
ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi (ស្តាំ) និងប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Maduro (ឆ្វេង) ចាប់ដៃគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃទី ១១ ខែមិថុនា។
ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសសម្ព័ន្ធមិត្តទាំង ២ ដែលសុទ្ធតែជាប្រទេសទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ទៅកាន់សាធារណរដ្ឋអ៊ិស្លាម។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ២ លើការអភិវឌ្ឍទំនាក់ទំនង ក្នុងវិស័យផ្សេងៗគ្នា។
លោក Maduro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុងតេអេរ៉ង់ថា កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើវិស័យថាមពល និងហិរញ្ញវត្ថុ ក៏ដូចជា ធ្វើការរួមគ្នាលើគម្រោងការពារជាតិ។
លោក Maduro ក៏បានជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ដែលបាននិយាយថា ការតស៊ូ គឺជាវិធី ដើម្បីប្រឈមមុខនឹងសម្ពាធរបស់សហរដ្ឋអាមេរិក។
លោក Khamenei បាននិយាយថា ការសន្និដ្ឋាន ដែលអាចទាញបានពីកិច្ចសហប្រត្តិបត្តិការរបស់ប្រទេសទាំង ២ អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺថា វិធីតែ ១គត់ប្រឆាំងនឹងទណ្ឌកម្មអាមេរិក ត្រូវឈរ និងទប់ទល់។
លោក Khamenei បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង រវាងទីក្រុងតេអេរ៉ង និងការ៉ាកាស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រផ្លូវការរបស់លោក៕
វីដេអូ៖