នៅ​មុន​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​មិន​ទាន់​ច្បាស់លាស់​អំពី​ការ​ជួបគ្នា​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​មហា​អំណាច​ខាង​ប្លុក​សេរី​ សហរដ្ឋអាមេរិក និង​ប្លុក​កុម្មុយនីស្ត​​ចិន នៅ​មុន​កិច្ច​ប្រជុំ​មេដឹកនាំ​កំពូល​របស់​ប្រទេស​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ប្រទេស​ចិន ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ ដោយ​ចាត់​ទុក​អាមេរិក​ជា «ប្រភព​ដ៏​ធំ​បំផុត​នៃ​ការ​រំខាន​ដល់​សណ្តាប់​ធ្នាប់​ពិភព​លោក​»។

ក្រសួង​ការបរទេស​ចិន បាន​ចេញ​​របាយការណ៍​មួយ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​ដោយ​ដាក់​ឈ្មោះ​ថា​ «ភាព​មិន​ពិត ​ក្នុង​ការ​យល់​ឃើញ​​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ប្រទេស​ចិន» ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា ថ្មីៗ​នេះ ពី​សំណាក់​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ដែល​គាត់​បាន​លើក​ឡើង​​ពី​ការ​ព្រួយ​បារម្ភ​អំពី​ទីក្រុង​ប៉េកាំង​ថា ជា «ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ និង​យូរអង្វែង​»។ សុន្ទរកថា​នេះ ​ត្រូវ​បាន​ថ្លែង​ទៅ​កាន់​សមាគម​អាស៊ី​ក្នុង​ក្រុង​វ៉ាស៊ីនតោន ​កាល​ពី​​ថ្ងៃទី​ ២៦ ខែ​ឧសភា។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត Korea Herald។

បណ្តាញ​សារ​ព័ត៌​មាន​នៅ​អាមេរិក CNBC បាន​ផ្សាយ​ថា លោក Blinken នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​សាកលវិទ្យាល័យ George Washington កាល​ពី​ថ្ងៃទី​ ២៦ ខែ​ឧសភា​នោះ បាន​ហៅ​ចិន​ថា «​ចិន​ គឺ​ជា​ប្រទេស​​តែ ១ ​គត់ ដែល​មាន​​ចេតនា​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​អន្តរជាតិ ដោយ​ការ​ដំឡើង​​កាន់​តែ​ខ្លាំង​ឡើងៗ ខាង​អំណាច​សេដ្ឋកិច្ច ការ​ទូត យោធា និង​បច្ចេកវិទ្យា ដើម្បី​សម្រេច​នូវ​មហិច្ឆតា​នេះ​»។

ប្រមុខ​ក្រសួង​ការ​បរទេស​​រូបនេះ ​បន្ត​ថា​៖‍«ចក្ខុ​វិស័យ​របស់​ក្រុង​ប៉េកាំង នឹង​ធ្វើ​ឱ្យ​​យើង​ឃ្លាតឆ្ងាយ​ពី​តម្លៃ​សកល ដែល​បាន​ទ្រទ្រង់​នូវ​វឌ្ឍនភាព​ជាច្រើន​របស់​ពិភព​លោក​ក្នុង​រយៈពេល ៧៥ ​ឆ្នាំ​កន្លង​មក​»​។

ដោយ​ពន្យល់​ពី​ហេតុផល សម្រាប់​ការ​ចេញផ្សាយ​នូវ​សេចក្តី​​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​អាទិត្យ នា​សប្ដាហ៍​កន្លង​ទៅ ក្រសួង​ការ​បរទេស​ចិន ដោយ​ផ្អែក​តាម​ប្រភព​ពី Korea Herald បាន​ប្រាប់​ថា៖ «យើង​នឹង​ប្រើប្រាស់​ការ​ពិត និង​តួលេខ ដើម្បី​បង្ហាញ​ដល់​ពិភព​លោក ពី​របៀប​បោក​បញ្ឆោត លាក់ពុត និង​គ្រោះថ្នាក់​ ចំពោះ​គោល​នយោបាយ​​ចិន​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច​ម្ដេច»​។

ប្រហែល ១ សប្តាហ៍​កន្លង​មក​នេះ បណ្តាញ​សារព័ត៌មាន Channelnewsasia បាន​ផ្សព្វផ្សាយ​អំពី​លទ្ធភាព​ជួបគ្នា​តាម​ទូរស័ព្ទ​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​ប្រធានាធិបតី​ចិន ​លោក ស៊ី ជីនភីង ប៉ុន្តែ​មិន​មាន​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​នោះ​ទេ ដោយ​គ្រាន់​តែ​អះអាង​ពី «លទ្ធភាព​នៃ​ការ​ជួប​តាម​ទូរស័ព្ទ» ប៉ុណ្ណោះ​។

ការ​បង្ហាញ​ពី​ជំនួប​នេះ កើត​មាន​ឡើង បន្ទាប់​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ បៃដិន លោក Jake Sullivan បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ទូត​ជាន់​ខ្ពស់​របស់​ចិន លោក Yang Jiechi នៅ​ទីក្រុង​លុចសំបួ អស់​រយៈពេល​ជាង ៤ ​ម៉ោង​។

មេ​ដឹកនាំ​កំពូល​ណាតូ គ្រោង​នឹង​ជួប​ប្រជុំគ្នា​នា​ចុង​ខែ​នេះ នៅ​ឯ​ទីក្រុង​ម៉ាឌ្រីដ ដែល​អ្នក​ជំនាញ​​ជឿថា ការ​ចេញ​របាយការណ៍​របស់​ចិន គឺជា​គំរាម​អាមេរិក​ទុក​មុន ខណៈ​ពេល​ដែល​​ដឹង​ថា អាមេរិក​នឹង​ដាក់​ទិសដៅ​វាយ​ប្រហារ​ខ្លួន​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​​ការបរទេស​ចិន​បាន​បន្ត​ថា៖ «ជាមួយ​នឹង​ភាសា ដែល​បាន​​​ក្រិត​តាម​ខ្នាត​យ៉ាង​​ប្រុងប្រយ័ត្ន គាត់ (Blinken) បាន​ស្វះស្វែង​ផ្សព្វផ្សាយ​រឿង​និទាន ពី «ការ​គំរាម​កំហែង​របស់​ចិន» ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន និង​ធ្វើ​ឱ្យ​ខូច​គោល​នយោបាយ​​ក្នុង​ស្រុក និង​បរទេស​របស់​ចិន ដោយ​ទាំង​អស់​នោះ ស្ថិត​​ក្នុង​ការ​ប៉ុនប៉ង ដើម្បី​ទប់ស្កាត់ និង​កៀបសង្កត់​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រទេស​ចិន»។

ជាមួយគ្នា​នេះ ​សេចក្ដី​ថ្លែងការណ៍​បាន​លើក​ឡើង​ទៀត​ថា អាមេរិក​​កំពុង​បំពាន​គោលការណ៍​​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​បទដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ហើយ​បាន​ប្រាប់​បន្ថែម​ឱ្យ​ដឹង​​ថា មាន​តែ ១៦ ​ឆ្នាំ​ប៉ុណ្ណោះ ដែល​អាមេរិក​មិន​មាន​សង្គ្រាម​នៅ​ក្នុង «ប្រវត្តិសាស្ត្រ​លើស ២៤០ ឆ្នាំ​» របស់​ខ្លួន មុន​នឹង​ថា សហរដ្ឋអាមេរិក​ក៏​អាច​ត្រូវ​បាន​គេ​ហៅ​ថា ជា «ប្រទេស​ដែលមាន​កំហឹង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក»។

ក្រសួង​ដដែល​បញ្ជាក់​ទៀត​ថា៖ «អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ជានិច្ច​ថា នឹង​រក្សា ​ឬ​​អ្វី​ដែល​គេ​ហៅ​ថា ជា​សណ្តាប់​ធ្នាប់​អន្តរជាតិ ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​បន្ត​អនុត្តរភាព (ភាព​គ្មាន​គេ​ប្រៀប) របស់​ខ្លួន​ប៉ុណ្ណោះ។ តាម​​​ពិត អាមេរិក​ខ្លួន​ឯង​ទេ គឺ​ជា​ប្រភព​ដ៏​ធំ​បំផុត ដែល​រំខាន​ដល់​សណ្តាប់​ធ្នាប់​ពិភព​លោក​នោះ»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ដែល​មាន​ជាង ២៤ ៦០០ ​ពាក្យ ជា​ភាសា​អង់គ្លេស ចិន​ក៏​បាន​រិះគន់​អាមេរិក​លើ​បញ្ហា​ជាច្រើន រួមមាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចការ​បរទេស និង​ការ​រំលោភ​បំពាន​មនុស្ស​ធម៌​ផង​ដែរ​។

សេចក្តី​ថ្លែងការណ៍​នោះ បាន​បន្ត​រៀបរាប់​ថា៖ «ទំនាក់ទំនង​ចិន-អាមេរិក បាន​ឈាន​ដល់​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ។ សហរដ្ឋអាមេរិក​គួរ​តែ​ឈប់​ ដើម្បី​ក្រឡេក​មើល​ទំនាក់ទំនង​នេះ ចេញ​ពី​គំនិត​សង្គ្រាម​ត្រជាក់ និង​​គំនិត​ឈ្នះ​ជានិច្ច​ ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ទាំង ​៣ ​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ការ​រួមរស់​ដោយ​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ហើយ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់ខ្លួន​នូវ​ការ​ធានា​ចំនួន ​៥ ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​​ចិន​»។

ការ​ធានា​ទាំង ៥ ពី​អាមេរិក ​ដូច​ដែល​បាន​រាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ គឺ​សហរដ្ឋអាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​សង្គ្រាម​ត្រជាក់​ថ្មី​ជាមួយ​ចិន​ទេ សហរដ្ឋអាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​របស់​​ចិន​ទេ ការ​ធ្វើ​ឱ្យ​ភាព​រឹងមាំ​ឡើង​វិញ​នៃ​សម្ព័ន្ធភាព​របស់​សហរដ្ឋ​អាមេរិក មិនមែន​ដើម្បី​ប្រឆាំង​នឹង​​ចិន​ទេ សហរដ្ឋ​អាមេរិក​មិន​គាំទ្រ «ឯករាជ្យ​តៃវ៉ាន់» ហើយ​អាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​ជម្លោះ​​ជាមួយ​ចិន​ឡើយ»​។

លោក Chung Jae-heung អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Sejong ​និយាយ​ថា ឯកសារ ចុង​ក្រោយ​បង្អស់​ពី​ក្រុង​ប៉េកាំង​បង្ហាញ​ថា ប្រទេស​នេះ​មាន​អារម្មណ៍​ថា មាន​តម្រូវការ​ក្នុង​ការ​បង្ហាញ​ជំហរ​របស់ខ្លួន​លើ​កិច្ចការ​បច្ចុប្បន្ន មុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយ នា​ក្រុង​ម៉ាឌ្រីដ។

លោក Chung បាន​ប្រាប់​កាសែត The Korea Herald ថា៖ «ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន កាន់​តែ​តានតឹង​ខ្លាំង​ឡើងៗ ហើយ​គេ​រំពឹង​ថា អាមេរិក​នឹង​អះអាង​ជំហរ​របស់ខ្លួន​ប្រឆាំង​នឹង​​ចិន​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ​»។ ដូច្នេះ​វា​ហាក់​ដូចជា​ប្រទេស​ចិន ​មាន​អារម្មណ៍​ថា ចាំបាច់​ត្រូវ​ធ្វើ​ការ​ប្រឆាំង​ជា​មុន មុន​ពេល​ដែល​សហរដ្ឋអាមេរិក​ព្យាយាម (ដើម្បី​ឈ្នះ​​ប្រទេស​​ផ្សេង​ទៀត) នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ»​។

ការ​ថ្កោលទោស​របស់​ទីក្រុង​ប៉េកាំង កើត​ឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង រវាង​សហរដ្ឋ​អាមេរិក និង​ចិន ជុំវិញ​បញ្ហា​រសើប​មួយ​ចំនួន​។ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា នាពេល​ថ្មីៗ​នេះ ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​ចិន បាន​ធ្វើ​ជំនួញ​លើ​កោះ​តៃវ៉ាន់ ដោយ​បាន​ធ្វើ​ការ​បន្ទោស​គ្នា​ទៅវិញ​ទៅមក ចំពោះ​​ការបង្ក​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។

ដោយ​ឡែក នៅ​ក្នុង​សុន្ទរកថា កាល​​​ពី​ថ្ងៃទី​ ២៦ ខែ​ឧសភា​​ នាទី​ក្រុងវ៉ាស៊ីនតោន​នោះ លោក Blinken ក៏បាន​សម្តែង​ការព្រួយ​បារម្ភ​ប្រឆាំង​នឹង​​ប្រទេស​ចិន ​ផងដែរ ដោយ​​បាន​ប្រាប់​ថា​៖ «​យើង​​មិន​អាច​ពឹង​ផ្អែកលើ​ទីក្រុង​ប៉េកាំង ដើម្បី​ផ្លាស់ប្តូរ​គន្លង​របស់​ខ្លួន​បាន​ទេ។ ដូច្នេះ​យើង​នឹង​រៀបចំ​បរិយាកាស​យុទ្ធសាស្ត្រ ជុំវិញ​ទីក្រុង​ប៉េកាំង ដើម្បី​ជំរុញ​ចក្ខុវិស័យ​របស់​យើង សម្រាប់​ប្រព័ន្ធ​អន្តរជាតិ ដែល​បើក​ចំហ និង​រួមបញ្ចូល​គ្នា​»។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធានាធិបតី​អាមេរិក លោក ​ចូ បៃដិន បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​នឹង​ពិភាក្សា​ជាមួយ​សមភាគី​ចិន​ ​លោក ស៊ី ជីនភីង​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ដែល​​លោក​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​សម្រេចចិត្ត​ថា តើ​ត្រូវ​បន្ធូរបន្ថយ​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ចិន ដែល​ដាក់​ក្រោម​ការ​ដឹកនាំ​របស់លោក Donald Trump ដែរ ឬ​យ៉ាង​ណា?​៕