ឥណ្ឌា និងបង់ក្លាដែស ដែលជាប្រទេសនៅអាស៊ីខាងត្បូង កំពុងរងគ្រោះទឹកជំនន់ដ៏ខ្លាំង ដែលជន់លិចអាកាសយានដ្ឋាន បង្កឱ្យប៉មទូរស័ព្ទដួលរលំ ស្ពានរលំបាក់ និងខ្សែបណ្តាញអគ្គិសនីត្រូវកាត់ផ្តាច់ ខណៈមនុស្សរាប់លាននាក់ ត្រូវដាច់ទំនាក់ទំនង និងរាប់សែននាក់ត្រូវជម្លៀសចេញពីលំនៅឋាន។
ទីភ្នាក់ងារព័ត៌មានញូវយ៉កថាមស៍ (NYTIMES) ប្រចាំក្រុងញូវដេលី បានដកស្រង់សម្តីរបស់មន្ត្រីដែលថា យ៉ាងហោចណាស់មនុស្ស ១១៦ នាក់ បានរងគ្រោះដល់អាយុជីវិតនៅក្នុងទឹកជំនន់ និងរន្ទះបាញ់ ហើយក៏ដូចជាការរអិលបាក់ដី ដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះកាន់តែលំបាក។
ទឹកជំនន់ដ៏មហន្តរាយចុងក្រោយនេះ កើតឡើងមិនដល់ ១ ខែ បន្ទាប់ពីភ្លៀងមូសុងបានធ្លាក់យ៉ាងខ្លាំងក្នុងទីប្រជុំជន។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍ មន្ត្រីក្នុងរដ្ឋ Assam ជារដ្ឋមួយនៅភាគឦសានឥណ្ឌា ជាប់ព្រំដែនប្រទេសបង់ក្លាដែស បានប្រាប់ថា ស្រុកទាំង ៣៣ របស់រដ្ឋត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលពួកគេបានស្តីបន្ទោស ចំពោះការមិនដំណើរការស្ទើរតែ ១ ទសវត្សរ៍នៃវឌ្ឍនភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទីក្រុង និងភូមិឆ្ងាយៗ។
យ៉ាងហោចណាស់ មនុស្ស ៧៣ នាក់ បានស្លាប់ដោយសារគ្រោះមហន្តរាយនៅក្នុងរដ្ឋនេះ ហើយនៅក្នុងរដ្ឋជិតខាងនៃរដ្ឋ Meghalaya មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Cherrapunji និង Mawsynram។
កាលពីថ្ងៃសុក្រកន្លងទៅ ទីក្រុង Mawsynram បានកត់ត្រាទឹកភ្លៀងប្រហែល ១០១ សង់ទីម៉ែត្រ ក្នុង ១ ថ្ងៃ។ នៅក្នុងតំបន់ Dangar ក្បែរនោះ មនុស្សយ៉ាងតិច ៥ នាក់ ក្នុងគ្រួសារមួយ ត្រូវបានសម្លាប់នៅក្នុងការបាក់ដី កាលពីថ្ងៃចន្ទ។ នេះផ្អែកតាមលោក Conrad Sangma ដែលជាប្រមុខរដ្ឋបានឱ្យដឹងនៅលើបណ្ដាញសង្គម Twitter៕