
អ្នកការទូតចិនជើងចាស់ លោក Tianka ផ្ដល់កិច្ចសម្ភាសន៍ នាពេលកន្លងមក។
នៅក្នុងបទសម្ភាសជាមួយកាសែត The Straits Times នៅខាងក្រៅកិច្ចសន្ទនា Shangri-La កាលពីថ្ងៃអាទិត្យ អ្នកការទូតចិនជើងចាស់ Cui Tianka បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើតៃវ៉ាន់ ដែលរួមមាន ដូចជាការលក់អាវុធ និងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនយោបាយជាមួយតៃប៉ិហើយ។ លោកបានបន្ថែមថា ការវិវឌ្ឍទាំងនេះ នឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។
លោកបានឆ្លើយតបទៅនឹងសំណួរអំពីថា តើគាត់មានការព្រួយបារម្ភថា រដ្ឋបាល Biden កំពុងផ្លាស់ប្តូរឆ្ងាយពីគោលនយោបាយនៃភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្តរបស់ខ្លួនលើកោះតៃវ៉ាន់ដែរឬទេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែមុន ប្រធានាធិបតី Joe Biden បានឆ្លើយថា «បាទ» ទៅកាន់អ្នកសារព័ត៌មាន ដែលសួរថា តើសហរដ្ឋអាមេរិកនឹងមានឆន្ទៈក្នុងការចូលរួមផ្នែកយោធា ដើម្បីការពារកោះតៃវ៉ាន់ដែរ ឬទេ?។
សេតវិមានបានបំភ្លឺភ្លាមៗថា មិនមានការផ្លាស់ប្តូរគោលនយោបាយ ដែលអាមេរិកនឹងបន្តទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ខណៈពេលកំពុងបន្តផ្ដល់ជំនួយយោធាដល់កោះនេះ ប៉ុន្តែនឹងមិនធ្វើអត្ថាធិប្បាយលើសកម្មភាព ដែលខ្លួននឹងចាត់វិធានការ ដើម្បីការពារកោះនោះទេ។
លោក Cui បានប្រាប់សារព័ត៌មានដដែលថា៖ «នៅក្នុងសេណារីយោដ៏អាក្រក់បំផុត ប្រសិនបើតៃវ៉ាន់ពិតជាឆ្ពោះទៅរកឯករាជភាព យើងនឹងគ្មានជម្រើសផ្សេង ក្រៅពីប្រើកម្លាំងអ្វីក៏ដោយ ដែលយើងមាន ដើម្បីការពារការបំបែកតៃវ៉ាន់ចេញពីប្រទេស»។
លោកក៏បាននិយាយផងដែរថា លោកបានឃើញគោលនយោបាយរបស់សហរដ្ឋអាមេរិក កំពុងស្ថិតក្រោម ការផ្លាស់ប្តូរដ៏សំខាន់។ ជាក់ស្ដែងក្នុងរបៀបដោះស្រាយជាមួយសំណួរតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣ រវាងចិន និងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានធ្វើការប្តេជ្ញាចិត្ត ប៉ុន្តែពួកគេកំពុងព្យាយាមចាកចេញពីការប្តេជ្ញាចិត្តរបស់ពួកគេបន្តិចម្តងៗ។
លោក Cui បាននិយាយថា៖ «ឥឡូវនេះ ពួកគេក៏បានលើកឡើងអំពីអ្វី ដែលគេហៅថា ច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលជាសកម្មភាពឯកតោភាគី ដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក។ យើងបានប្រឆាំងនឹងវាតាំងពីដំបូងមកម្ល៉េះ»។
លោក បានបន្ថែមថា៖ «បន្ថែមពីលើនេះ ឥឡូវនេះពួកគេកំពុងបន្ថែមអ្វី ដែលគេហៅថា Six Assurances។ ដូច្នេះ ខ្ញុំគិតថា ពួកគេកំពុងងាកចេញពីគោលការណ៍ចិនតែ១ ឬអ្វីដែលគេហៅថា គោលនយោបាយចិនតែ១ ១ជំហានម្តងៗ»៕
វីដេអូ៖