
បុរសម្នាក់ កំពុងចាក់សាំងចូលរថយន្ត នៅឯស្ថានីយប្រេងឥន្ធនៈ Exxon Mobil ក្នុងទីក្រុង Houston រដ្ឋ Texas កាលពីថ្ងៃទី ៩ ខែមិថុនា។ AFP
អតិផរណាបានឈានដល់កម្រិតកំពូលនៅក្នុងខែឧសភា ដោយឡើងដល់ ៨,៦% បើធៀបនឹងឆ្នាំមុន ដែលបណ្ដាលមកពីការកើនឡើងនៃថាមពល លំនៅឋាន និងតម្លៃអាហារ ដែលជំរុញឱ្យតម្លៃកើនឡើងក្នុងល្បឿនលឿនបំផុត ក្នុងរយៈពេល ៤០ ឆ្នាំ។
អត្រានេះ កើនឡើង ១% ធៀបនឹងខែមេសា។ នេះបើតាមទិន្នន័យស្ដីពីសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ចុងក្រោយបង្អស់ ពីការិយាល័យស្ថិតិការងារ។ របាយការណ៍បានធ្វើឱ្យសេដ្ឋវិទូភ្ញាក់ផ្អើល និងបានពន្យល់ពីរបៀប ដែលគ្រួសារអាមេរិករាប់លាននាក់ មិនអាចគេចផុតពីអតិផរណា រួមមានការជួលផ្ទះខ្ពស់ វិក្កយបត្រឧស្ម័នកាន់តែធំ និងការកើនឡើងថ្លៃគ្រឿងទេសជាដើម។
លោក Chris Rupkey ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវ FWD Bonds បាននិយាយនៅក្នុងកំណត់សម្គាល់អ្នកវិភាគថា៖ «អ្វីក៏ដោយ ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើ ដើម្បីព្យាយាមទប់ទល់ថ្លៃដើមនៃវិបត្តិរស់នៅអាមេរិក វាមិនដំណើរការទេ។ នេះមិនមែនមកបញ្ហារុស្ស៊ី និងអ៊ុយក្រែនទៀតទេ»។
អតិផរណាបន្តផ្តល់ផលវិបាកសេដ្ឋកិច្ច និងនយោបាយសំខាន់ៗនៅអាមេរិក ដោយក្រុមហ៊ុនទទួលរងបញ្ហាតម្លៃដើមកើនឡើង និងអ្នកប្រើប្រាស់កាត់បន្ថយការសន្សំ ហើយគណបក្សប្រជាធិបតេយ្យបារម្ភអំពីការធ្លាក់ចុះ ក្នុងការបោះឆ្នោតខែវិច្ឆិកា ខាងមុខ។
ក្រុងវ៉ាស៊ីនតោន ធ្លាប់សង្ឃឹមថា អតិផរណាអាចនឹងធូរស្រាលនៅរដូវក្តៅនេះ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ជំរុញឱ្យតម្លៃថាមពលកើនឡើងខ្លាំង ហើយមេដឹកនាំពិភពលោក កំពុងខំដោះស្រាយបញ្ហានេះ។
តម្លៃឧស្ម័ន និងថាមពលផ្សេងទៀត មិនមែនជាកត្តាជំរុញតែ ១ គត់ ដែលបង្កឱ្យអតិផរណាកើនឡើងក្នុងខែឧសភានោះទេ។ បញ្ហាទីជម្រក ថ្លៃសំបុត្រយន្តហោះ រថយន្តប្រើរួច និងឡានដឹកទំនិញ និងយានជំនិះថ្មី ស្ថិតក្នុងចំណោមការរួមចំណែកធំជាងគេ ខណៈតម្លៃនៃការថែទាំសុខភាព គ្រឿងសង្ហារិម និងសម្លៀកបំពាក់ ក៏សុទ្ធតែមានចំណែកផងដែរ។
ប្រជាជនអាមេរិកភាគច្រើនរំពឹងថា អតិផរណានឹងកាន់តែអាក្រក់នៅឆ្នាំក្រោយ ហើយពួកគេក៏កំពុងកែប្រែទម្លាប់នៃការចំណាយរបស់ពួកគេ ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃផងដែរ។ នេះបើយោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយ The Washington Post និងសាលា Schar School of Policy & Government របស់សាកលវិទ្យាល័យ George Mason។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ ការស្ទាបស្ទង់មតិអ្នកប្រើប្រាស់ ដែលបានតាមដានយ៉ាងដិតដល់ពីសាកលវិទ្យាល័យ Michigan ក៏បានបង្ហាញពីការកើនឡើងនៃការរំពឹងទុកអតិផរណារបស់មនុស្សក្នុងរយៈពេលវែងផងដែរ។
ទិន្នន័យកាលពីថ្ងៃសុក្រ ក៏កើតមានឡើង ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងពីកំណើនសេដ្ឋកិច្ច ដែលជាប់គាំងនៅទូទាំងពិភពលោក។ កាលពីថ្ងៃអង្គារ ធនាគារពិភពលោកបានកាត់បន្ថយការព្យាករនូវកំណើនសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួនមកត្រឹម ២,៩% ពី ៤,១% ក្នុងខែមករា ហើយបានព្រមានថា សេដ្ឋកិច្ចពិភពលោក អាចទទួលរងពីការជាប់គាំងតាមរចនាប័ទ្មទសវត្សរ៍ឆ្នាំ ១៩៧០ ដែលជាការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់នៃកំណើនទន់ខ្សោយ និងការកើនឡើងតម្លៃ។
នៅថ្ងៃព្រហស្បតិ៍ ធនាគារកណ្តាលអឺរ៉ុបប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំខែកក្កដា របស់ខ្លួន ដោយ ១/៤ នៃភាគរយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ យ៉ាងណាមិញ អ្នកវិភាគបាននិយាយថា គ្មានដំណោះស្រាយឆាប់រហ័សណា ដែលអាចជួយកែបញ្ហានេះទេ ព្រោះវាជាបញ្ហាការផ្គត់ផ្គង់ និងតម្រូវការ ហើយការផ្គត់ផ្គង់ មិនអាចកើនឡើងក្នុងរយៈពេល ១ យប់ឡើ។
ប្រសិនបើមានអ្វីកើតឡើង ការផ្គត់ផ្គង់ប្រេងពិភពលោក នឹងកាន់តែតឹងរ៉ឹង នៅពេលដែលការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី កំពុងកើតមានឡើង។ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងហាមឃាត់ប្រេងរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះ។
ការហាមឃាត់ប្រេងរបស់រុស្ស៊ី កំពុងធ្វើឱ្យអតុល្យភាពនៃការផ្គត់ផ្គង់តម្រូវការកាន់តែខ្លាំង ក្នុងទីផ្សារថាមពលពិភពលោក ហើយមិនទំនងជាត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះទេ។
ដោយឡែក សហរដ្ឋអាមេរិកអាចសុំប្រទេសអារ៉ាប៊ី សាអ៊ូឌីត វ៉េណេស៊ុយអេឡា ឬអ៊ីរ៉ង់ ឱ្យជួយសម្រាលដល់ការធ្លាក់ចុះនៃផលិតកម្មប្រេងរបស់រុស្ស៊ី ប៉ុន្តែរាល់ជម្រើសនីមួយៗ តម្រូវឱ្យមានការគណនាសីលធម៌ និងនយោបាយរៀងៗខ្លួន៕
វីដេអូ៖