែល​មាន​​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​តួកម៉េនីស្ថាន និង​សមុទ្រ Caspian ផ្លូវ​ដែក​នេះ​អាច​ផ្តល់​ឱ្យ​​ចិន​នូវ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ដោយ​ផ្ទាល់​ទៅ​កាន់​មជ្ឈិមបូព៌ា តាមរយៈ​ច្រក​របៀង​ដឹក​ជញ្ជូន​អន្តរជាតិ​ខាង​ជើង-ខាងត្បូង៕