
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken (ឆ្វេង) ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងជំនួបទ្វេភាគី នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា។ AFP
ការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមថ្មីនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) អាចបំពេញសេចក្តីប្រាថ្នារបស់វៀតណាម ក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងភាពរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីការបង្កើតនូវក្របខ័ណ្ឌសេដ្ឋកិច្ច IPEF ក្នុងបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទីក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្ត និងដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។
ការចូលរួមរបស់វៀតណាមក្នុងកតិកាសញ្ញាសេដ្ឋកិច្ច ដែលដឹកនាំដោយអាមេរិក មិនមែនរឿងគួរភ្ញាក់ផ្អើលទេ។ ដោយឈរលើគោលការណ៍ពហុភាគីនិយម វៀតណាមតែងស្វែងឱកាសដើម្បីដាក់ខ្លួនក្នុងស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
ក្នុងការចូលរួមក្នុងក្របខ័ណ្ឌទាំងនេះ វៀតណាមស្វែងរកកិច្ចសហប្រតិបត្តិការគ្រប់ទិសទីក្នុងកម្រិតផ្សេងៗនៃសមាហរណកម្មសេដ្ឋកិច្ច។ ក្នុងនាមជាសមាជិក IPEF វៀតណាមអាចមានសួនរួមដ៏ល្អក្នុងរបៀបវារៈនយោបាយ និងសេដ្ឋកិច្ចនៃក្របខ័ណ្ឌ ដោយហេតុថា គំនិតផ្តួចផ្តើមសេដ្ឋកិច្ចនេះ នឹងត្រូវលើកឡើងកិច្ចសន្ទនាសំខាន់ៗ រវាងដៃគូពាក់ព័ន្ធ។
ស្របពេលអស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ និងការស្ទះខ្សែចង្វាក់ផ្គត់ផ្គង់ បានក្លាយជាបញ្ហារំខាន ចំពោះសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលបណ្ដាលមកពីវិបត្តិកូវីដ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទីផ្សារនាំចូល និងនាំចេញចម្បងលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ត្រូវទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់វៀតណាម ដោយសារភាពរង្គោះរង្គើខាងភូមិសាស្ត្រនយោបាយ ព្រមទាំងការរំខានពាណិជ្ជកម្មធ្វើឱ្យការធ្វើពិពិធកម្ម ចំពោះចង្វាក់ផ្គត់ផ្គង់ជាមួយដៃគូ IPEF កាន់តែមានសារៈសំខាន់ក្នុងការជួយប្រទេសនេះបង្កើនភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ចំពោះវិបត្តិ ខណៈសកម្មភាពរបស់ទីក្រុងម៉ូស្គូ និងប៉េកាំងកំពុងបន្តប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។
គំនិតផ្ដួចផ្ដើម IPEF អាចជួយពង្រឹងផលប្រយោជន៍ភូមិសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់វៀតណាម ជាពិសេសចំពេលមានការប្រកួតប្រជែងសេដ្ឋកិច្ច រវាងមហាអំណាចទាំង ២ អាមេរិក និងចិន និងបណ្តាប្រទេស ដែលកំពុងស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច ឬយុទ្ធសាស្ត្រ «ចិនបូក ១»។ នៅក្នុងជំហានដដែលនេះ វៀតណាមសង្ឃឹមថា ទទួលបានការគាំទ្រខាងហិរញ្ញវត្ថុ និងបច្ចេកទេសពីអាមេរិក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ថាមពល និងការការពារបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel, Apple និង Google នៅ Silicon Valley រដ្ឋកាលីហ្វ័នីយ៉ា បានបើកឱកាសសម្រាប់ការចូលរួមរបស់វៀតណាមជាមួយខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងប្រព័ន្ធអេកូឌីជីថលរបស់អាមេរិក ដោយសារមហិច្ឆតារបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដែលចង់ធ្វើពិពិធកម្ម ចំពោះខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
ដំណឹងល្អនោះ គឺថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិចារណាលើការជំរុញផលិតកម្មរបស់ខ្លួននៅវៀតណាម ដែលបច្ចុប្បន្នកំពុងមានរោងចក្រចំនួន ៣១ ផលិត និងដំឡើងគ្រឿងបន្លាស់ ហើយនិងឧបករណ៍អេឡិចត្រូនិកសម្រាប់ផលិតផលរបស់ Apple។
គួបផ្សំជាមួយនឹងការប្ដេជ្ញារបស់វៀតណាម សម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០ ក្នុងសន្និសីទភាគីស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ របស់អង្គការសហប្រជាជាតិ (COP26) ទីក្រុងហាណូយ អាចក្លាយជាគោលដៅចម្បងក្នុងក្រសែភ្នែកអាមេរិក ដែលសម្លឹងឃើញភាពជាដៃគូថាមពលស្អាតក្នុងប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក។
យ៉ាងណា វៀតណាមទំនងមិនអាចបត់បែនជាមួយសសរស្តម្ភទាំង ៤ របស់ IPEF បានទាំងអស់ទេ។ អ្វីដែលគេមើលថា ស្ថិតក្នុងភាពខ្វះចន្លោះនោះគឺ «សេដ្ឋកិច្ចយុត្តិធម៌» ដែលសំដៅលើការអនុវត្តពន្ធដោយប្រសិទ្ធភាពការប្រឆាំងការលាងលុយកខ្វក់ និងរបបប្រឆាំងការស៊ីសំណូក។
លោក Huynh Tam Sang សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រក្នុងក្រុងហូជីមិញ បានផ្ដល់ជាអនុសាសន៍មួយចំនួន ក្នុងបទវិភាគរបស់សារព័ត៌មាន The Diplomat ថា ក្រុងវ៉ាស៊ីនតោន និងហាណូយ គួរតែដោះស្រាយបញ្ហាខ្វះខាតរបស់ខ្លួន ដូចជាផលិតភាពនៃការងារមានកម្រិតទាបការច្នៃប្រឌិតតិចតួច និងបទប្បញ្ញត្តិស្រមោល នៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកង្វះនៃការនាំចេញទំនិញទំនើបទៅកាន់ប្រទេសអភិវឌ្ឍន៍ ដើម្បីជាការលើកកម្ពស់ ចំពោះកិច្ចព្រមព្រៀងប្រតិបត្តិរបស់ទីក្រុងជាមួយដៃគូដទៃ។
ជាងនេះទៅទៀតនោះ ភាគីទាំងអស់គួរគិតពិភាក្សាទាំងកង្វល់ និងផលប្រយោជន៍ រវាងប្រទេសវៀតណាម និងដៃគូតាមរយៈការសន្ទនាប្រកបដោយសមធម៌ និងការពិគ្រោះយោបល់ឱ្យបានញឹកញាប់ ដើម្បីសម្របសម្រួលការរៀបចំ IPEF ឆ្ពោះទៅរកដំណើរការរួមបញ្ចូល បើកចំហ និងអាចបត់បែនបាន ដូចដែលភាគីវៀតណាមបានគូសបញ្ជាក់រួចរាល់ហើយ នៅក្នុងកិច្ចប្រជុំកតិកាសញ្ញា សម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ច៕