
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Johnson ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី ១៧ ខែឧសភា។ AFP
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ស្នើសរសេរច្បាប់ថ្មីឡើងវិញជាឯកតោភាគី ពោលគឺច្បាប់ពាណិជ្ជកម្មក្រោយ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) សម្រាប់ប្រទេសអៀរឡង់ខាងជើង ទោះបីជាមានការប្រឆាំងពីសមាជិកសភាចក្រភពអង់គ្លេស និងមន្ត្រីសហភាពអឺរ៉ុបមួយចំនួន ដែលលើកឡើងថា ទង្វើនេះ បានបំពានច្បាប់អន្តរជាតិក៏ដោយចុះ។
សេចក្ដីព្រាងច្បាប់ ដែលបានស្នើឡើងដោយប្រទេសអង់គ្លេស មានបំណងស្វែងរកការដកការត្រួតពិនិត្យគយលើទំនិញមួយចំនួន ដែលនាំចូលពីអង់គ្លេសទៅអៀរឡង់ខាងជើង ដោយលក្ខខណ្ឌនេះ មានលក្ខណៈលើសនូវផ្នែកខ្លះនៃសន្ធិសញ្ញាពាណិជ្ជកម្ម ដែលនាយករដ្ឋមន្ត្រីលោក Boris Johnson បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប កាលពី ២ ឆ្នាំមុន។
រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នៅតែរក្សាជំហរខ្លួន ដែលចង់់ឱ្យមានការផ្លាស់ប្តូរ ដោយអះអាងជំហាននេះ មានភាពយុត្តិធម៌នៅក្រោមច្បាប់អន្តរជាតិ ដោយសារវាត្រូវបានគេចាត់ចូលជាករណីពិសេសជាក់ស្ដែង។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស Liz Truss បន្ទោសសហភាពអឺរ៉ុបវិញ ចំពោះការរារាំងដំណោះស្រាយ ដែលបានចរចារួចរាល់ហើយ។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនអាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងចក្រភពអង់គ្លេស។
អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic ប្រាប់ថា៖ «ច្បាប់ពាណិជ្ជកម្ម ដែលមានស្រាប់ នឹងផ្តល់ឱ្យប្រតិបត្តិករអាជីវកម្មនៅអៀរឡង់ខាងជើង ដឹកទំនិញទៅទីផ្សារតែ ១ របស់សហភាពអឺរ៉ុប។ វិធីសាស្ត្ររបស់ចក្រភពអង់គ្លេស ធ្វើឱ្យដំណើរការនេះ និងឱកាសដែលពាក់ព័ន្ធស្ថិតក្នុងហានិភ័យ»។
នៅប្រទេសអៀរឡង់ នាយករដ្ឋមន្ត្រី Micheal Martin បានលើកឡើងថា វាជារឿងគួរឱ្យសោកស្តាយណាស់ សម្រាប់ប្រទេសមួយ ដូចជាចក្រភពអង់គ្លេស ដែលសម្លឹងដល់សងសឹកលើសន្ធិសញ្ញាអន្តរជាតិបែបនេះ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានបន្ទរថែមថា មិនមានហេតុផលសម្រាប់ចក្រភពអង់គ្លេសឱ្យសរសេរច្បាប់ថ្មីឡើងវិញបែបនេះទេ។
លោក Scholz បានប្រាប់ថា៖ «វាជាការច្រានចោលនូវរាល់កិច្ចព្រមព្រៀង ដែលយើងព្រមព្រៀងគ្នារវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ សហភាពអឺរ៉ុប នឹងប្រតិកម្មចំពោះបញ្ហានេះ ព្រោះផែនការទាំងមូលរបស់សហភាពនឹងត្រូវបោះចោល»។
លោក Johnson ប្រាប់អ្នកយកព័ត៌មានដោយមិនខ្វល់ពីការរិះគន់របស់សហភាពអឺរ៉ុបថា អ្វីដែលបានស្នើឡើង វាគឺជារឿងធម្មតា។ លោកនិយាយទៅកាន់វិទ្យុ LBC Radio ថា៖ «និយាយដោយត្រង់ទៅ វាគឺជាការកែសម្រួលតិចតួច ដែលទាក់ទងនៅក្នុងគ្រោងការធំ»។
លោកបានបន្ថែមទៀតថា៖ «ការប្តេជ្ញាចិត្តផ្លូវច្បាប់កាន់តែខ្ពស់ពីរដ្ឋាភិបាលរបស់គាត់ ចំពោះកិច្ចព្រមព្រៀង Good Friday ឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាព និងស្ថិរភាពដល់អៀរឡង់ខាងជើង»។
ការរៀបចំសម្រាប់អៀរឡង់ខាងជើង ជាផ្នែកតែ ១ គត់របស់ចក្រភពអង់គ្លេស ដែលមានព្រំប្រទល់ដីជាមួយប្រជាជាតិសហភាពអឺរ៉ុប ដោយបានបង្ហាញពីបញ្ហាដ៏ធ្ងន់ធ្ងរបំផុត ក្នុងការផ្ដាច់ខ្លួនរបស់ចក្រភពអង់គ្លេសពីប្លុកនេះ ក្នុងចុងឆ្នាំ ២០២០។ ចំណុចកណ្តាលនៃជម្លោះ គឺស្ថិតនៅត្រង់ពិធីសាររបស់អៀរឡង់ខាងជើង ដែលឥឡូវនេះ ជាកន្លែងទំនាក់ទំនងពាណិជ្ជកម្ម រវាងអៀរឡង់ខាងជើងផង ជាផ្នែក ១ នៃចក្រភពអង់គ្លេសផង និងជាផ្នែកសាធារណរដ្ឋអៀរឡង់ ដែលនៅក្នុងសហភាពអឺរ៉ុបផង។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានស្រុះស្រួលគ្នាក្នុងកិច្ចព្រមព្រៀង Brexit របស់ពួកគេថា ព្រំដែនទឹកអៀរឡង់ នឹងត្រូវរក្សាទុក ដោយសេរីពីប៉ុស្តិ៍គយ និងការត្រួតពិនិត្យផ្សេងទៀត ព្រោះព្រំដែនបើកចំហ គឺជាសសរស្តម្ភសំខាន់នៃដំណើរការសន្តិភាព ដែលបញ្ចប់អំពើហិង្សារាប់ទសវត្សរ៍ នៅអៀរឡង់ខាងជើង។
ជំនួសមកវិញ ដើម្បីការពារទីផ្សារតែ ១ របស់សហភាពអឺរ៉ុបគេឃើញមានការត្រួតពិនិត្យលើទំនិញមួយចំនួន ដូចជាសាច់ និងស៊ុត ដែលនាំចូលអៀរឡង់ខាងជើង ពីតំបន់ផ្សេងៗរបស់ចក្រភពអង់គ្លេស។
ប៉ុន្តែការរៀបចំនេះ បង្ហាញពីការខូចខាតផ្នែកនយោបាយសម្រាប់លោក Johnson ព្រោះពិធីការសម្រាប់អៀរឡង់ខាងជើង មានលក្ខណៈខុសគ្នាពីចក្រភពអង់គ្លេស។ គណបក្សសហភាពប្រជាធិបតេយ្យរបស់អៀរឡង់ខាងជើង បដិសេធក្នុងការត្រឡប់ទៅកាន់រដ្ឋាភិបាលបែងចែកអំណាចរបស់តំបន់វិញ លុះត្រាពិធីការអយុត្តិធម៌នេះ ត្រូវបានលុបចោល ឬមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ ដើម្បីបដិសេធការរៀបចំនោះ ត្រូវបានក្រុមអ្នករិះគន់និយាយថា ជាការផ្លាស់ប្ដូរជាឯកតោភាគី និងខុសច្បាប់ ហើយអាចនឹងធ្វើឱ្យខូចដល់ជំហររបស់ចក្រភពអង់គ្លេសជាមួយនឹងប្រទេសដទៃទៀត ព្រោះវាជាផ្នែកមួយនៃសន្ធិសញ្ញា ដែលត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមច្បាប់អន្តរជាតិ។
នៅទីក្រុងប្រ៊ុចសែល លោក Sefcovic និយាយថា ពិធីសារ គឺជាដំណោះស្រាយតែ ១ គត់ ដែលយើងអាចរកបានរួមគ្នា ដើម្បីការពារប្រយោជន៍ ដែលរកបានដោយលំបាកនៃដំណើរការសន្តិភាពនៅអៀរឡង់ខាងជើង។ លោកបានបន្ថែមថា អឺរ៉ុបនៅតែបើកចំហក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ៕
វីដេអូ៖