
លោក Bennett ថ្លែងក្នុងសន្និសីទកាសែតរួមជាមួយប្រធានគណៈកម្មការអឺរ៉ុប ក្នុងក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃទី ១៤ ខែមិថុនា។ AFP
សម្ព័ន្ធគ្រប់គ្រងដ៏ផុយស្រួយរបស់អ៊ីស្រាអែល ហាក់ដូចជាកាន់តែខិតជិតដួលរលំ បន្ទាប់ពីមានរបាយការណ៍ថា សមាជិកសភាមកពីគណបក្សស្តាំនិយមរបស់នាយករដ្ឋមន្រ្តីលោក Naftali Bennett បាននិយាយថា គាត់ឈប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលទៀតហើយ។
ការវិវឌ្ឍនេះ កើតឡើងនៅពេលដែលសម្ព័ន្ធភាពចម្រុះនៃមនោគមន៍វិជ្ជារបស់លោក Bennett រួមមានគណបក្សស្តាំនិយម សេរីនិយម និងអារ៉ាប់ បានរង្គោះរង្គើ និងកាន់តែជិតដល់ការដួលរលំ ១ ឆ្នាំ ក្រោយពីខ្លួនទើបបញ្ចប់ការកាន់កាប់រយៈពេល ១២ ឆ្នាំ របស់លោក Benjamin Netanyahu។
លោក Nir Orbach សមាជិកគណបក្សស្តាំនិយម Yamina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើនថា៖ «ខ្ញុំបានជូនដំណឹងទៅនាយករដ្ឋមន្ត្រីថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ខ្ញុំមិនមែនជាផ្នែកនៃក្រុមចម្រុះទៀតទេ»។
គ្មានការអត្ថាធិប្បាយភ្លាមៗពីលោក Orbach ដែលធ្លាប់លើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកថា សមាជិកសភាជ្រុលនិយម និងប្រឆាំងស៊ីយ៉ូននិយម បាននាំក្រុមចម្រុះចូលក្នុងទិសដៅមានបញ្ហា ១។
លោក Orbach ចង់ចៀសវាងការបោះឆ្នោត ១ ផ្សេងទៀត ហើយគាត់នឹងមិនបោះឆ្នោត ដើម្បីរំលាយសភាទេ ទោះការចាកចេញនេះ នាំឱ្យក្រុមចម្រុះខ្វះសំឡេងភាគច្រើនចំនួន ២ ក្នុងចំណោម ៥៩ អាសនៈ នៅក្នុងសភាដែលមានសមាជិកសរុប ១២០ ក៏ដោយ។
លោក Netanyahu ដែលបច្ចុប្បន្នជាមេដឹកនាំបក្សប្រឆាំងសច្ចាថា នឹងវិលមកវិញ ទោះលោកកំពុងស្ថិតក្នុងការកាត់ទោសពីបទពុករលួយក្ដី៕
វីដេអូ៖