
រុស្ស៊ីរកបាន $៩៦,៧ ពាន់លាន ពីការលក់ប្រេង និងឧស្ម័នទៅឱ្យពិភពលោក នៅក្នុង ១០០ ថ្ងៃដំបូង នៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ រូបថត AFP
រុស្ស៊ីរកចំណូលបាន $៩៦,៧ ពាន់លាន ពីការលក់ប្រេង និងឧស្ម័ន ទៅឱ្យប្រទេសនៅជុំវិញពិភពលោក ក្នុង ១០០ ថ្ងៃដំបូងនៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។
ចំនួនទឹកប្រាក់នេះ គឺពិតជាស្ថិតក្នុងចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល បើទោះបីជាបរិមាណនៃការនាំចេញធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងខែឧសភា ខណៈដែលសហគមន៍អន្តរជាតិបានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់ទីក្រុងម៉ូស្គូក៏ដោយ។
បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ក្នុងចំនួនសរុបខាងលើ សហភាពអឺរ៉ុប រួមចំណែក ៦១ ភាគរយ នៃការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
ហើយទោះបីជាប្រេងរបស់រុស្ស៊ី ត្រូវបានលក់ក្នុងតម្លៃបញ្ចុះថ្លៃ ដោយសារតែប្រភពដើមរបស់វាក៏ដោយ ក៏ការកើនឡើងជាសកលនៃតម្រូវការឥន្ធនៈហ្វូស៊ីល និងតម្លៃថាមពលកើនឡើងនៅតែទទួលបានផលចំណេញ សម្រាប់របបរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដើម្បីជាជំនួយក្នុងការផ្តល់ហិរញ្ញប្បទានដល់ការឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Lauri Myllyvirta ដែលជាអ្នកវិភាគនាំមុខរបស់ CREA បានលើកឡើងអំពីការដាក់ទណ្ឌកម្មអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងការប្រឆាំងនឹងទីក្រុងម៉ូស្គូថា៖ «វិវឌ្ឍន៍មកដល់បច្ចុប្បន្ននេះ គឺយឺតពេលពេកហើយ ដោយសារតម្រូវការជាបន្ទាន់ដល់អ៊ុយក្រែន។ សកម្មភាពខ្លាំងជាងនេះ គឺចាំបាច់ ដើម្បីកាត់ផ្តាច់រំហូរសាច់ប្រាក់ទៅកាន់ប្រទេសរុស្ស៊ី»។
លោក Myllyvirta បានបន្ថែមថា៖ «យើងត្រូវបង្កើនល្បឿននៃការប្រើប្រាស់ថាមពលស្អាត ដើម្បីជំនួសការនាំចូលឥន្ធនៈហ្វូស៊ីល និងសម្រួលដល់តម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជំរុញឱ្យប្រាក់ចំណូលរបស់រុស្ស៊ីកើនឡើង»។
ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏បានធ្វើការសន្យាថា នឹងប្រឹងប្រែងរារាំងនូវការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះ ទោះបីជាខ្លួនកំពុងតស៊ូក្នុងការយល់ព្រមលើរបៀប និងពេលវេលា ដែលត្រូវបញ្ចប់ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីក៏ដោយ៕
វីដេអូ៖