បណ្តា​ប្រទេស ទីក្រុង ក៏ដូចជាក្រុមហ៊ុន​នានា បាន​បង្កើន​ការសន្យា​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូ​ន្យ «Net Zero» ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ ប៉ុន្តែ​គេ​នៅតែ​មើលឃើញ​ភាពខ្វះ​ចន្លោះ និង​ការអនុវត្ត​ជាក់ស្ដែង នៅក្នុង​ផែនការ​ជាច្រើន​។

ដោយ​មើលឃើញ​ពី​ការប្រឈម​នឹង​ភាព​បន្ទាន់ និង​សម្ពាធ​សាធារណៈ ដែល​កើនឡើង ដោយសារ​ផល​ប៉ះពាល់​អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ និង​ថ្លៃដើម​កើនឡើង រដ្ឋាភិបាល និង​សាជីវកម្ម បានចេញ​ការប្ដេជ្ញា​កាត់បន្ថយ​នូវ​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូ​ន្យ «Net Zero» ក្នុង​កិច្ចប្រជុំ​កំពូល​អាកាស​ធាតុ​សំខាន់ៗ​របស់​អង្គការ​សហប្រជាជាតិ (UN) នៅ​ក្រុង Glasgow ប្រទេស​ស្កុតឡេន កាលពី​ឆ្នាំមុន​។

ប្រទេស​អ្នកមាន​ភាគច្រើនបាន​ប្រកាស​ថា ខ្លួន​នឹង​កាត់​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូ​ន្យនៅ​ឆ្នាំ ​២០៥០ ខណៈដែល​ប្រទេស​ចិន និង​ឥណ្ឌា បាន​ប្តេជ្ញា​ថា នឹង​ឈានដល់​ចំណុច​នោះ នៅ​ឆ្នាំ ​២០៦០ និង​ឆ្នាំ​ ២០៧០ តាម​លំដាប់​លំដោយ​។

លោក Frederic Hans អ្នកវិភាគ​គោល​នយោបាយ​អាកាសធាតុ នៅ​វិទ្យាស្ថាន New Climate និង​ជា​សហ​អ្នកនិពន្ធ​​របាយការណ៍​ខាងលើ បាន​និយាយ​ថា ការ​ប្រើប្រាស់​នូវ​គំនិត ដើម្បី​កាត់​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូ​ន្យ​នេះ បាន​និង​កំពុង​រីកចម្រើន​។ ប៉ុន្តែវិធានក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​យ៉ាង​លម្អិត នៅ​មាន​កម្រិត​នៅឡើយ។

លោក Hans បាន​និយាយ​ថា៖ «ប្រសិនបើ អ្នកកំណត់​គោលដៅ Net Zero ហើយ​អ្នក​មិន​ទាក់ទង​គ្នា​តាម​មធ្យោបាយ​ណាមួយ​ឱ្យ​ប្រាកដ​នូវ​អ្វី ដែល​ការ​កាត់បន្ថយ​នូវ​ការបំភាយ​ឧស្ម័ន ត្រូវបាន​បញ្ជាក់ តាម​គោលដៅ​បន្ទាប់មក​អត់មាន​នរណា​ម្នាក់​ដឹងនោះ​ អ្នកមិន​អាច​ត្រៀម​ខ្លួន ដើម្បី​អនុវត្ត​សកម្មភាព​នោះ​ឡើយ​»។

របាយការណ៍​នេះ បាន​វិភាគ​ផ្អែកលើ​មូលដ្ឋាន​ទិន្នន័យ​របស់​រដ្ឋាភិបាល ទីក្រុង រដ្ឋ និង​ក្រុមហ៊ុនធំៗ ចំនួន​ជាង ៤ ០០០ ភាគី ហើយ​​លេច​ឡើង​ក្នុង​ខណៈ​ពេល​ដែល​អ្នក​ជជែក​ដេញ​ដោល​អំពី​បញ្ហា​អាកាសធាតុ កំពុង​ជួបប្រជុំគ្នា​ នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​រៀបចំ​ឱ្យ​មាន​​កិច្ចពិភាក្សាសំខាន់ៗរបស់ UN នៅ​ចុងឆ្នាំ​នេះ។

យ៉ាងណាមិញ គោលដៅ​នេះ មិនបាន​ផ្ដោត​ថា លើ​វិធាន​ណាខ្លះ ដែល​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទេ ផ្ទុយទៅវិញ គោលដៅ​នេះបែរជា​ផ្តោតលើ​ការតាមដាន​ថា ​តើ​គោលដៅ​រឹងមាំ​ប៉ុនណា និង​ថា តើ​ពួកគេ​គួរ​ដើរ​តាម​វិធាន​ជាក់​លាក់​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព​ទៅវិញ។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋា​ភិបាល​នានា​លើ​ពិភពលោក បាន​ប្ដេជ្ញា​លើ​គោលដៅ Net Zero ដោយ ១/៣ នៃ​ក្រុមហ៊ុន ដែល​ធ្វើការ​ជួញដូរ​ជា​សាធារណៈ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ក៏មាន​គោលដៅ​សម្រេច​ដូចគ្នានេះដែរ ដោយ​ក្នុងនោះក្រុមហ៊ុន​ចំនួន ៧០២ បាន​ចូលរួម​ក្នុង​គោលដៅ​នេះ ពោលគឺ​កើនឡើង​ពី ៤១៧ ក្រុមហ៊ុន នៅខែ​ធ្នូ ឆ្នាំ​ ២០២០ ខណៈ​ពេល​ដែល​ចំនួន​ទីក្រុង​ធំៗ ដែល​មាន​គោលដៅក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន បាន​កើនឡើង​ទ្វេដង​ដល់ ២៣៥ ​ទីក្រុង។

សហ​អ្នកនិពន្ធ Takeshi Kuramochi អ្នកស្រាវជ្រាវ​គោលនយោបាយ​អាកាសធាតុ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន NewClimate បាន​និយាយ​ថា៖ «ឥឡូវនេះ យើង​កំពុងស្ថិត​ក្នុង​ដំណាក់កាល​មួយ ដែល​អ្នក​ប្ដេជ្ញាចិត្ត​ទាំងអស់ ត្រូវ​ទទួលរង​សម្ពាធ​ពី​ការ​កាត់បន្ថយ​ឱ្យ​នៅ​ត្រឹម​សូន្យ​ភ្លាមៗ ជាពិសេស​នៅក្នុង​វិស័យ​អាជីវកម្ម អាច​បណ្តាល​ឱ្យ​មាន​លំហូរ​ដ៏​ធំ​នៃ​ការបញ្ចេញ​សារធាតុ​ផ្ទះ​កញ្ចក់​ទ្រង់ទ្រាយ​ធំ ឬ​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ឆ្ពោះ​ទៅរក​ការ​បំបែក​សារធាតុ​កាបូនិក»។

ការវិភាគ​ចេញពី​គេហ​ទំព័រ Net Zero Tracker បាន​មើល​លើ​កត្តា​ជាច្រើន ដូចជា​ប្រសិនបើ​ផែនការ​លម្អិត ត្រូវ​បាន​បោះ​ពុម្ពផ្សាយ ឬ​សម្រាប់​រដ្ឋាភិបាល​នានា ឬ​ត្រូវបាន​ដាក់​បញ្ចូលក្នុង​ច្បាប់ និង​រួមបញ្ចូល​គោលដៅ​បណ្តោះ​អាសន្ន​សំខាន់ៗ នោះ​គោលដៅ​នេះនឹង​ធានា​បាន​នូវ​សកម្មភាព​កាត់បន្ថយ​កាបូន​យ៉ាង​លឿន​។

ប៉ុន្តែ​ទោះជា​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ច្រើន​ដល់​ទៅ៧០២ក្រុមហ៊ុន​ក៏ដោយ ក៏​ក្នុង​របាយការណ៍ ​គេ​រកឃើញ​ថា មាន​តែ​ក្រុមហ៊ុន​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​មាន​គោលដៅ​បណ្តោះ​អាសន្ន​មួយ​ចំនួន ដែល​ចាត់​ទុក​ថា មាន​វិធាន​កាត់បន្ថយ​កម្រិត​ទាប។ ប្រមាណ ៣៨% នៃ​ក្រុមហ៊ុន​ទាំងនេះ​ទេ ដែលមាន​បញ្ចូល​នូវ​ផែនការ​ស្ដីពី​ការ​បំ​ភាយ​ឧស្ម័ន​ទាំងអស់ ដែល​ទាក់ទង​នឹង​ផលិតផល និង​សកម្មភាព​របស់​ពួកគេ ដែល​មាន​តាំង​ពី​​​ខ្សែច​ង្វាក់​ផ្គត់ផ្គង់​រហូត​ដល់​ការប្រើប្រាស់ និង​ការ​ចោល​របស់​អតិថិជន​ជា​ដើម នៅក្នុង​ផែនការ Net Zero របស់​ពួកគេ។

លោក Hans បាន​និយាយ​ថា៖ «គោលដៅ​នេះ ទាម​ទារ​ឱ្យ​ក្រុមហ៊ុនបង្កើន​ចលនា និយតករ​បង្កើន​សកម្មភាព សង្គម​ស៊ីវិល​ត្រៀមខ្លួន​ជាស្រេច រួម​ទាំង​​អ្នកស្រាវជ្រាវដើម្បី​ឱ្យ​កិច្ចការ​នេះ​ពិត​ជា​ល្អ​​ប្រសើរ​​តាម​ពេលវេលា ដែល​បាន​កំណត់​»៕