
ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame។ រូបថត AFP
ក្រុមអ្នកតវ៉ាប្រឆាំងជនជាតិវ៉ាន់ដា បានបង្កចលាចលពាសពេញទីក្រុងហ្គោម៉ាភាគខាងកើត ប្រទេសសា.កុងហ្គោ ដោយមានការចុះរុះរើហាងនានា និងឆែកឆេររថយន្ត ដែលពួកគេសង្ស័យថា ដឹកជញ្ជូនជនជាតិរ្វ៉ាន់ដា។
មនុស្សរាប់ពាន់នាក់ ដើរតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងប្រទេសរ្វ៉ាន់ដា នាព្រឹកថ្ងៃបន្ទាប់ពីរដ្ឋាភិបាលកុងហ្គោអះអាងជាថ្មីថា គាំទ្រក្រុមឧទ្ទាម M23។
ក្រុមបាតុករ ដែលខ្លះដោះអាវខ្លួនទទេ ប្រញាប់ប្រញាល់ធ្វើដំណើរទៅព្រំដែនរ្វ៉ាន់ដា ដោយការស្រែកពាក្យប្រឆាំងប្រធានាធិបតីរ្វ៉ាន់ដាលោក Paul Kagame។
ប៉ូលិសខាងបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្ស។ នេះបើយោងតាមអ្នកយកព័ត៌មាន AFP ដែលបានឱ្យដឹងថា យ៉ាងហោចណាស់ អ្នកតវ៉ាម្នាក់បានរងរបួស។
នៅថ្ងៃបន្ទាប់មក ក្រុមអ្នកតវ៉ាបានចូលប្លន់ហាង ក្នុងសង្កាត់ពាណិជ្ជកម្មក្នុងក្រុងហ្គោម៉ា។ អ្នកខ្លះក៏បានឈប់ និងឆែកឆេររថយន្តដែលដឹកប្រជាជនរ្វ៉ាន់ដា ដោយភាគច្រើនទំនងជារត់គេចឆ្លងព្រំដែន អំឡុងពេលមានការចលាចល។
ការប៉ះទង្គិចគ្នា រវាងកុងហ្គោ និងប្រទេសជិតខាងភាគខាងកើតរបស់ខ្លួននេះ បានកើនឡើងជាមួយក្រុមឧទ្ទាម M23 ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
កងជីវពល Tutsi ជាកងកម្លាំងចម្បងរបស់កុងហ្គោ ដែលជាក្រុមប្រដាប់អាវុធ ១ ក្រុម នៅភាគខាងកើតប្រទេសនេះ ធ្លាប់ត្រូវបានគេបណ្ដេញចេញប្រទេស បន្ទាប់ពីមានការវាយលុករួមគ្នា ដោយកងទ័ពអង្គការសហប្រជាជាតិ និងកងទ័ពរបស់សា.កុងហ្គោ។ ថ្មីៗនេះ កងជីវពលនេះ បានត្រឡប់មកវិញ ហើយតែងមានការប៉ះទង្គិចគ្នាជាញឹកញាប់ ជាមួយកងទ័ពកុងហ្គោ ក្នុងអំពើហិង្សាដែលកាន់តែធ្វើឱ្យមានភាពតានតឹងខ្លាំងឡើងនៅអាហ្វ្រិក កណ្តាល៕